ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​សម្តេចសាទរចំពោះការនាំ​ផ្លែស្វាយ ចេញទៅ​ប្រទេស​ចិន នឹង​ផ្តល់​ការងារ និង​ប្រាក់ចំណូល កាន់តែច្រើន សម្រាប់​ប្រជាពលរដ្ឋ​

96

 

​ភ្នំពេញ​៖ បើតាម​ការផ្សាយ​ព័ត៌មាន​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក Samdech Hun Sen, Cambodian Prime Minister​នៅ​ថ្ងៃទី​៩​ខែមិថុនា​ឆ្នាំ​២០២០​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែងថា “​ខ្ញុំ​សូម​អបអរសាទរ និង​កោតសរសើរ ចំពោះ​ការខិតខំ​របស់​ក្រសួងកសិកម្ម ក្នុង​ការបើក​ទីផ្សារ​ស្វាយ​ស្រស់​កម្ពុជា ទៅកាន់​ប្រទេស​ចិន ដែល​នៅ​ថ្ងៃទី​៩ ខែ មិថុនា ២០២០ នេះ​គឺ​កម្ពុជា​និង​មិត្ត​ចិន បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ផ្លូវការ​លើ “​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​ការនាំចេញ​ផ្លែស្វាយ​ស្រស់​ពី​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​” ។​

​សម្តេច បាន​ថ្លែង​សារ​អរគុណ​ចំពោះ​លោក​អគ្គរដ្ឋទូត​ចិន និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ចូលរួម​ជំរុញ​ការងារ​នេះ រហូត​ឈានដល់​កិច្ចព្រមព្រៀង​គ្នា​ជា​ផ្លូវការ​នៅថ្ងៃនេះ​។ នេះ​ជា​ដំណឹង​ល្អ​សម្រាប់​បងប្អូន​ប្រជាកសិករ ម្ចាស់​ចំការ និង​ពាណិជ្ជករ​ដែល​កំពុង​វិនិយោគ​លើ​ដំណាំ​ស្វាយ ដែល​កំពុងមាន​ក្តីកង្វល់​ព្រោះ​មាន​ចំការ​ជាច្រើន ដែលមាន​ស្វាយ​ទុំ​ជ្រុះ​ចោល​ហើយ តម្លៃ​ស្វាយបាន​ធ្លាក់ចុះ​យ៉ាងច្រើន​។ បើតាម​ព័ត៌មាន​ទទួលបាន គឺមាន​អាជីវករ​បានដាក់​ពាក្យ​ស្នើសុំ​ចុះបញ្ជី​ចម្ការ​ស្វាយ និង​ទីតាំង​វេច​ខ្ចប់​សម្រាប់​នាំចេញ​ផ្លែស្វាយ​ស្រស់ ទៅកាន់​ប្រទេស​ចិន​ចំនួន ២០​លើ​ផ្ទៃដី ២១.២៨៦​ហិកតា​។ យើង​សង្ឃឹមថា ក្រោយពី​អគ្គនាយកដ្ឋាន​កសិកម្ម ចុះ​ត្រួតពិនិត្យ​និង​វាយតម្លៃ​លើ​ចម្ការ​ស្វាយ និង​ទីតាំង​វេច​ខ្ចប់​រួចហើយ គឺ​នឹង​ឈានដល់​ការនាំចេញ​ផលិតផល​ស្វាយ​ខ្មែរ នៅពេល​ឆាប់​នេះ​មិន​ខាន​។​

​តាមរយៈ​ការនាំ​ផ្លែស្វាយ​ចេញទៅ​ប្រទេស​ចិន នឹង​ផ្តល់​ការងារ​និង​ប្រាក់ចំណូល​កាន់តែច្រើន សម្រាប់​ប្រជាពលរដ្ឋ ជាពិសេស​នៅក្នុង​ដំណាក់កាល ដែល​ប្រទេស​យើង​កំពុង​ប្រឈម​នឹង​ជំងឺ​កូ​វីដ​១៩​។​

​សូម​បងប្អូន​ប្រជាកសិករ និង​ពាណិជ្ជករ​ពង្រឹង​បច្ចេកទេស​ដាំ​ដុះ ឲ្យ​មាន​គុណភាព​កាន់តែ​ខ្ពស់ និង​បង្កើត​រោងចក្រ​វេច​ខ្ចប់​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​យើង​អាចមាន​លទ្ធភាព​កែច្នៃ​ផ្លែស្វាយ ដើម្បី​ទទួលបាន​ផលប្រយោជន៍​កាន់តែច្រើន​។ អ្វីដែល​សំខាន់បំផុត​ក្នុង​ការនាំ​ផ្លែស្វាយ​កម្ពុជា ទៅកាន់​ប្រទេស​ចិន គឺ​ត្រូវតែមាន​អនាម័យ និង​ភូតគាម​អនាម័យ​(SPS) ឲ្យ​បានល្អ​ដែល​អាច​ទទួលយកបាន​នៅក្រៅ​ប្រទេស​៕

អត្ថបទដែលជាប់ទាក់ទង