ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រុមអាជីវករនិងកម្មករអូសរទេះផ្សាររុងក្លឿសុំតវ៉ា នៅប៉ោយប៉ែតដើម្បីចូលទៅមើលទំនិញរបស់ខ្លួន តែអាជ្ញាធរបដិសេធ

54

បន្ទាយមានជ័យ៖
រដ្ឋបាលខេត្តបន្ទាយមានជ័យ ចេញសេក្តីជូនដំណឹង បដិសេធមិនឱ្យសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា ប្រមូលផ្តុំធ្វើបាតុកម្មតវ៉ាដោយសន្តិវិធី នៅចំណុចច្រកទ្វារអន្តរជាតិប៉ោយប៉ែត ពាក់ព័ន្ធសំណើសុំជួយសម្រួលបងប្អូនអាជីវករកម្ពុជាទាំងអស់ក្នុងផ្សាររុងក្លឿស្រុកអារញ្ញប្រាថេតខេត្តស្រះកែវព្រះរាជាណាចក្រថៃបានចេញចូលទៅមើលតូបរបស់ខ្លួនក្នុងមួយលើកចំនួន 20 នាក់។

លោកអ៊ុំ រាត្រី អភិបាលខេត្ត បានថ្លែងថា ការគិតគូរ ការលំបាករកបងប្អូនអាជីវករទាំងអស់រដ្ឋបាលខេត្តក៏បានរកដំណោះស្រាយជូន ដោយបានធ្វើលិខិតផ្លូវការជាលើកទី២ ជូន ឯកឧត្តមអភិបាលខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ ស្តីពីការសម្រួលបងប្អូនអាជីវករផ្សាររុងក្លឿ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ បានចេញចូលទៅមើលតូបឥវ៉ាន់របស់ខ្លួនក្នុង មួយលើក ចំនួន ២០នាក់ ។

សូមបញ្ជាក់ថាលោកឌិនពុទ្ធីប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជាបានសរសេរលិខិតជម្រាបជូនដល់រដ្ឋបាលខេត្តបន្ទាយមានជ័យស្ដីពីការជូនដំណឹងអំពីការធ្វើបាតុកម្មដោយសន្តិវិធីនៅចំណុចច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតដែលនឹងចាប់ផ្ដើមពីថ្ងៃទី 1 ខែមិថុនាឆ្នាំ 2020 ដល់ថ្ងៃទី 20 មិថុនាឆ្នាំ 2020 ចាប់ពីម៉ោង 6 ព្រឹករហូតដល់ម៉ោង 6 ល្ងាចជារៀងរាល់ថ្ងៃ។

ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជាបានលើកឡើងថា ប្រជាពលរដ្ឋខ្មែរដែលជាអាជីវករអ្នកលក់ដូរទំនិញនៅក្នុងផ្សាររុងក្លឿ កម្មករអូសរទេះអ្នករត់ម៉ូតូឌុបអ្នករត់តាក់ស៊ីអ្នករត់ម៉ូតូកង់បីនិងអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ដែលរស់នៅក្នុងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យបានឯកភាពគ្នាជាឯកច្ឆន្ទនិងចូលរួមធ្វើបាតុកម្មដោយមានមនុស្សចូលរួមប្រមាណ 1500 នាក់ រទេះមួយរយគ្រឿងនិងឧឃោសនស័ព្ទចំនួន 1 គ្រឿង។

លោកថា
អាជីវករលក់ដូរទំនិញនៅផ្សាររុងក្លឿមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរបស់របររបស់ខ្លួនដែលមាននៅក្នុងតូបនីមួយៗដែលមានតម្លៃរាប់ម៉ឺនដុល្លារនោះខ្លះមានអីវ៉ាន់តម្លៃរហូតដល់រាប់សែនដុល្លារ។ អីវ៉ាន់ទាំងនោះពួកគាត់ទិញមកលក់មិនមែនសម្រាប់យកមកទុកក្នុងរយៈពេលយូរបាននោះទេដូច្នេះអីវ៉ាន់ត្រូវខូចគុណភាពហួសកាលបរិច្ឆេទមិនអាចប្រើប្រាស់ឬហូបចុកបាន។ អីវ៉ាន់ខ្លះទៀតត្រូវបានទឹកលិចពុកផុយកណ្ដុរឬសត្វល្អិតកាត់ខ្ទេចខ្ទីគ្មានសល់។ ទាំងនេះហើយដែលជាមូលហេតុធ្វើឲ្យពួកគាត់ខាតដើមទុនបាត់បង់ទ្រព្យធនយ៉ាងធ្ងន់ធ្ងរអាចធ្លាក់ខ្លួនទៅជាអ្នកជំពាក់បំណុលគេវ័ណ្ណក។

លោកបន្តថា
ខាងភាគីថៃមិនព្រមបើកច្រកអន្តរជាតិប៉ោយប៉ែតប៉ុន្តែមន្ត្រីសមត្ថកិច្ចនិងទាហានថៃនៅតាមច្រករបៀងនានាបានបើកឲ្យប្រជាពលរដ្ឋខ្មែរអាចចូលទៅប្រទេសថៃបានដោយបង់ប្រាក់ឲ្យពួកមន្ត្រីសមត្ថកិច្ចនិងទាហានថៃទាំងនោះយ៉ាងច្រើនសន្ធឹកសន្ធាប់បន្ទាប់មកពួកមន្ត្រីសមត្ថកិច្ចនឹងទាហានថៃទាំងនោះមិនបានធានាសុវត្ថិភាពជូនប្រជាពលរដ្ឋខ្មែរឡើយម្យ៉ាងទៀតប្រជាពលរដ្ឋខ្មែរទាំងនោះមិនត្រូវបានគេពិនិត្យសុខភាពឬពិនិត្យកំដៅក្នុងខ្លួនអ្វីទាំងអស់ដូច្នេះការចម្លងនិងការឆ្លងជំងឺកូវីដ១៩ អាចមានហានិភ័យខ្ពស់សម្រាប់ប្រជាពលរដ្ឋដែលបានធ្វើដំណើរឆ្លងកាត់តាមច្រករបៀងទាំងនោះ។

ការបើកច្រកទ្វារព្រំដែនអន្តរជាតិនានាជាដំណោះស្រាយល្អបំផុតសម្រាប់ប្រជាពលរដ្ឋខ្មែរនិងប្រជាពលរដ្ឋថៃពីព្រោះនៅតាមច្រកទ្វារអន្តរជាតិទាំងនោះតែងតែមានម៉ាស៊ីនស្កេនពិនិត្យកំដៅក្នុងខ្លួននោះម៉ាស៊ីនបាញ់អាល់កុល ឬថ្នាំសម្លាប់មេរោគនិងជួយកាត់បន្ថយការឆ្លងដែនដោយខុសច្បាប់នៅតាមច្រករបៀងនានា។

ក្នុងពេលកន្លងទៅឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យនិងលោកអភិបាលក្រុងប៉ោយប៉ែតពិតជាបានយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងប៉ោយប៉ែតក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសយ៉ាងពិតប្រាកដពីព្រោះឯកឧត្តមធ្លាប់បានស្នើឲ្យភាគីថៃបើកច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតខ្លងលឹកឡើងវិញដើម្បីឲ្យប្រជាពលរដ្ឋខ្មែរបានចេញចូលដោយស្របច្បាប់ក្នុងគោលបំណងជួយដល់ការដោះស្រាយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបានរស់នៅក្នុងជីវភាពដ៏សមរុំផងដែរ។

ពាក់ព័ន្ធសំណើសុំខាងលើរដ្ឋបាលខេត្តបន្ទាយមានជ័យមិនអនុញ្ញាតទេពីព្រោះបច្ចុប្បន្ននេះរាជរដ្ឋាភិបាលកំពុងមានវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅទូទាំងប្រទេសដែលជំងឺនេះនេះបាននិងកំពុងរីករាលដាលឥតឈប់ឈរស្ទើរគ្រប់ប្រទេសនៅលើពិភពលោក។

អភិបាលខេត្តបន្ទាយមានជ័យបានលើកឡើងថាកន្លងមករដ្ឋបាលខេត្តធ្លាប់បានអន្តរាគមន៍ទៅរដ្ឋបាលខេត្តស្រះកែវនៃប្រទេសថៃដើម្បីសុំឲ្យជួយសម្រួលមិនយកកម្រៃឈ្នួលពីបងប្អូនអាជីវករក្នុងសុំសម្រួលឱ្យបងប្អូនអាជីវករកម្ពុជាទាំងអស់នៅក្នុងផ្សាររុងក្លឿ បានចេញចូលទៅមើលតូបរបស់ខ្លួនក្នុងមួយលើក 20 នាក់រហូតដល់ស្ថានភាពវិលមកជាប្រក្រតីវិញក្នុងនោះភាគីថៃបានឆ្លើយតបថានឹងជួយសម្រួលមិនយកកម្រៃឈ្នួលពីបងប្អូនអាជីវករកម្ពុជាប៉ុន្តែចំពោះសំណើរសុំសម្រួលឱ្យបងប្អូនអាជីវករកម្ពុជាទាំងអស់ក្នុងផ្សាររុងក្លឿចេញចូលទៅមើលទៅព្របស់ខ្លួនក្នុងមួយលើក 20 នាក់ភាគីថៃ មិនឯកភាពនោះទេ។ ម្យ៉ាងទៀតរដ្ឋបាលខេត្តស្នើឲ្យលោកឌិនពុទ្ធីប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជាត្រូវធ្វើសកម្មភាពស្របតាមច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល លិខិតបទដ្ឋានគតិយុត្តនានាជាធរមាននិងលក្ខន្តិកៈរបស់ខ្លួនដូចបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ៕

អត្ថបទដែលជាប់ទាក់ទង