ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋាភិបាលកូរ៉េដាក់ចេញនូវវិធាន ការណ៍ថ្មីសម្រាប់ជនបរទេសដែលកាន់ទិដ្ឋាការស្នាក់នៅរយៈពេលយូរ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺCovid-19

49

កូរ៉េខាងត្បូង៖  ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 រដ្ឋាភិបាលកូរ៉េបានសម្រេចដាក់ចេញនូវវិធានការណ៍ថ្មីមួយទៀតសម្រាប់ជនបរទេសដែលកាន់ទិដ្ឋាការស្នាក់នៅរយៈពេលយូរ  ហើយវិធានការណ៍នេះ នឹងចូលជាធរមាន នៅថ្ងៃទី ០១ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ០០និង០០ នាទី។

  នេះបើយោងសេចក្តីជូនដំណឹងរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ដែលសារព័ត៌មានយើងទទួលបាននៅរសៀលថ្ងៃទី២៦ឧសភានេះ ដែលក្នុងសេចក្តីជូនដំណឹងនេះមានន័យថា៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 រដ្ឋាភិបាលកូរ៉េបានសម្រេចសម្រេចដាក់ចេញនូវវិធានការណ៍ថ្មីសម្រាប់ជនបរទេសដែលកាន់ទិដ្ឋាការស្នាក់នៅរយៈពេលយូរ  ហើយវិធានការណ៍នេះ នឹងចូលជាធរមាន នៅថ្ងៃទី ០១ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ០០:០០ នាទី។

ជនបរទេសទាំងអស់ដែលស្នាក់នៅកូរ៉េរយៈពេលយូរ លើកលែងជនបរទេសដែលជាមន្រ្តីការទូតកាន់ទិដ្ឋាការ A-1 មន្រ្តីរដ្ឋាភិបាលដែលកាន់ទិដ្ឋាការ A-2  ជនបរទេសដែលកាន់ទិដ្ឋាការ A-3 (Treaties) និងពលរដ្ឋកូរ៉េនៅបរទេសដែលកាន់ទិដ្ឋាការ F-4  តម្រូវឱ្យស្នើសុំលិខិតបញ្ជាក់អនុញ្ញាតឱ្យចូលកូរ៉េជាថ្មីម្តងទៀត (Re-Entry Permit) នៅការិយាល័យអន្តោប្រវេសន៍ មុននឹងធ្វើដំណើរចេញពីកូរ៉េ ប្រសិនបើអ្នកទាំងនោះចង់រក្សាសិទ្ធិស្នាក់នៅ និងរយៈពេលស្នាក់នៅ។ ការចាកចេញពីកូរ៉េដោយពុំមានបញ្ជាក់ Re-Entry Permit មានន័យស្មើនឹងការលុបចោលប័ណ្ណស្នាក់នៅ(Alien Registration)

ជនបរទេសទាំងឡាយដែលទទួលបាននូវ Re-Entry Permit  និងមានបំណងធ្វើដំណើរចូលកូរ៉េវិញ ត្រូវទៅពិនិត្យសុខភាព (មិនមែនពិនិត្យរកជំងឺកូវីដ១៩ ទេ) យ៉ាងតិច ៤៨ ម៉ោង មុនពេលចេញដំណើរទៅកូរ៉េ និងត្រូវបង្ហាញលិខិតបញ្ជាក់សុខភាពខាងលើ (ភាសាអង់គ្លេស ឬភាសាកូរ៉េ) ជាលាយលក្ខអក្សរនូវរោគវិនិច្ឆ័យ (written diagnosis) ដូចជា គ្រុនក្តៅ ក្អក ឈឺក្បាល ពិបាកដកដង្ហើម ឈឺសាច់ដុំ ឬរោគសញ្ញាផ្លូវដង្ហើម ជាដើម ដល់ភ្នាក់ងារ ឬប្រតិបត្តិករដឹកជញ្ជូន (transport operator) និងមន្រ្តីអន្តោប្រវេសន៍ក្នុងករណីមានការស្នើសុំ។

ផ្ទុយទៅវិញ ក្នុងករណីជនបរទេសទាំងឡាយណាដែលមានវិញ្ញាបនប័ត្រលើកលែងការធ្វើចត្តាឡីស័ក (Isolation Exemption Certificate) ដែលចេញដោយស្ថានទូត ឬស្ថានកុងស៊ុលកូរ៉េប្រចាំនៅបរទេស  អ្នកទាំងនោះពុំចាំបាច់ទៅពិនិត្យសុខភាពដើម្បីធ្វើរោគវិនិច្ឆ័យនោះឡើយ។

បញ្ជាក់៖ សម្រាប់ជនបរទេសទាំងឡាយណាដែលបានចាកចេញពីកូរ៉េ មុនវិធានការណ៍ខាងលើចូលជាធរមាន (ថ្ងៃទី០១ មិថុនា ២០២០) និងមានបំណងត្រលប់ចូលកូរ៉េវិញ ពុំចាំបាច់ទៅពិនិត្យសុខភាព ដូចមានកំណត់ក្នុងចំណុចទី ឡើយ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់ ជ្រាប និងចូលរួមគោរព អនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕

 

      ​​​​​   

អត្ថបទដែលជាប់ទាក់ទង