ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស្រី កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ប្រគេន​ទៀន​ព្រះវស្សា និង​ទេយ្យទាន ដល់​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​ចំនួន ០៦​វត្ត នៅ​ខេត្តស្វាយរៀង​

159

 

​ស្វាយរៀង​៖ លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង និង​មានការ​ចូលរួម​ពី​លោក​ហែម ពិសិដ្ឋ អភិបាលរង​ខេត្ត លោក​ហុង វិ​ណុល ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​ដូង រួមជាមួយ​ប្រតិភូ​អមដំណើរ បាន​នាំយក​ទៀនវស្សា និង​ទេយ្យទាន ប្រគេន​ដល់​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​អស់​ត្រីមាស​ចំនួន ០៦​វត្ត រួមមាន ៖ វត្ត​ជ​ធា​ច វត្ត​ត្រពាំង​ស្លា វត្ត​ដូង វត្ត​អង្គញ់ វត្ត​ឈើទាល វត្ត​ពោធិ៍​សិរី (​ហៅ​ព្រៃ​កំ​ភេ​ន​) ស្ថិតក្នុង​ស្រុក​រមាសហែក ខេត្តស្វាយរៀង ដែល​ពិធី​ត្រូវបាន​រៀបចំឡើង​នៅ​វត្ត​ជ​ធា​ច នា​ព្រឹក​ថ្ងៃ​ពុធ ១១​កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤​ត្រូវ​នឹង ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២០ ។​
លោកស្រី​ក៏បាន​ផ្តាំផ្ញើ​សួរសុខទុក្ខ​ដោយ ក្តី​នឹករលឹក​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ នៅ​ទូទាំង​ខេត្តស្វាយរៀង ដោយ​សម្តេច​ទាំង​ទ្វេរ​តែងតែ​គិតគូរ​ខ្ពស់​ចំពោះ​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​។​
ពិធី​នោះដែរ លោកស្រី ក៏បាន​មានប្រសាសន៍​លើកឡើងថា ការ​ប្រារព្ធ​ធ្វើ​ពិធី​នេះ​បាន ដោយសារ​ប្រទេសជាតិ​មាន​សុខសន្តិភាព ជាពិសេស​បង្ហាញ​ពី​ទឹកចិត្ត​របស់​រាជ រដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គោរព​ស្រឡាញ់​ប្រតិបត្តិ ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ ដើម្បី​ថែរក្សា​ការពារ​វិស័យ​ព្រះពុទ្ធសាសនា​នេះ ឱ្យ​កាន់​តែមាន​ភាពរុងរឿង​ថ្កុំ​ថ្កើ​ន ឈានទៅ​គម្រប់ ៥​ពាន់​ព្រះវស្សា តាម​ពុទ្ធិ​បញ្ញា​ត្តិ​។​
លោកស្រី​ក៏បាន​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប​ត្រូវគោរព​និង​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍ រក្សា​គម្លាត​សង្គម និង​វិធានការ​នានា​តាម​ការកំណត់​របស់​ក្រសួងសុខាភិបាល និង ត្រូវ​បន្ត​រក្សា​ការប្រុងប្រយ័ត្ន​ខ្ពស់​ក្នុងការ​បង្ការ និង​ការពារ​នូវ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នៃ​រលក​ទី​២ ខណៈពេលដែល​ពិភពលោក​កំពុង​ប្រឈមមុខ​នឹង​ការ​រា​ត្បា​ត​យ៉ាងខ្លាំង​ដោយសារ​ជម្ងឺ​មួយ​នេះ​។ លោកជំទាវ​បាន​ផ្តាំផ្ញើរ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ត្រូវ​បង្កើន​ការផលិត​ផ្នែក​កសិកម្ម តាមរយៈ ការដាំដុះ ការចិញ្ចឹម​សត្វ ជាដើម ចំណែកឯ​អជ្ញាធរ​ត្រូវតែ​ពង្រឹង​ឲ្យ​មាន​ប្រសិទ្ធិភាព​នូវ ភូមិ​-​ឃុំ​មាន​សុវត្ថិភាព និង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ។
ទៀន​ព្រះវស្សា ទេយ្យវត្ថុ លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឯកឧត្តម ហុង វិ​ណុល និង​លោកស្រី ព្រមទាំង​ក្រុមការងារ បាន​ប្រគេន ៦​វត្ត រួមមាន ៖ ទៀន​ព្រះវស្សា ១​គូរ ប្រេង ៣០​លីត្រ អង្ករ ៥០​គីឡូក្រាម មី ៣​កេស ទឹកក្រូច ៤​កេស ទឹក​សុទ្ធ ៤​កេស ទឹកដោះគោ​១​កេស ស្ករស​១០​គីឡូក្រាម តែ ៦​កញ្ចប់ ធូប ១​ដុំ ទៀន​តូច ១​គីឡូក្រាម មីសួរ ១​គីឡូក្រាម ទឹកត្រី ៦​ដប ទឹកស៊ីអ៊ីវ​៦​ដប អំបិល ១​គីឡូក្រាម ប៊ីចេង​១​គីឡូក្រាម ត្រីខ ៥០​កំប៉ុង ខ្ទឹមស​២​គីឡូក្រាម​ថវិកា​មួយចំនួនទៀត ៕ សំរិត​

អត្ថបទដែលជាប់ទាក់ទង