ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

GMAC យល់ថា ការចរចា​ប្រាក់​ឈ្នួល​ថ្មី​សម្រាប់​ឆ្នាំ​២០២១ គួរ​ត្រូវ​ពន្យារពេល រហូតដល់​វិស័យ​វាយ​ន​ភណ្ឌ អាច​ត្រឡប់​ទៅរក​ភាព​ដើម​វិញ​

163

 

​ភ្នំពេញ​៖ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា GMAC បាន​យល់ឃើញថា ការចរចា​ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី សម្រាប់​ឆ្នាំ​២០២១​ខាងមុខនេះ គួរ​ត្រូវបាន​ពន្យារពេល​។ ប្រាក់​ឈ្នួល​អប្បបរមា​ក្នុង​ឆ្នាំ​២០២១ គួរ​បន្ត​សុពលភាព​អនុវត្ត​រហូតដល់​វិស័យនេះ អាច​ត្រឡប់​ទៅរក​ភាព​ដើម​វិញ​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១០​ខែមិថុនា​ឆ្នាំ​២០២០ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានចេញ​សេចក្តីជូនដំណឹង​មួយ ស្តីពី​កាលវិភាគ​នៃ​ការចរចា​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង សម្រាប់​ឆ្នាំ​២០២១ ដែល​គ្រោង​នឹង​ចាប់ផ្តើម​ពី​ខែកក្កដា ដល់​ខែកញ្ញា ឆ្នាំ​២០២០​។​

​បើ​យោងតាម​សេចក្តីថ្លែងការណ៍​របស់ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា GMAC កាលពី​ថ្ងៃទី​២៣​ខែមិថុនា​ឆ្នាំ​២០២០ ស្តីពី​ការចរចា​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​២០២១ បាន​បញ្ជាក់ថា ស្ថិតក្នុង​កាលៈទេសៈ​នេះ វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង កំពុង​មានការ​ផុយស្រួយ និង​មាន​ភាពមិនច្បាស់លាស់ ក្នុង​ការវិល​ត្រឡប់មក​រក​សភាព​ដើម​វិញ ក៏ដូចជា​ការធ្វើ​ឲ្យ​ប្រសើរ​ឡើងវិញ​របស់​វិស័យនេះ នឹងត្រូវ​ចំណាយពេល​យូរ​។ ម្យ៉ាងវិញទៀត ក្នុងពេល​បច្ចុប្បន្ន រោងចក្រ​យ៉ាងច្រើន​នៅក្នុង​វិស័យនេះ បាននិងកំពុង​ព្យួរការងារ​និង​មាន​រោងចក្រ​មួយចំនួន​កំពុង​បិទទ្វារ ដូចនេះ​យន្តការ​គាំទ្រ​នានា គឺជា​វិធានការ​ចាំបាច់ ដើម្បី​ជួយ​រក្សា​លំនឹង​នៃ​វិស័យនេះ ។ ដូចនេះ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា GMAC បាន​យល់ឃើញថា ការចរចា​ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី សម្រាប់​ឆ្នាំ​២០២១​ខាងមុខនេះ គួរ​ត្រូវបាន​ពន្យារពេល​។ ប្រាក់​ឈ្នួល​អប្បបរមា​ក្នុង​ឆ្នាំ​២០២១ គួរ​បន្ត​សុពលភាព​អនុវត្ត​រហូតដល់​វិស័យនេះ អាច​ត្រឡប់​ទៅរក​ភាព​ដើម​វិញ​។​

​សមាគម​សង្ឃឹម​យ៉ាង​មុតមាំ​ថា ការចរចា​ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី​សម្រាប់​ឆ្នាំ​២០២១ នឹងត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន រហូតដល់​ស្ថានភាព​នៃ​វិស័យនេះ មាន​ភាពប្រក្រតី​ឡើងវិញ​។ ការ​បង្អង់​ការចរចា​ប្រាក់​ឈ្នួល​អប្បបរមា​នឹង​ជា​យន្តការ​មួយ ក្នុងការ​គាំទ្រ​ឲ្យ​វិស័យនេះ នៅ​បន្ត​មានជីវិត​រស់នៅ ក៏ដូចជា​ការរក្សា​ការងារ​សម្រាប់​បងប្អូន​កម្មករនិយោជិត យ៉ាង​ដូច្នេះ​ដែរ​។​

​ស្ថិតក្នុង​កាលៈទេសៈ​បច្ចុប្បន្ន​ដែល​ល​ប្រទេស​កម្ពុជា ក៏ដូចជា​បណ្តា​ប្រទេស​នៅលើ​ពិភពលោក បាននិងកំពុង​រង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដោយសារ​ការរីក​រាតត្បាត​ជាស​កល​នៃ​ជំងឺ​ផ្លូវដង្ហើម​ថ្មី កូ​វីដ​១៩ បណ្តាល​ឲ្យ​វិស័យ​មួយចំនួន​ជួប​នូវ​វិបត្តិ​ជាច្រើន​ដែល​មិនអាច​ប៉ាន់ស្មាន​បានជា​មុន​។ ជាក់ស្តែង​នៅក្នុង​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង រោងចក្រ សហគ្រាស​ជាច្រើន​បាន​ផ្អាក​ដំណើរការ​សកម្មភាព​ផលិតកម្ម​ជា​បណ្តោះអាសន្ន ខណៈ​មួយចំនួនទៀត បានសម្រេច​ចិត្ត​ឈប់​ដំណើរការ​សកម្ម​ភាពជា​ស្ថាពរ​តែម្តង ពីព្រោះ​អ្នកបញ្ជា​ទិញ​ជាច្រើន បាន​លុបចោល​ការបញ្ជាទិញ និង​បដិសេធ​មិន​ទទួលយក​ទំនិញ​ដែល​បាន​ផល​ត​រួច ក៏ដូចជា​មិនបាន​ធ្វើការ​ទូទាត់​ប្រាក់​ដែល​បាន​ព្រមព្រៀង​សម្រាប់​ទំនិញ​ដែល​បាន​ផលិត និង​ទទួលយក​រួច ដោយហេតុថា​នៅតាម​បណ្តា​ហាង​លក់ទំនិញ​ដុំ និង​រាយ នៅ​ជុំវិញ​ពិភពលោក​បាន​បិទ​ស្ទើរតែ​អស់ ខណៈ​តម្រូវការ​នៅក្នុង​សកលលោក​មានការ​ធ្លាក់​ចុះ​ដល់​កម្រិត​អប្បបរមា​៕

អត្ថបទដែលជាប់ទាក់ទង