ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ខ្លួន ប្តីដែលចាក់សម្លាប់ប្រពន្ធ ព្រោះភ្លើងប្រច័ណ្ឌ

45

ភ្នំពេញ៖ ជនដៃដល់ដែលជាប្តីចាក់សម្លាប់ប្រពន្ធខ្លួនព្រោះភ្លើងប្រច័ណ្ឌ រួចជនដៃដល់ បានគេចខ្លួនបាត់ ត្រូវកងកម្លាំង ការិយាល័យព្រហ្មទណ្ឌកម្រិ តធ្ងន់ក្រសួងមហាផ្ទៃសហការជាមួយកម្លាំងអធិការដ្ឋានដ្ឋាននគរបាលខេត្តកំពង់ធំ ឃាត់ខ្លួនបានពេលជននេះរត់ទៅលាក់ខ្លួននៅលើទឹកដីខេត្តកំពង់ធំ ក្នុងក្រុងស្ទឹងសែន។

កម្លាំងនគរបាលតាមចាប់ខ្លួនបានហើយ នៅយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ នៅភូមិពោតាអ៊ុន សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានបញ្ជាក់ថា ក្រោយចាប់ខ្លួនបានជនដៃដល់បានសារភាពថា មូលហេតុដែលខ្លួនចាក់សម្លាប់ប្រពន្ធ ព្រោះតែរឿងប្រច័ណ្ឌ ហើយថ្ងៃកើតហេតុ រូបគេចាក់ប្រពន្ធតែមួយកាំបិតប៉ុណ្ណោះក៏ស្លាប់ភ្លាមៗ ក្នុងថ្លុកឈាមតែម្ដង។
សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅយប់នេះកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងបញ្ជូនជនសង្ស័យមករាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី។

សូមជម្រាបថា អំពើឃាតកម្មនេះបានកើតឡើង នៅយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចផ្ទះជនរងគ្រោះ ភូមិដូនរ័ត្ន សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ លាង ផល្លា អាយុ២៣ឆ្នាំ រីឯជនសង្ស័យចជាប្ដីឈ្មោះ សុខលី សម្បត្តិ អាយុ២៣ឆ្នាំ។

លោកឧត្តមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជាពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរង និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

លោកឧត្តមសេនីយ៍ត្រី ជាវ វិបុល ក្រោយពីទទួលបានបទបញ្ជាផ្ទាល់ លោកបានដឹកនាំដោយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយសមត្ថកិច្ចស្នងការនគរបាលរាជធានីភ្នំពេញ និង កម្លាំងសមត្ថកិច្ចខេត្តកំពង់ធំ បានបើកការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនបានជនដៃដល់នៅចំណុច ភូមិពោតាអ៊ុនសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយមានការសម្របសម្រួលពីលោក កែវ ធា ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញផងដែរ៕

អត្ថបទដែលជាប់ទាក់ទង