ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ត្រី​សេក ឬ​ត្រី​ប៉ា​រ៉ា​ហ្គា​យ មាន​លក្ខណៈ ពិសេស​២​បែប ដែល​ប្លែក និង​កម្រ​នឹងមាន​ត្រី​ណា​ដូច នៅ​កម្ពុជា

56

 

​ភ្នំពេញ​៖ លោក ម៉ម សុខ​ដា​រ៉ា ប្រធាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​វា​រី វប្បកម្ម​សមុទ្រ នៃ​រដ្ឋបាល​ជលផល បាន បញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២៣​មិថុនា​នេះ​ថា​៖. ត្រី​សេក ឬ​ត្រី​ប៉ា​រ៉ា​ហ្គា​យ គឺជា​ប្រភេទ​ត្រី​សមុទ្រ​មួយ​ប្រភេទ ដែលមាន​លក្ខណៈពិសេស​ពី​ធម្មជាតិ​ចំនួន​២ ដែល​កម្រ​នឹង​ត្រី​ណា​ផ្សេង ទៀត អាចធ្វើ​ដូច​បានឡើយ គឺ​ការផលិត​ខ្សាច់​នៅ​បាតសមុទ្រ និង​ការដូរ​ភេទ​របស់ ពួកវា​។​
លោក ម៉ម សុខ​ដា​រ៉ា បាន​បញ្ជាក់ថា​៖ ពពួក​ត្រី​សេក​នេះ គឺជា​ពពួក​ត្រី ដែល​ចូលចិត្ត​រស់នៅ​តាម​បាតសមុទ្រ​ដែលមាន​ថ្ម​ប៉​ប្រ៉ះ​ទឹក ផ្កាថ្ម និង​តំបន់​ដែលមាន​ស្មៅ ឬ​សា​រ៉ា​យ​សមុទ្រ ហើយ​ដែល​ពពួក​ត្រី​នេះ គឺជា​ប្រភេទ​ត្រី​ដែលមាន​ប្រយោជន៍​ណាស់ សម្រាប់​សមុទ្រ គឺអាច​សម្អាត​ខ្សាច់​នៅ​បាតសមុទ្រ តាមរយៈ​ការសម្អាត​ពពួក​បាក់តេរី វត្ថុ​គ្មាន​ប្រយោជន៍​អ្វី​ផ្សេងៗ​ទៀត​ដែល​ធ្វើឱ្យ​កខ្វក់​ដីខ្សាច់ ព្រមទាំង​ឧស្ម័ន​ពុល​មួយចំនួន​នៅក្នុង​ខ្សាច់​ផងដែរ នៅពេលដែល​ត្រី​សេក​លាក់ខ្លួន​នៅ​បាត​ខ្សាច់​។ ម្យ៉ាងវិញទៀត​ពពួក​ត្រី​សេក​នេះ គឺមាន​សមត្ថភាព​អាច​ផលិត​ខ្សាច់ ក្នុង​១​ឆ្នាំ អាច​បាន​រង្វង់​៧០០​ផោន ឬ​ស្មើនឹង​ជាង​៣០០​គីឡូក្រាម តាមរយៈ​ការ​ស៊ី​សា​រ៉ា​យ ប្លង់តុង និង​ផ្កាថ្ម​ដែល​ងាប់​នៅ​បាតសមុទ្រ ដែល​ទាំងអស់​នេះហើយ​គឺជា​សមត្ថភាព​នៃ​ការផលិត​ខ្សាច់​របស់​ត្រី​សេក ដោយ​ការ​លេប​ផ្កាថ្ម​កំទេចកំទី និង​សា​រ៉ា​យ​ជាដើម ហើយ​បន្ទាប់មក​បញ្ចេញ​វត្ថុ​អ្វីដែល​នៅសល់​ជា​ទម្រង់​ខ្សាច់ ហើយ​ដើម្បី​បំពេញការងារ​របស់ខ្លួន​នេះ ត្រី​សេក​ប្រើ​ថ្គាម​ដូច​ចំពុះ​ដ៏​ខ្លាំង​របស់​វា និង​ធ្មេញ​ខាងក្រោយ​ដ៏​រឹងមាំ ។​
ដោយឡែក​ចំពោះ​ការប្តូរ​ភេទ និង​បន្ត​ពូជ​របស់​ត្រី​សេក​វិញ លោក ម៉ម សុខ​ដា​រ៉ា បាន បញ្ជាក់ថា​៖ ពពួក​ត្រី​សេក គឺ​នៅពេល​កើតកូន គឺ​កូន​ត្រី​មាន​ភេទ​ជា​ឈ្មោល​ទាំងអស់ ដូច​ពពួក​ត្រី​ខ្លះ (​ត្រី​ឆ្ពុង និង​ត្រី​តុកកែ ខណៈ​ត្រី​តុកកែ គឺ​កើតមក​ញី​ទាំងអស់ ប៉ុន្តែ​បាន​ដូរ​ភេទ​ជា​ឈ្មោល​ទាំងអស់​វិញ​នៅពេល​គ្រប់​លក្ខខណ្ឌ​សមស្រប​) ហើយ​នៅពេលដែល​ត្រី​សេក​នេះ មាន​អាយុ​ក្នុង​រង្វង់​ពី​៣​ឆ្នាំ ទៅ​៥​ឆ្នាំ គឺ​នៅពេលដែល​ពួកវា​មាន​លក្ខខណ្ឌ​សមស្រប​សម្រាប់​មជ្ឈដ្ឋាន​ខាងក្រៅ​ហើយ​  ពួកវា​ក៏​ប្តូរ​ភេទ​ទៅតាម​ធម្មជាតិ​របស់​វា ទៅជា​ញី​វិញ​ទាំងអស់ ដូច្នេះ​ក្នុង​មួយជីវិត​របស់​ត្រី​សេក​នេះ គឺមាន​ភេទ​ចំនួន​ពីរ គឺ​នៅពេល​នៅ​តូច ភេទ​ឈ្មោល និង​ពេល​ធំ​ឡើង ភេទ​ញី​វិញ​។ ចំពោះ​ការបន្ត​ពូជ​របស់​ត្រី​សេក​វិញ ខ្ញុំ​សូមបញ្ជាក់​ផងដែរ​ថា មាន​អ្នកខ្លះ​គាត់​ឆ្ងល់​ថា កាលពី​តូច​ឈ្មោល​ទាំងអស់ ដល់​ធំ​ឡើង​ញី​ទាំងអស់ តើ​ការបន្ត​ពូជ​របស់​ត្រី​សេក​យ៉ាងដូចម្តេច​? ចំពោះ​ចម្ងល់​នេះ ខ្ញុំ​សូម​ជម្រាបជូន​ថា ត្រី​សេក​ឈ្មោល​ពេញវ័យ​គឺអាច​បន្ត​ពូជ​បាន​នៅ​អាយុ​០២​ឆ្នាំ​ឡើងទៅ ដូច្នេះ​មុនពេល​ដែល​ត្រី​ឈ្មោល​ដូរ​ភេទ​ទៅជា​ញី គឺ​វា​អាច​បន្ត​ពូជ​ជាមួយ​ត្រី​ញី​ដែលមាន​អាយុ​ប្រហែល​៥​ឆ្នាំ ដែលជា​អាយុ​អាច​បន្ត​ពូជ​បាន បន្ទាប់ពី​បាន​ផ្លាស់ប្តូរ​ភេទ​រួចហើយ​ជាធម្មតា ។​
ទាក់ទិន​នឹង​ការងារ​អភិរក្ស និង​បញ្ហា​ប្រឈម របស់​ត្រី​សេក​វិញ លោក ម៉ម សុខ​ដា​រ៉ា បាន​សំណូមពរ​ដល់​ប្រជា​នេសាទ​ទាំងអស់​នៅ​សមុទ្រ សូម​ចូលរួម​ថែរក្សា​ធនធានធម្មជាតិ ក៏ដូចជា​ជីវចម្រុះ​របស់​ត្រី និង​ការបន្ត​និរន្តរភាព​ស្បៀង ដោយ​ការមិន​ប្រើ​ឧបករណ៍​ហាមឃាត់ សម្រាប់ធ្វើ​ការនេសាទ ដូចជា​ការប្រើ​មង​ធំ បោក​គ្រាប់បែក ការបំផ្លាញ​ផ្កាថ្ម ឬ​ការប្រើប្រាស់​ថ្នាំពុល​។​ល​។ ដោយសារ​ត្រី​សេក​ចូលចិត្ត​រស់នៅ​តាម​ផ្កាថ្ម ថ្ម​ប៉ប្រះ​ទឹក ការ​អូស​អួន​ធម្មតា​គឺ​មិនអាច​ទៅដល់​ជម្រក​ត្រី​សេក​បានទេ លើកលែងតែ​ការនេសាទ​ដោយ​ប្រើ​ឧបករណ៍​ខុសច្បាប់ ។ ម្យ៉ាងវិញទៀត ត្រី​សេក គឺជា​ប្រភេទ​ត្រី​លម្អ​សមុទ្រ​ប៉ុណ្ណោះ ពុំ​សមស្រប​សម្រាប់​ការនេសាទ​ជា​អាជីវកម្ម ឬ​លក់ដូរ​នោះដែរ​។​
យោងតាម​ការស្រាវជ្រាវ ត្រី​សេក ឬ​ត្រី​ប៉ា​រ៉ា​ហ្គា​យ ដែលមាន​ឈ្មោះ​វិទ្យាសាស្ត្រ Scaridae មាន​ច្រើន​ប្រភេទ​ណាស់ គឺ​ប្រហែលជា​៨០​ពួក ដោយ​ចែកចេញ ប្រមាណ​ជាង ៥០០​ប្រភេទ​ទៀត ដោយមាន​ប្រវែង​ដងខ្លួន​ប្រមាណ​ពី ៥០​សង់ទីម៉ែត្រ ទៅ​១០០​សង់ទីម៉ែត្រ ហើយ​មាន​ពណ៌​ចម្រុះ​ផ្សេងៗ​គ្នា នៅតាម​តំបន់ ចំណែកឯ​ការផ្តល់​ឈ្មោះថា​ត្រី​សេក​នេះ គឺ​យោងទៅលើ​មាត់​របស់​ត្រី​នេះ ដែល​មើលទៅ​ដូចជា​ជំ​ពុះ​របស់​សត្វ​សេក​។​
បើតាម​អ្នកប្រមូល​ទិញ​ត្រី ការនេសាទ​ត្រី​សេក​នៅ​កម្ពុជា ពុំមាន​ជា​លក្ខណៈ​អាជីវកម្ម​ធំដុំ​ណាមួយ​នោះទេ ព្រោះ​ត្រី​នេះ​កម្រ​គេ នេសាទ​បាន​ណាស់ ហើយក៏​មិនសូវមាន​អ្នក​និយម​បរិភោគ​ដែរ ដោយសារ​សាច់​វា​ជ្រាយៗ ធ្វើឱ្យ​វា​មិនមាន​តម្លៃនៅលើទីផ្សារ ដោយ​មួយ​គីឡូ​លក់បាន​រង្វង់​ពី​២.០០០ ទៅ ៥.០០០ រៀល​ប៉ុណ្ណោះ​៕ សំរិត​

អត្ថបទដែលជាប់ទាក់ទង