ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដម​រដ្ឋមន្ត្រី​ទេសចរណ៍ ប្រកាស​ជួយ​អភិវឌ្ឍន៍​សហគមន៍​ទឹក​ជប់​ខ្នារ​ពោធិ៍ ឱ្យ​ក្លាយជា​សហគមន៍​អេកូ​ទេសចរណ៍​ដ៏​ទាក់ទាញ​

155

 

​សៀមរាប​៖ ក្នុងឱកាស​ចុះ​សំណេះសំណាល​ជាមួយ​ប្រជា​សហគមន៍​អេកូ​ទេសចរណ៍​ទឹក​ជប់​ខ្នារ​ពោធិ៍ ស្ថិតនៅ​ឃុំ​ខ្នារ​ពោធិ៍ ស្រុក​សូទ្រនិគម នា​ព្រឹក​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២០​នេះ ឯកឧត្ដម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានប្រកាស​អះអាង​ប្រាប់​ប្រជា​សហគមន៍​ថា នឹង​ជួយ​អភិវឌ្ឍន៍​សហគមន៍​នេះ​ឱ្យក្លាយ​ទៅជា​សហគមន៍​អេកូ​ទេសចរណ៍​គំរូ​មួយ​នៅ​ខេត្តសៀមរាប​។​

​ឯកឧត្ដម​បណ្ឌិត ថោង ខុន បានបញ្ជាក់​ទៀតថា កន្លងមក​ក្នុង​ក្របខណ្ឌ​ក្រុមការងារ​អន្តរក្រសួង ក្រសួងទេសចរណ៍​បាន​សហការ​ជាមួយ​ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង ភាគី​ពាក់ព័ន្ធ​ជួយ​រៀបចំ​ការគ្រប់គ្រង និង​អភិវឌ្ឍន៍​សហគមន៍​ទេសចរណ៍ធម្មជាតិ និង​អេកូ​ទេសចរណ៍​បាន​មួយចំនួន​ហើយ​។ សហគមន៍​ទេសចរណ៍​ទាំងនោះ បាន​ក្លាយជា​សហគមន៍​គំរូ​មិន​ត្រឹមតែ​ថ្នាក់ជាតិ​ទេ តែ​ថ្នាក់​តំបន់ និង​ពិភពលោក​ពិភពលោក​ផងដែរ​។​
​សហគមន៍​ទេសចរណ៍​ទាំងនោះ​មានដូចជា​៖ សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត ស្ថិតនៅ​ឃុំ​ជី​ផាត ឆាយ​អា​រ៉ែ​ង ស្ថិតនៅ​ក្នុងស្រុក​ថ្មបាំង ខេត្តកោះកុង និង​សហគមន៍​ទេសចរណ៍​កោះ​ទ្រង់​ខេត្តក្រចេះ សហគមន៍​ទេសចរណ៍​កំពង់​ភ្លុក ក្នុង​ខេត្ត​សៀម​រាម សហគមន៍​ទេសចរណ៍ បន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ សហគមន៍​អេកូ​ទេសចរណ៍​ម្លប់​បៃតង ខេត្ត​កំពង់​ស្ពី ។​

​ឯកឧត្ដម​រដ្ឋមន្ត្រី​បានបញ្ជាក់​ទៀតថា សម្រាប់​សហគមន៍​អេកូ​ទេសចរណ៍​ទឹក​ជប់​ខ្នារ​ពោធិ៍ គឺ​ពិតជា​មោទនភាព​ធំ​ណាស់​សម្រាប់​ស្រុក​សូទ្រនិគម ក៏​ដូច​ខេត្តសៀមរាប និង​ប្រទេសជាតិ​។ ឯកឧត្ដម​បន្តថា «​គេ​ធ្លាប់តែ​ឮ​ព្រៃកោងកាង​សមុទ្រ តែ​នេះ​នៅ​ខេត្តសៀមរាប​ក៏មាន​ដើម​កោង​កាង​បាន​ដុះ​ជាច្រើន​ជិត ១០០​ហិកតា ហើយ​ត្រូវបាន​សហគមន៍​ព្រៃឈើ​ក្រោម​ការយកចិត្តទុកដាក់​ណែនាំ​ពី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ ថែរក្សា​បាន​យ៉ាង​ល្អ​ដែល​នេះ​ជា​ផលិតផល​ទេសចរណ៍​ទោល​មួយទៀត សម្រាប់​ទឹកដី​យើង ប្រទេសជាតិ​យើង​ដែល​អាច​បង្ហាញ និង​ទាក់ទាញ​ភ្ញៀវទេសចរ​បាន​កាន់តែច្រើន​នៅ​តំន់​បន់​សៀមរាប​អង្គរ​នេះ​»​។​

​ឯកឧត្ដម​រដ្ឋមន្ត្រី ថោង ខុន បាន​បន្ថែមទៀត ការបញ្ចូល​សម្មភាព​ទេសចរណ៍​មួយ​ប្រកប​
​ដោយ​ការទទួលខុសត្រូវ​វា​អាច​នឹង​ជួយ​រក​ចំណូល​បន្ថែម​ឱ្យ​ប្រជាពលរដ្ឋ​សហគមន៍​បាន​យ៉ាងច្រើន ប្រសិនបើ​ប្រជា​សហគមន៍​ចេះ​ថែរក្សា​ឱ្យបាន​គង់វង្ស និង​រួមគ្នា​ទាញយក​ផលប្រយោជន៍​ពី​ព្រៃឈើ​ទាំងអស់នោះ តាមរយៈ​ការរៀបចំ​ឱ្យ​ក្លាយជា​កន្លែង​ទេសចរណ៍ ផ្តល់​សេវា​ទេសចរណ៍ បដិសណ្ឋារកិច្ច​ល្អ ពិសេស​វិធាន​សុវត្ថិភាព​ទេសចរណ៍ អនាម័យ បរិស្ថាន​ស្អាត​ក្នុង​បរិបទ​នៃ​ដំណាក់កាល Covid -19 នេះ​។​
​ឯកឧត្ដម​បណ្ឌិត ថោង ខុន បាន​បន្ថែមទៀតថា សម្រាប់​បញ្ហា​ប្រឈម​របស់​សហគមន៍​អេកូ​ទេសចរណ៍​ទឹក​ជប់​ខ្នា​ពោធិ៍​នេះ ដូច​មានការ​លំបាក​ខ្លាំង​ទៅលើ​បញ្ហា​ផ្លូវ ចូលទៅ​សហគមន៍ សេវា​ទូរស័ព្ទ អុ​ិ​ន​ធើ​ណែ​ត អគ្គិសនី​ប្រើប្រាស់ បញ្ហា​សំរាម​ជាដើម​។ ឯកឧត្តម​នឹង​ជួយ​ស្នើ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ឱ្យជួយ​ដោះស្រាយ​បញ្ហា​នេះ​ផងដែរ​។ ដោយឡែក​សម្រាប់​កំណាត់​ផ្លូវ​ដែល​លំបាក​ខ្លាំង​ប្រវែង ៣​គីឡូម៉ែត្រ ក្រសួង​
​ទេសចរណ៍​នឹង​ជួយ​ជួសជុល​ចំពោះមុខ​សិន​។​

​នៅក្នុង​ឱកាស​ចុះ​ជួប​សំ​ណោះ​សំ​ណា​ល​នោះដែរ ឯកឧត្ដម​រដ្ឋមន្ត្រី ថោង ខុន ក៏បាន​នាំយក​អំណោយ​ជូន​ដល់​ប្រជា​សហគម​អេកូ​ទេសចរណ៍​ទឹក​ជប់​ខ្នារ​ពោធិ៍ រួមមាន​ក្នុង​ម្នាក់​ទទួលបាន​សារុង ១ ថ្នាំពេទ្យ TIFFY ៣​បន្ទះ ទឹក​អាកុល ម៉ាស់ និង​ថវិកា ២​ម៉ឺន​រៀល​។​
​សូមបញ្ជាក់ថា សហគមន៍​អេកូ​ទេសចរណ៍​ព្រៃ​តំបន់​ទឹក​ជប់​ខ្នារ​ពោធិ៍ មាន​ព្រំប្រទល់​ខាងជើង​ជាប់​នឹង​ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខាងត្បូង​ឃុំ​ចា​ន់ស និង​ខាងលិច​ជាប់​នឹង​ឃុំ​កន្ទ្រាំ​ង ស្រុក​ប្រាសាទបាគង ខាងកើត​ជាប់ឃុំ​ពពេល​។ ឃុំ​នេះ​មាន​ភូមិ​ចំនួន ៨​ភូមិ ស្ថិតនៅ​ភាគ​ខាងជើង​ផ្លូវជាតិ​លេខ​៦ ចម្ងាយ​ប្រមាណ ៨​គីឡូម៉ែត្រ​ពី​ផ្លូវជាតិ និង​មាន​ចម្ងាយ​ប្រមាណ ៣០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​​សៀមរាប​។​

​ព្រៃ​សហគមន៍​តំបន់​ទឹក​ជប់​ខ្នារ​ពោធិ៍​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៩៨ ដោយ​ស្ម័គ្រចិត្ត និង​មានការ​ឯកភាពគ្នា​រប​ស់​ប្រជាជន​ក្នុងភូមិ​ទាំងអស់​របស់​ឃុំ​ខ្នារ​ពោធិ៍ ស្រុក​សូទ្រនិគម និង​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​រដ្ឋបាល​ព្រៃឈើ​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​
​ព្រៃ​សហគមន៍​នេះ​មាន​ផ្ទៃដី​សរុប​ប្រមាណ ១,០២២​ហិកតា ដែល​ក្នុងនោះ​មាន​ព្រៃកោងកាង​ភ្នំ​ចំនួន​ប្រមាណ ៩០​ហិកតា ដែលមាន​សក្តានុពល​អាច​រៀបចំ​បង្កើតជា​កន្លែង​ទេសចរណ៍​ថ្មី​មួយ​ដ៏​ទាក់ទាញ​សម្រាប់​ខេត្តសៀមរាប​៕

អត្ថបទដែលជាប់ទាក់ទង