ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមអឺរ៉ុប (TeamEurope) គាំទ្រ កម្ពុជា ក្នុងអំឡុងវិបត្តិនៃវីរុសកូរ៉ូណា កំពុងកៀរគរថវិកា ចំនួន ៤៤៣ លានអឺរ៉ូ ជាជំនួយ ឥតសំណង និង ប្រាក់កម្ចី ដើម្បីអនុវត្តការងារជាមួយប្រទេសកម្ពុជា

53

ភ្នំពេញ៖ជាផ្នែកមួយនៃកិច្ចខិតខំប្រឹង ប្រែងជាសកល ដើម្បីគាំទ្រ ដល់បណ្ដាប្រទេសជាដៃគូ ជុំវិញពិភព លោក ក្រុមអឺរ៉ុប (Team Europe*) កំពុងកៀរគរថវិកា ចំនួន ៤៤៣ លានអឺរ៉ូ ជាជំនួយ ឥតសំណង និង ប្រាក់កម្ចី ដើម្បីអនុវត្តការងារជាមួយប្រទេសកម្ពុជា ក្នុងការ ប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ក៏ដូចជា កាត់បន្ថយផលប៉ះពាល់សង្គម សេដ្ឋកិច្ច ដែលបង្កឡើងដោយសារជំងឺនេះ។

បើតាមសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី១១មិថុនានេះ សហភាពអ៊ឺរ៉ុប បានឲ្យដឹងថា
ក្រុមអឺរ៉ុប (Team Europe*) គឺជាក្រុមដែលកើតឡើងដោយមានកិច្ចខិតខំរួមគ្នារបស់សហភាពអឺរ៉ុប ជាមួយរដ្ឋជាសមាជិករបស់ខ្លួន ស្ថាប័នហិរញ្ញវត្ថុ និង ទីភ្នាក់ងារអនុវត្តនានា។ ដោយការរួមកម្លាំងជាមួយគ្នានេះ ក្រុមអឺរ៉ុប ផ្ដល់ជំនួយ ហិរញ្ញវត្ថុ និងជំនួយ បច្ចេកទេសដ៏គួរឲ្យកត់សម្គាល់ ដើម្បីជួយកម្ពុជា ឆ្លើយតបទៅនឹងតម្រូវការចំពោះមុខ ដើម្បីការពារ ក្រុមដែលងាយរងគ្រោះជាងគេ ដើម្បីកាត់បន្ថយ ផលប៉ះពាល់ សង្គមសេដ្ឋកិច្ច ដែលកើតឡើងដោយសារ វិបត្តិដែលបង្កឡើងដោយវីរុសកូរ៉ូណា និង ត្រៀមខ្លួន ដើម្បីស្ដារឡើងវិញ។ ក្នុងប្រទេស កម្ពុជា ក្រុមអឺរ៉ុប ធ្វើការរួមគ្នា ជាមួយនឹង ប្រទេស ស្វីស ដែលជាដៃគូអឺរ៉ុប របស់យើង។

កម្មវិធី និង គម្រោង ទាំងអស់ ដែលអនុវត្តដោយក្រុមអឺរ៉ុប សុទ្ធតែរួមចំណែកដល់ការលើកកម្ពស់ គោលការណ៍ប្រជាធិបតេយ្យ ការលើកកម្ពស់និងការពារសិទ្ធិមនុស្ស និងការពង្រឹងសមភាពយេនឌ័រ។

លោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុប ប្រចាំ ប្រទេសកម្ពុជាមានប្រសាសន៍ថា “ការរាតត្បាតជា សកល នៃ វីរុស កូរ៉ូណា ទាមទារ ឱ្យមានកិច្ចសហប្រតិបត្តិការ និង សាមគ្គីភាព ។ ក្រុមអឺរ៉ុប រួមគ្នាឈរ ជាមួយ កម្ពុជា ក្នុងពេលវេលា ដ៏សែនពិបាកនេះ។ យើង ត្រូវ ធ្វើការងារ រួមគ្នា ដើម្បី ធានាឱ្យមានការ ស្ដារសេដ្ឋកិច្ចឡើងវិញប្រកបដោយចីរភាព និង រឹងមាំ ក៏ដូចជា ជួយកាត់បន្ថយ ផលប៉ះពាល់ ដែលការរាតត្បាត ជា សកលនេះ បង្កលើជីវិត មនុស្ស ការងារ និងជីវភាពរស់នៅរបស់ពួកគេ។ ដើម្បីសម្រេច គោលដៅនេះ យើងប្រើប្រាស់ ធនធាន របស់យើង រួមគ្នា និង ចូលរួមក្នុងកិច្ចខិតខំប្រឹង ប្រែង នានា ជាមួយនឹង រដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា ដើម្បីឆ្លើយតប ចំពោះ បញ្ហា ប្រឈមជា សកលនេះ”។

ការគាំទ្រ ដែលដៃគូអឺរ៉ុប ផ្ដល់ ដល់ប្រទេស កម្ពុជា ផ្ដោត លើអាទិភាពសំខាន់ៗចំនួនបី ស្របតាមផែនការគោល ស្ដីពីការឆ្លើយតបចំពោះ ជំងឺកូវីដ -១៩ របស់កម្ពុជា៖
ក្នុងការគាំទ្រ ដល់វិស័យសុខាភិបាល ក្រុមអឺរ៉ុប រួមចំណែក ដល់ការបង្កើនសមត្ថភាពស្រាវជ្រាវ និងធ្វើតេស្ត នៅក្នុង ប្រទេសកម្ពុជា, គាំទ្រ ដល់ការ អនុវត្តផែនការសកម្មភាពជាតិស្ដីពីការប្រយុទ្ធប្រឆាំងនឹង ជំងឺ កូវីដ -១៩ និងពង្រឹង ប្រព័ន្ធ សុខាភិបាល។ ដៃគូអឺរ៉ុប កំពុងពង្រឹង ការអនុវត្ត និងធ្វើការ កែសម្រួល តំរង់ទិសកម្មវិធី របស់ខ្លួន អោយមកផ្ដោតលើអាហារូបត្ថម្ភ អានាម័យផ្ទាល់ខ្លួន ការទទួលបានទឹកស្អាត និងអនាម័យបរិស្ថាន ដើម្បីឱ្យកាន់តែឆ្លើយតប ចំពោះ តម្រូវការ ដែលកើតមាន ក្នុងអំឡុងពេលនៃការរាតត្បាត ជាសកល នេះ។ ក្រុមអឺរ៉ុប ផ្ដល់ការគាំទ្រយ៉ាងខ្លាំងខ្លា ដល់ អង្គការ សុខភាពពិភព លោក និង រួមចំណែក ផ្ដល់ហិរញ្ញប្បទាន ដល់  កម្មវិធី ដែលអនុវត្ត ដោយអង្គការនេះ នៅក្នុង ប្រទេស កម្ពុជា។

នៅកាលៈទេសៈដែលការងារ មុខរបរចិញ្ចឹមជីវិត និង សន្តិសុខ ស្បៀង ត្រូវ ប្រឈមនឹង គ្រោះថ្នាក់ ដៃគូអឺរ៉ុប រួមចំណែក ផ្ដល់ការគាំទ្រដល់ប្រជាពលរដ្ឋ មុខរបរ ចិញ្ចឹមជីវិត និងការងាររបស់ពួកគេ, រហូតដល់ក្រុមដែលងាយរងគ្រោះ ជាងគេ តាមរយៈកម្មវិធីគាំពារ សង្គម អាហារូបករណ៍ ការលើកកម្ពស់ លទ្ធភាព ទទួលបានការអប់រំ ការផ្ដល់ជំនួយ ដល់ ពលករ និងពលករទេសន្តរប្រវេសន៍ ដែលវិលត្រឡប់មក ស្រុកកំណើតវិញ។ កម្មវិធី របស់ក្រុម អឺរ៉ុប ជួយ គាំពារដល់ជីវភាពរស់នៅរបស់ពលរដ្ឋ តាមរយៈការអភិវឌ្ឍវារីវប្បកម្ម នេសាទ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជនបទ និងរួមចំណែកឆ្លើយបតចំពោះ បញ្ហា ប្រឈម ពាក់ព័ន្ធ នឹង ការគ្រប់គ្រង វិបត្តិ មីក្រូហិរញ្ញវត្ថុ។

អឺរ៉ុបនឹងធ្វើការងារ ជាមួយ ប្រទេស កម្ពុជា ដើម្បីគាំទ្រ ដល់ការ ស្ដារ ខឿនសេដ្ឋកិច្ច និងការ បង្កើត ការងារ។ ការគាំទ្រ របស់ក្រុមអឺរ៉ុប នឹង រួម ចំណែក ពង្រឹង វិស័យសំខាន់ៗ នៃសេដ្ឋកិច្ច ដែល ក្នុងនោះរួមមានការ វិនិយោគ     សាធារណៈ ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ច ប្រសិទ្ធភាពថាមពល និង ការ ស្ដារឡើងវិញ ដែលគិតគូរពីបរិស្ថាន។       កម្មវិធី និងគម្រោងរបស់អឺរ៉ុប នឹងរួមចំណែកកសាង ភាពធន់ក្នុងវិស័យ ឯកជន និង គាំទ្រ ដល់ ការ បង្កើត     ការងារធានាឱ្យមានការស្តារសេដ្ឋកិច្ចឡើងវិញឱ្យបានរឹងមាំ ក៏ដូចជាការកសាងសេដ្ឋកិច្ចមួយដែលកាន់តែមាន ចីរភាព បរិយាប័ន្ន និងភាពធន់ ស្របតាមរបៀបវារៈឆ្នាំ ២០៣០ និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស។

ការគាំទ្រក្នុងទឹកប្រាក់ ចំនួន ៤៤៣ លានអឺរ៉ូ (ស្មើនឹង ៤៨៣ លានដុល្លារ ឬ ១.៩៩០ ប៊ីលានរៀល) ដែល ជាការ បញ្ចូលគ្នា នូវ ថវិកា វិភាជន៍ថ្មី ថវិកា ដែលបានវិភាជន៍ តាម កម្មវិធី និងថវិកាដែល ត្រូវ បាន បង្វែរទិសដៅ ត្រូវ បានផ្ដល់ តាមរយៈស្ថាប័នរាជរដ្ឋាភិបាល និងអង្គការជាដៃគូ ដែល ក្នុង នោះរួមមានអង្គការ សង្គមស៊ីវិលផងដែរ។

ក្រុមអឺរ៉ុបរួមមានសហភាពអឺរ៉ុប និង រដ្ឋជា សមាជិក របស់ខ្លួន។ នៅក្នុងប្រទេស កម្ពុជា ក្រុមអឺរ៉ុប ទទួលបានការ ចូលរួម ពី ប្រទេស ស្វីស ដែលជា ដៃគូអឺរ៉ូបរបស់យើង៕

អត្ថបទដែលជាប់ទាក់ទង