ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជប៉ុន ផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណងប្រមាណ ៤១,៤ លាន​ដុល្លារ​សម្រាប់​អនុវត្ត​គម្រោង​ចំនួន​បី​នៅ​កម្ពុជា​

61

 

​ភ្នំពេញ​៖ ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន បាន​ថ្លែងថា ដោយសារ​មានការ​ចូលរួមចំណែក​មួយផ្នែកធំ​ពី​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​របស់​ជប៉ុន ទើប​កម្ពុជា​បាន​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​របស់ខ្លួន​ប្រកបដោយ​ជោគជ័យ ហើយ​បច្ចុប្បន្ន​បាន​ឈានដល់​ដំណាក់កាល​ទី​៤ និង​បាន​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា សម្រេចបាន​ជាង​៧% ជា​រៀងរាល់ឆ្នាំ ក្នុង​រយៈពេល​២១​ឆ្នាំ ចុងក្រោយ​នេះ​។​

​នៅ​រសៀល​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២០ ឯកឧត្ដម​ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ឯកឧត្ដម មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​អញ្ជើញ​ចុះហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ​ស្ដីពី​ការផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ជប៉ុន ដែលមាន​ទឹកប្រាក់​សរុប​ចំនួន ៤.៥០១ លាន​យ៉េន (​ប្រមាណ ៤១,៤ លាន​ដុល្លារ​អាមេរិក​) សម្រាប់​អនុវត្ត​គម្រោង​ចំនួន​បី​នៅ​កម្ពុជា​។​

​ក្នុង​ពិធី​ចុះហត្ថលេខា​នោះ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​មានប្រសាសន៍ថា ហិរញ្ញប្បទាន ឥត​សំណង​ដែលមាន​ទឹកប្រាក់​ប្រមាណ ៤១,៤​លាន​ដុល្លារ ដែល​ផ្ដល់​ដោយ​រដ្ឋាភិបាល​ជប៉ុន ដល់​រាជរដ្ឋាភិបាល​កម្ពុជា គឺ​សម្រាប់​អនុវត្ត​គម្រោង​ចំនួន ៣​ដូចជា​៖

១.​ទឹកប្រាក់​ចំនួន ៣៤៨ លាន​យ៉េន ប្រមាណ ៣,២ លាន ដុល្លារ​អាមេរិក សម្រាប់​គម្រោង​អភិវឌ្ឍ​ធនធានមនុស្ស តាមរយៈ​កម្មវិធី​អាហារូបករណ៍ សម្រាប់​មន្ត្រី​កម្ពុជា​វ័យក្មេង ដែលមាន​ទេពកោសល្យ ដើម្បី​បន្ត​ការសិក្សា​ថ្នាក់អនុបណ្ឌិត និង​បណ្ឌិត​នៅ​ប្រទេស​ជប៉ុន​។​

២.​ទឹកប្រាក់​ចំនួន ២.១៥៣ លាន​យ៉េន ប្រមាណ ១៩,៨ លាន​ដុល្លារ​អាមេរិក សម្រាប់​ការធ្វើឱ្យ​ប្រសើរឡើង នៃ​មណ្ឌល​សុខភាព សម្ភារៈ​វេជ្ជសាស្ត្រ និង​សេវា​ថែទាំ​សុខភាព នៅតាម​មន្ទីរពេទ្យបង្អែក​ក្នុង​ខេត្តសៀមរាប​។​

៣.​ទឹកប្រាក់​ចំនួន ២.០០០ លាន​យ៉េន ប្រមាណ ១៨,៤​លាន​ដុល្លារ​អាមេរិក សម្រាប់​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម តាមរយៈ​ការផ្តល់​សម្ភារៈ​វេជ្ជសាស្ត្រ សម្រាប់​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ នៅ​ប្រទេស​កម្ពុជា​។​

​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី បាន​រំលឹក​ឡើងវិញ​ថា កាលពី​ថ្ងៃទី​២៤ ខែមីនា ឆ្នាំនេះ រដ្ឋាភិបាល​ជប៉ុន បានផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង និង​ឥណទាន​សម្បទាន សរុប​ចំនួន ៣៤.១៣៨ លាន​យ៉េន (​ប្រមាណ ៣១០​លាន​ដុល្លារ​អាមេរិក​) សម្រាប់ (​ក​) ពង្រីក​ការផ្គត់ផ្គង់​ទឹក​នៅ​ក្រុង​តាខ្មៅ (​ខ​) ការ​បោសសំអាត​មីន និង​ជំនួយ​សម្រាប់​ជនរងគ្រោះ​ដោយសារ​គ្រាប់មីន (​គ​) កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​សង្គម និង (​ឃ​) ការធ្វើ​ឲ្យ​ប្រសើរឡើង​នៃ​ផ្លូវជាតិ​លេខ​៥​។​

​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី​បន្ថែមថា ខណៈដែល​ប្រទេស​នៅ​ជុំវិញ​ពិភពលោក រួមទាំង​ជប៉ុន​ផង កំពុង​ប្រឈម​នឹង​ការលំបាក​ខ្លាំង​ផ្នែក​សេដ្ឋកិច្ច និង​ភាពមិនប្រាកដប្រជា ដោយសារ​ឥទ្ធិពល​នៃ​ជំងឺ​រាតត្បាត​កូ​វីដ​១៩ រដ្ឋាភិបាល​ជប៉ុន នៅតែ​បន្ត​ប្តេជ្ញាចិត្ត​គាំទ្រ ដល់​ការអភិវឌ្ឍ​រយៈពេល​វែង​របស់​កម្ពុជា​។​

​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា ជំនួយ​ដែល​បាន​ចុះហត្ថលេខា​នៅថ្ងៃនេះ នឹងធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​សុខុមាលភាព និង​គុណភាព​ផ្នែក​ធនធានមនុស្ស​របស់​យើង ដើម្បី​ឈានទៅ​សម្រេចបាន​ពិពិធ​កម្ម​សេដ្ឋកិច្ច និង​សេចក្តីប្រាថ្នា​របស់​យើង ក្នុងការ​ប្រែក្លាយ​កម្ពុជា​ទៅជា​ប្រទេស ដែលមាន​ចំណូល មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០​។​

​ក្នុងនាម​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា លោក​ឧបនាយករដ្ឋមន្ត្រី​ក៏បាន ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ដែល​បានផ្តល់​កញ្ចប់​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ (ODA) ថ្មីៗ​ទាំងនេះ បន្ថែម​លើ​ជំនួយ​សប្បុរសធម៌ ដែល​បានផ្តល់​មក​ប្រទេស​កម្ពុជា តាំងពីដើម​ទសវត្សរ៍​ឆ្នាំ​១៩៩០ មក​។ ដោយសារ​មានការ​ចូលរួមចំណែក មួយផ្នែកធំ​ពី​ជំនួយ អភិវឌ្ឍន៍​ផ្លូវការ​របស់​ជប៉ុន ទើប​កម្ពុជា​បាន​អនុវត្ត​យុទ្ធសាស្ត្រ ចតុកោណ​របស់ខ្លួន ប្រកបដោយ​ជោគជ័យ ហើយ​បច្ចុប្បន្ន​បាន​ឈាន ដល់​ដំណាក់កាល​ទី​៤ និង​បាន​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា សម្រេចបាន​ជាង ៧% ជា​រៀងរាល់ឆ្នាំ ក្នុង​រយៈពេល​២១​ឆ្នាំ ចុងក្រោយ​នេះ​។ យើងខ្ញុំ​សង្ឃឹមថា កម្ពុជា នឹងមាន​សន្ទុះ​រឹងមាំ និង​ងើប​ឡើងវិញ​យ៉ាង​ឆាប់រហ័ស ពី​ផលប៉ះពាល់​នៃ​វិបត្ដិ​ជំងឺ កូ​វីដ​-១៩​។​

​បើតាម​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ខណៈដែល​ប្រទេស​នៅ​ជុំវិញ​ពិភពលោក រួមទាំង​ជប៉ុន​ផង កំពុង​ប្រឈម​នឹង​ការលំបាក​ខ្លាំង ផ្នែក​សេដ្ឋកិច្ច​និង​ភាពមិនប្រាកដប្រជា ដោយសារ​ឥទ្ធិពល​នៃ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ រដ្ឋាភិបាល​ជប៉ុន​នៅតែ​បន្ត​ប្តេជ្ញាចិត្ត​គាំទ្រ​ដល់​ការអភិវឌ្ឍ​រយៈពេល​វែង​របស់​កម្ពុជា​។ ឯកឧត្តម​ថ្លែងថា ជំនួយ​ដែល​បាន​ចុះហត្ថលេខា នៅថ្ងៃនេះ នឹងធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​សុខុមាលភាព និង​គុណភាព​ផ្នែក​ធនធានមនុស្ស​របស់​យើង ដើម្បី​ឈានទៅ​សម្រេចបាន​ពិពិធ​កម្ម​សេដ្ឋកិច្ច និង​សេចក្តីប្រាថ្នា​របស់​យើង ក្នុងការ​ប្រែក្លាយ​កម្ពុជា​ទៅជា​ប្រទេស ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០​។​

​ឯកឧត្តម​បាន​ថ្លែងអំណរគុណ លោក​ឯកអគ្គរាជទូត មិ​កា​មិ និង​ក្រុមការងារ​របស់លោក​នៅ​កម្ពុជា សម្រាប់​ការគាំទ្រ និង​ខិតខំ​ប្រឹងប្រែង​យ៉ាងសកម្ម ក្នុងការ​លើកកម្ពស់​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ រវាង​ប្រទេស​ជប៉ុន និង​កម្ពុជា​។​

​ក្នុងឱកាស​នោះ​ឯកឧត្តម មិ​កា​មិ បាន​ថ្លែងថា នាពេល​បច្ចុប្បន្ននេះ​ពិភពលោក​កំពុង​ប្រឈមមុខ​នឹង​ការគំរាមកំហែង ដែល​មិន​ធ្លាប់មាន​ពីមុន​នៃ​ជំងឺ​កូ​វីដ​១៩ ហើយ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ មាន​សារៈសំខាន់​មិនអាច​ខ្វះ​បាន​។ វីរុស​ឆ្លង​នេះ ក៏​ជាការ​គំរាមកំហែង​ដល់​អាយុជីវិត​មនុស្ស និង​សេចក្ដីថ្លៃថ្នូរ​របស់​បុគ្គ​ល​ម្នាក់ៗ ដែល​ជះឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ចសង្គម​។​

​លោក​បន្តថា យើង​ត្រូវតែទទួលស្គាល់​ស្ថានភាព​នេះ​ថា​ជា​វិបត្តិ​សន្តិសុខ​មនុស្ស​។ ដើម្បី​ឆ្លើយតប​ទៅនឹង​វិបត្តិ​នេះ យើង​មិនអាច​ខ្វះ​បានទេ​ក្នុងការ​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល ដើម្បី​ទប់ទល់​នឹង​ជំងឺឆ្លង​ពី​ទស្សនវិស័យ រយៈពេល​មធ្យម​ទៅ​វែង ក៏ដូចជា​ការចាត់វិធានកា​រ​ដើម្បី​ការពារ​អាយុជីវិត និង​កាត់បន្ថយ​ផលប៉ះពាល់​សេដ្ឋកិច្ចសង្គម​។ ជាពិសេស គឺ​ចាំបាច់ ត្រូវមាន​ការឆ្លើយតប​ដោយ​ផ្អែកលើ​គំនិត នៃ​សន្តិសុខ​មនុស្ស ដោយ​ផ្តោតលើ​ការការពារ និង​ការផ្តល់​សិទ្ធិអំណាច​ដល់​មនុស្សម្នា​ក់ៗ ដើម្បី​យើង​អាច​ធានាបាន​ថា គ្មាន​នរណាម្នាក់​រួមទាំង​មនុស្ស ដែល​ងាយ​រងគ្រោះ​បំផុត​ត្រូវបាន​ទុកចោល​។​

​ឯកឧត្តម​ឯកអគ្គរាជទូត​បាន​ថ្លែងថា រហូតមកដល់​សព្វថ្ងៃ​នេះ ប្រទេស​ជប៉ុន​បាន​ដឹកនាំ​កិច្ចខិតខំ​ប្រឹងប្រែង​អន្តរជាតិ ដើម្បី​សម្រេច​ឱ្យបាន​នូវ​ការធានារ៉ាប់រង​សុខភាព​សកល​។ ដោយ​ពិចារណា​ថា ជំងឺ​កូ​វីដ​១៩ កំពុង​ប៉ះពាល់​ដល់​បណ្ដា​ប្រទេស ដែល​ប្រព័ន្ធ​សុខាភិបាល​នូវមាន​ភាពទន់ខ្សោយ លោក​បានបញ្ជាក់​ជាថ្មី​ម្ដងទៀត ពី​សារៈសំខាន់​នៃ​ការពង្រឹង​ប្រព័ន្ធ​សុខាភិបាល នៅ​គ្រប់​ប្រទេស​ទាំងអស់ មិន​ត្រឹមតែ​វិធានការ​រោគសញ្ញា​ប៉ុណ្ណោះ​ទេ​។ ការប្តេជ្ញាចិត្ត​របស់​ជ​ប៉ុន គឺ​ផ្អែកលើ​គំនិត​នេះ និង​តម្រូវការ​របស់​ប្រទេស​កម្ពុជា​។​

​ឯកឧត្តម​បន្ថែមថា នៅក្នុង​សកលភាវូបនីយកម្ម​នា​ពេលបច្ចុប្បន្ន​នេះ សហគមន៍​អន្តរជាតិ​ទាំងមូល​ត្រូវតែ​ធ្វើការ​រួមគ្នា​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​។ ទន្ទឹមនឹង ការកោតសរសើរ​យ៉ាង​ខ្លាំង​ចំពោះ​ការខិតខំ​ប្រឹងប្រែង របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​គ្រប់គ្រង​ស្ថានការណ៍​លំបាក​នេះ​បាន​យ៉ាង​ល្អ ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា យើង​នឹង​អាច​បន្ត​សហប្រតិបត្តិកា​រ ដើម្បី​ជម្នះ​រាល់​ឧបសគ្គ​រួម​របស់​យើង​នាពេលខាងមុខ​។ ខ្ញុំ​សន្យាថា​ជប៉ុន​នឹង​បន្ត​ឆ្ពោះទៅមុខ ដោយ​សហការ​ជាមួយ​កម្ពុជា​៕​

អត្ថបទដែលជាប់ទាក់ទង