ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កូរ៉េខាងត្បូង​ចាប់ផ្តើម​ចែកចាយ​ថ្នាំ Remdesivir ដើម្បី​ព្យាបាល​អ្នកជំងឺ COVID-19 ធ្ងន់ធ្ងរ

93

​ប្រទេស​កូរ៉េខាងត្បូង​បានធ្វើការ​ចាប់ផ្តើម​ចែកចាយ​ថ្នាំ Remdesivir សម្រាប់​ព្យាបាល​ជំងឺ COVID-19 ដែល​ថ្នាំ​នោះ​ត្រូវបាន​បរិច្ចាគ​ដោយ​ក្រុមហ៊ុន​អា​មេ​រិច Gilead Science និង​គ្រោង​ធ្វើ​ការទិញ​ថ្នាំ​បន្ថែមទៀត​នៅក្នុង​ខែសីហា​ខាងមុខ​។ នេះ​បើតាម​ការបញ្ជាក់​របស់​ភ្នាក់ងារ​គ្រប់គ្រង​ជំងឺ​របស់​កូរ៉េខាងត្បូង​។​

“​អ្នកជំងឺ​ដែលមាន​សិទ្ធិ​ប្រើប្រាស់​ថ្នាំ Remdesivir ជា​អ្នកជំងឺ​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​ដែល​កំពុង​មានប​ញ្ហា​សួត​ធ្ងន់ធ្ងរ និង​ត្រូវការ​អ៊ុក​ស៊ី​ហ្ស៊ែ​ន​”​។​

​មជ្ឍមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​របស់​កូរ៉េខាងត្បូង មិនបាន​បញ្ជាក់​ពី​ចំនួន​ថ្នាំ​ដែល​ខ្លួន ទទួលបាន​ការបរិច្ចាក​ពី​ក្រុមហ៊ុន​អា​មេ​រិច​ឡើយ​។​

​ក្រុមហ៊ុន Gilead បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​បានកំណត់​តម្លៃ​ថ្នាំ Remdesivir ៣៩០​ដុល្លារ​ក្នុង​មួយ​ដប​នៅក្នុង​សហរដ្ឋ​អា​មេ​រិច និង​ប្រទេស​អភិវឌ្ឍន៍​ផ្សេងៗ​ទៀត ហើយ​ក្រុមហ៊ុន​នេះ បាន​យល់ព្រម​បញ្ជូន​ថ្នាំ​របស់ខ្លួន​ជិត​ពាក់កណ្តាល ទៅ​អា​មេ​រិច​ក្នុង​រយៈពេល ៣​ខែ​ខាងមុខ​។​

​សូមបញ្ជាក់ថា កូរ៉េខាងត្បូង ជា​ប្រទេស​ទី ២​ដែល​មានការ​រាតត្បាត​វីរុស​កូ​រ៉ូ​ណា​ខ្លាំង​មុនគេ បន្ទាប់ពី​ប្រទេស​ចិន ប៉ុន្តែ​ប្រទេស​នេះ​បាន​គ្រប់គ្រង​ការ​រាតត្បាត​បាន​យ៉ាង​ល្អ និង​ធ្វើ​ឲ្យ​ការឆ្លង​ថ្មី​មាន​ភាពយឺតយ៉ាវ និង​ស្ថិត​មកដល់​កម្រិត​ទាប​។

​រហូតមកដល់​ពេលនេះ ប្រទេស​ដែលមាន​ប្រជាជន​ជាង ៥០​លាន​នាក់​នេះ មាន​អ្នក​ឆ្លង​សរុប​ទាំងអស់ ១២.៨៥០​នាក់ និង​ស្លាប់ ២៨២​នាក់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters

អត្ថបទដែលជាប់ទាក់ទង