ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រើប្រាស់ទិន្នន័យគ្រប់គ្រងបទល្មើសព្រហ្មទណ្ឌ(e-Crime) ជាទូដាក់ឯកសារតាមបែបឌីជីថល ដែលអាចស្វែងរកទិន្នន័យបទល្មើស បានងាយស្រួលឆាប់រហ័ស

107

 

ភ្នំពេញ៖ សៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ
បានដឹកនាំកិច្ចប្រជុំឆ្លងយោបល់បំពេញបន្ថែមលើកម្មវិធីគ្រប់គ្រងទិន្នន័យបទល្មើសព្រហ្មទណ្ឌ (e-Crime)
របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន ឯកឧត្តម អគ្គស្នងការរងទទួលផែននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ចំនួន០២រូប
ថ្នាក់ដឹកនាំនាយកដ្ឋាន អង្គភាព មន្ទីរចំណុះ ថ្នាក់ដឹកនាំនាយកដ្ឋានសរុប-ផែនការ និងនាយកដ្ឋានរដ្ឋបាលទូទៅ រួមទាំងនាយ នាយរង
មន្ត្រីនគរបាលជំនាញចំនួន៤៩នាក់។

ក្នុងឱកាសនោះ ឯកឧត្តមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានលើកឡើងថា
ដោយពិនិត្យឃើញការរីកចម្រើននៃបច្ចេកវិទ្យាព័ត៌មានវិទ្យា និងភាពពេញនិយមក្នុងការប្រើប្រាស់មានលក្ខណៈជាសកល
និងដោយផ្អែកតាមផែនការយុទ្ធសាស្ត្ររបស់ក្រសួងមហាផ្ទៃ ក៏ដូចជាផែនការយុទ្ធសាស្ត្ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ
និងដោយអនុវត្តតាមការចង្អុលដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ
បានជម្រុញឲ្យនាយកដ្ឋាន-អង្គភាពចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាជាជំនួយក្នុងការគ្រប់គ្រងប្រតិបត្តិ
ការជំនាញ។

ក្នុងនោះដែរ ឧត្តមសេនីយ៍ទោ ឈាង ភារិទ្ធ អនុប្រធាននាយកដ្ឋានរដ្ឋបាលទូទៅ ទទួលការងារព័ត៌មានវិទ្យា បានធ្វើសេចក្តីរាយការណ៍
អំពីសារប្រយោជន៍ នៃការប្រើប្រាស់ទិន្នន័យគ្រប់គ្រងបទល្មើសព្រហ្មទណ្ឌ បូករួមជាមួយការធ្វើបទបង្ហាញលម្អិត
របស់ក្រុមការងារបច្ចេកទេស ដើម្បីដាក់ជូនអង្គប្រជុំចូលរួមយោបល់កែតម្រូវ កែលម្អ
ដើម្បីឲ្យប្រព័ន្ធនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ។

ក្នុងឱកាសនោះ ឯកឧត្តមឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា អគ្គស្នងការរងទទួលផែនយុត្តិធម៌បានសាទរ និងចាត់ទុកថា
កម្មវិធីគ្រប់គ្រងទិន្នន័យបទល្មើសព្រហ្មទណ្ឌជានវានុវត្តន៍ថ្មីក្នុងកងកម្លាំងនគរបាលជាតិ និងសូមគាំទ្រទាំងស្រុង
ហើយការងារនេះគឺជាការចង់បានរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ
ដោយឡែកឯកឧត្តម បានបន្ថែមទៀតថា ស្នើសុំឲ្យក្រុមបច្ចេកទេសរៀបចំកម្មវិធីជួបផ្ទាល់ជាមួយនាយកដ្ឋានជំនាញ
ពិសេសគឺនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងនាយកដ្ឋានសរុប-ផែនការ ដើម្បីទទួលយកការចូលរួមយោបល់លម្អិតក្នុងការកែតម្រូវ
និងកែលម្អឲ្យប្រព័ន្ធនេះមានភាពទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ មុនដាក់ឆ្លងពិនិត្យសម្រេចពីថ្នាក់ដឹកនាំ។ ក្នុងឱកាសនោះដែរ
ថ្នាក់ដឹកនាំនាយកដ្ឋាន-អង្គភាពពាក់ព័ន្ធ និងអង្គប្រជុំបានចូលរួមមតិមួយចំនួនដើម្បីធាតុចូលបន្ថែមទៀតដើម្បីឲ្យប្រព័ន្ធនេះប្រសើរឡើង។

ជាទីបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿនអគ្គស្នងការរងនគរបាលជាតិបានសង្កត់ធ្ងន់ថា ប្រព័ន្ធនេះ
គឺជាទូដាក់ឯកសារតាមបែបឌីជីថល ដែលអាចស្វែងរកទិន្នន័យបទល្មើសបានងាយស្រួលឆាប់រហ័ស ទាន់ចិត្តតាមកុំព្យូទ័រ និងទូរស័ព្ទដៃ
Smartphone ប៉ុន្តែមានទិន្នន័យក្នុងទូ ឬ អត់ វាអាស្រ័យទៅលើមនុស្សជាអ្នកបញ្ចូល។

ដោយឡែក ឯកឧត្តមបានស្នើឲ្យក្រុមការងារបច្ចេកទេសត្រូវពិនិត្យវិសាលភាពប្រើប្រាស់ដល់បណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងប្រទេស
ព្រោះប៉ុស្តិ៍នគរបាលជាម្ចាស់ករណី ប៉ុន្តែគ្រប់ប្រតិបត្តិការត្រូវស្ថិតនៅក្រោមការគ្រប់គ្រងតាមឋានានុក្រមការងារ
ហើយបន្ទាប់ពីប្រព័ន្ធបានរៀបចំរួចរាល់ជាស្ថាពរ ត្រូវរៀបចំវគ្គបណ្តុះបណ្តាលជូនដល់មន្ត្រីពាក់ព័ន្ធ
ពិសេសគួរបណ្តុះបណ្តាលមន្ត្រីជំនាញបង្គោលសម្រាប់បណ្តុះបណ្តាលតាមអង្គភាពជំនាញរបស់ខ្លួន ក្នុងនោះ
ឯកឧត្កមសូមឲ្យក្រុមការងារបង្កើត Group ទំនាក់ទំនងផ្តល់ព័ត៌មានទៅវិញទៅមក ដើម្បីបង្កភាពងាយស្រួល
ក្នុងការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងបច្ចេកទេស។

ក្នុងនាមឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគបាលជាតិ និងក្នុងនាមឯកឧត្តមផ្ទាល់ពិតជាគាំទ្រទាំងស្រុង
លើការងារនេះ និងសូមថ្លែងអំណរគុណ និងជូនពរដល់ក្រុមការងារសូមឱ្យទទួលបានជោគជ័យបន្តទៀត
ក្នុងភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ឱ្យ៕

អត្ថបទដែលជាប់ទាក់ទង