ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រកឃើញ ករណីវិជ្ជមានកូវីដ១៩ ចំនួន១ករណីទៀតនិងអ្នកជំងឺ១នាក់ជាសះស្បើយ

101

(ភ្នំពេញ)ក្រសួងសុខាភិបាលបានប្រកាសថាបានរកឃើញករណីវិជ្ជមានកូវីដ១៩លើបុរសជនជាតិខ្មែរម្នាក់ដែលទើបត្រឡប់មកពីចូលរួមសិក្សាសាសនានៅប្រទេសថៃថ្ងៃនេះដែរមានអ្នកជំងឺកូវីដ១៩ម្នាក់បានជាសះស្បើយថែមទៀត។

នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី៣០ខែឧសភាឆ្នាំ២០២០នេះថាករណីវិជ្ជមានថ្មីនេះត្រូវបានរកឃើញនៅលើខ្លួនបុរសជនជាតិខ្មែរអាយុ២៦ឆ្នាំរស់នៅភូមិរកាពរ៥ឃុំរកាពរ៥ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំដែលបានទៅចូលរួមសិក្សាសាសនាមួយនៅសាលាមួយនៃខេត្តយ៉ាឡាក្នុងប្រទេសថៃហើយបានវិលត្រឡប់មកពីប្រទេសថៃវិញដោយបានធ្វើដំណើរតាមរថយន្តទេសចរណ៍១២កៅអី(មានតែក្រុមគាត់១០នាក់និងអ្នកបើកបរ) រហូតមកដល់ច្រកចូលអូរបីជាន់រួចបានឆ្លងចូលមកកម្ពុជានៅថ្ងៃទី២៨ខែឧសភាឆ្នាំ២០២០។បុរសរូបនេះត្រូវបានក្រុមគ្រូពេទ្យយកវត្ថុសំណាករបស់គាត់ទៅវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាដោយទទួលបានលទ្ធផលវិជ្ជមានវីរុសកូវីដ១៩នៅថ្ងៃទី២៩ខែឧសភាឆ្នាំ២០២០។បច្ចុប្បន្នបុរសខាងលើរូបនេះត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជាជប៉ុនមង្គលបុរីខេត្តបន្ទាយមានជ័យនៅថ្ងៃដដែលនេះរួចហើយដែរ។ចំណែកបុរស០៨នាក់ផ្សេងទៀតមានតេស្តអវិជ្ជមានកំពុងដាក់បន្តធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃនៅមណ្ឌលធ្វើចត្តាឡីស័ករបស់ខេត្ត។រីឯបុរសម្នាក់ទៀតកំពុងរង់ចាំយកវត្ថុសំណាកទៅធ្វើការវិភាគនៅវិទ្យាស្ថានប៉ាស្ទ័របញ្ជាក់ឡើងវិញហើយរូបគាត់ត្រូវបានដាក់ឱ្យនៅតាមដាននៅក្នុងមន្ទីរពេទ្យខេត្តបន្ទាយមានជ័យនាពេលបច្ចុប្បន្ននេះ។

ដោយឡែកករណីជាសះស្បើយវិញគឺស្ត្រីជនជាតិខ្មែរអាយុ៣៩ឆ្នាំមានទីលំនៅនៅសង្កាត់ទឹកថ្លារាជធានីភ្នំពេញដែលបានវិលត្រឡប់មកពីសហរដ្ឋអាមេរិក។រូបគាត់ទទួលបានលទ្ធផលតេស្តអវិជ្ជមានចំនួន០២លើកហើយត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតនៅថ្ងៃទី២៩ខែឧសភាឆ្នាំ២០២០រួចហើយ។

សូមបញ្ជាក់ថារហូតមកដល់ពេលនេះកម្ពុជាបានរកឃើញករណីកូវីដ១៩ចំនួន១២៥ករណីហើយដែលក្នុងនោះ១២៣នាក់ត្រូវបានព្យាបាលជាសះស្បើយនិង២នាក់(បូកទាំងករណីថ្មីនេះ) កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានឲ្យដឹងថារកឃេីញ១ករណីថ្មីនិងជាសះស្បេីយ១នាក់

រហូតដល់ម៉ោង:១០ព្រឹកថ្ងៃទី៣០ឧសភា២០២០យេីងរកឃេីញជំងឺកូវីដ១៩មួយករណីថ្មីទៀត  (នាំចូលពីក្រៅប្រទេស) ចំនួនសរុបកូវីដ១៩កេីន១២៥នាក់  ចំនួនសម្រាកពេទ្យ២នាក់ជាសះស្បេីយហេីយចំនួន១២៣នាក់និងស្លាប់គ្មានជំងឺកូវីដ១៩នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ចសូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ចដោយធ្វេីអនាម័យនៅឃ្លាតឆ្ងាយពីគ្នាមិនចេញក្រៅផ្ទះបេីមិនចាំបាច់ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ដ៏ខ្លាំងក្លានៅឡេីយយេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀតដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ពិធីជប់លៀងការចាក់ធុងបាសរាំ  ល។យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀតដូចជាអង្គុយគម្លាតពីគ្នាឈររងចាំគម្លាតពីគ្នាឈរជជែកគ្នាគម្លាតពីគ្នាល។  សូមបញ្ជាក់ថាប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី២៧មករា២០២០

ក្រសួងសុខា ភិបាលបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនដល់ថ្នាក់ដឹកនាំមន្ត្រីបុគ្គលិកសុខាភិបាលនិងក្រុមគ្រូពេទ្យទាំងអស់នៅទូទាំងប្រទេសស្ថាប័ននិងអាជ្ញាធរពាក់ព័ន្ធទាំងអស់ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិអង្គការសុខភាពពិភពលោកមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺសហរដ្ឋអាម៉េរិកនិងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាដែលបានខិតខំបំពេញភារកិច្ចបានល្អប្រសើរបំផុតក្នុងការជួយពិនិត្យសុខភាពនិងស្រាវជ្រាវរកករណីកូវីដ១៩ព្រមទាំងអ្នកប៉ះពាល់ទាំងអស់កន្លងមករួមទាំងការដាក់វិធានការនានាដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ១៩នៅក្នុងប្រទេសកម្ពុជា។

 

អត្ថបទដែលជាប់ទាក់ទង