ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តំណែងអភិបាលខេត្ដកែបលោកសោម ពិសិដ្ឋៈ ត្រូវបានប្រកាសថ្ងៃនេះ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង

56

កែប៖ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង ឧបកនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់ មុខតំណែងអភិបាល អភិបាលរងខេត្តកែប នៅសាលប្រជុំធំសាលាខេត្តកែប ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីអស់លោកជាប្រតិភូអមដំណើរមកពីបណ្តាក្រសួងនានា សមាជិកព្រឹទ្ធសភា និងអភិបាលខេត្តជាប់សមុទ្រ ប្រធានក្រុមប្រឹក្សាខេត្ដ អភិបាលរងខេត្ត អាជ្ញាធរក្រុង ស្រុង មន្ទីរអង្គភាពក្នុងខេត្ត ព្រមទាំងមន្រ្តីចំណុះរដ្ឋបាលខេត្ត។
យោងតាមព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានត្រាស់បង្គាប់តែងតាំង លោក សោម ពិសិដ្ឋៈ អតីតអភិបាលរងខេត្តកែប ជាអភិបាល នៃគណៈអភិបាលខេត្តកែប ជំនួស​ លោក កែន សត្ថា អភិបាលខេត្តកែប ត្រូវបានចប់អាណត្តិក្នុងរយៈពេល៨ឆ្នាំពេញ តាមប្បញ្ញត្តិច្បាប់កំណត់ និងត្រូវតែងតាំងជារដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តី។ ដោយឡែក លោក វ៉ៅ សុខា អតីតប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សុរិយោដី និងសំណង់ ត្រូវបានប្រមុខរាជរដ្ឋាភិបាល ប្រកាសតែងតាំងជាអភិបាលរង នៃគណអភិបាលខេត្តកែប។
ថ្លែងក្នុងពីធីប្រកាសចូលកាន់តំណែងនេះ សម្តេចក្រឡាហោម ស ខេង បានថ្លែងថា ក្នុងនាមជាថ្នាក់ដឹកនាំខេត្ត ត្រូវតែប្រឹងប្រែងអភិវឌ្ឍន៍ខេត្តអោយល្អ និត្រូវគិតគូរពីបញ្ហាមួយចំនួនដូចជា៖ទប់ស្កាត់ និងបង្ការការរីករាលដាល នៃជំងឺកូវីដ១៩ ឲ្យបានល្អតាមរយៈកាផ្សព្វផ្សាយវិធានការរបស់ក្រសួងសុខាភិបាល។
ត្រូវពិនិត្យ និងដោះស្រាយរាល់ជំលោះ តម្រូវការរបស់ប្រជាពលរដ្ឋអោយបានត្រឹមត្រូវនិងច្បាស់លាស់ និងដោយសន្តិវិធី ទប់ស្កាត់ និងបង្រ្កាបអោយបានបញ្ហាគ្រឿងញៀន។
ត្រូវជម្រុញការរៀបចំ និងតាមដានការអនុវត្តន៍ផែនការអភិវឌ្ឍន៍ កម្មវិធីវិនិយោគ និងផែនការសកម្មភាពរបស់ឃុំសង្កាត់ ក្រុង ស្រុក និងខេត្តឲ្យបានល្អ។
ជាចុងក្រោយ សម្តេចក្រឡាហោម បានសូម ណូមពរក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងទាំងបី អាជ្ញាធរគ្រប់ជាន់ថ្នាក់ ផ្តល់នូវការគាំទ្រ និងមានកិច្ចសហការល្អជាមួយគ្នា ដើម្បីដឹកនាំ និងកសាងខេត្ត ឲ្យទទួលបានជោគជ័យបន្ថែមទៀត៕ ស.រ.ត

 

អត្ថបទដែលជាប់ទាក់ទង