ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទំហំ​ពាណិជ្ជកម្ម​កម្ពុជាអាមេរិក សរុប​បាន​កើនឡើង​ក្នុង ៣៧% ក្នុង​ឆ្នាំ ២០១៩ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ ២០១៨

61

 

​ភ្នំពេញ​៖ ពិធី​អបអរសាទរ​ខួប​លើក​ទី ២៤៤ នៃ​ទិវា​ឯករាជ្យ​ជាតិ​របស់​សហរដ្ឋអាមេរិក ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ថ្លែងថា ទំនាក់ទំនង​ផ្នែក​សេដ្ឋកិច្ច ពាណិជ្ជកម្ម​ទ្វេភាគី នៃ​ប្រទេស​កម្ពុជា​និង​អាមេរិក ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ដោយ​ទំហំ​ពាណិជ្ជកម្ម​សរុប​បាន​កើនឡើង​ក្នុង ៣៧% ក្នុង​ឆ្នាំ ២០១៩ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ ២០១៨ ដែលមាន​តម្លៃ​ប្រមាណ​ពី​ជាង ៤ ពាន់​លាន​ដុល្លារ​អាមេរិក​ដល់ ៥,៨ ពាន់​លាន​ដុល្លារ​អាមេរិក​។​

​នៅ​ថ្ងៃ​ពុធ ទី​១ ខែកក្កដា ឆ្នាំ​២០២០ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ចូលរួម​ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​២៤៤ នៃ​ទិវា​ឯករាជ្យ​ជាតិ​របស់ សហរដ្ឋអាមេរិក ដែល​បាន​ប្រារព្វ​ទ្បើង​នៅ​សណ្ឋាគារ Le Royal រាជធានី​ភ្នំពេញ​។

​ក្នុងឱកាស​ដ៏ វិសេសវិសាល​នេះ ក្នុងនាម​ប្រជាជន និង​រាជរដ្ឋាភិបាល​កម្ពុជា ឯកឧត្តម​រដ្ឋមន្ត្រី បាន​សំដែង​នូវ​ការអបអរសាទរ និង​ការ​ជូនពរ​ដ៏​កក់ក្តៅ​បំផុត ដល់​ប្រជាជន និង​រដ្ឋាភិបាល​សហរ​ដ្ឋ​អាមេរិក​។ ជាពិសេស ទិវា​នេះ​ពិតជា​ឱកាស​ដ៏​វិសេសវិសាល​មួយ ដោយហេតុថា​ការ​ប្រារព្ធ​ខួប​លើក​ទី ២៤៤ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​របស់​សហរដ្ឋអាមេរិក​ក្នុងឆ្នាំនេះ ក៏​ជាការ​ប្រារឰ​ខួប​លើក​ទី ៧០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​និង សហរដ្ឋអាមេរិក ផងដែរ​។​

​ក្នុងនោះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​លើកទ្បើង​អំពី​វឌ្ឍនភាព នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​សហរដ្ឋអាមេរិក តាមរយៈ​លទ្ធផល​ជា​ផ្លែផ្កា រាប់បញ្ចូល​ទាំង​ការបង្កើន​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម ការអប់រំ វប្បធម៌ ជំនួយ​បោសសំអាត​មីន ក៏ដូចជា​កម្មវិធី​រវាង ប្រជាជន និង​ប្រជាជន ជាដើម​។

​តួយ៉ាង ថ្មីៗ​នេះ ការសុំ​ចូល​ចត​របស់​នាវា​ទេសចរណ៍ Westerdam នៅ​កំពង់ផែ​សមុទ្រ​ក្រុងព្រះសីហនុ​ពិតជា​ផ្សារភ្ជាប់​ដួងចិត្ត​របស់​ប្រជាជន​យើង​ទាំងពីរ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បានបញ្ជាក់​ជូន​អំពី​ការដាក់ចេញ​នូវ​ប្រធានបទ​ចំនួន ១២ ផ្សេងគ្នា នៃ​វិភាគទាន​របស់​សហរដ្ឋ​អាមេរិក ក្នុងការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ដែល​ធ្វើ​ទ្បើង​ក្នុងពេល​ប្រារព្ធ​ខួប​លើក​ទី ៧០ ជា​ផ្លូវការ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ ដោយ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់​សុខុន និង ឯកឧត្តម​ឯកអគ្គរដ្ឋទូត Murphy ។​

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​ជម្រាបជូន ឯកឧត្តម​ឯកអគ្គរដ្ឋទូត Murphy និង​អង្គពិធី អំពី​សមិទ្ធិផល​ជាទី​ពេញចិត្ត ដែល​ប្រទេស​ទាំងពីរ​បាន​សហការ​គ្នា​ធ្វើ​នាពេល​ថ្មីៗ​នេះ ដូចខាងក្រោម ៖ ការភ្ជាប់​ចំណង​រវាង​ប្រទេស​យើង​ទាំងពីរ ដោយ​សង្កត់ធ្ងន់​លើ​សារសំខាន់ នៃ​ការជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ផ្អែកលើ​ការគោរព​អធិបតេយ្យភាព​គ្នា​ទៅវិញទៅមក និង​ការគោរព​គ្នា ក៏ដូចជា​បន្ត​ពង្រឹង​ថែមទៀត​នូវ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​។ កម្មវិធី​ផ្លាស់ប្តូរ​វប្បធម៌ និង​ការអប់រំ​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា ដែលមាន​គោលបំណង​ពង្រឹង និង​បង្កើន​ដំណើរ​ផ្លាស់ប្តូរ​ទស្សនកិច្ច នៃ​សមាជិក​សមាជិកា​សភា​និង​បុគ្គលិក​សភា​អាមេរិក និង​មន្ត្រី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ផ្សេងទៀត​មក​កម្ពុជា សំដៅ​ឲ្យ​យល់​ង​ដឹង​កាន់តែច្បាស់​អំពី​វប្បធម៌ និង​សង្គម នៃ​ប្រទេស​កម្ពុជា​។​

​ពាក់ព័ន្ធ​ផ្នែក​សេដ្ឋកិច្ច ពាណិជ្ជកម្ម​ទ្វេភាគី នៃ​ប្រទេស​ទាំងពីរ​មានការ​កើនឡើង​គួរឱ្យកត់សម្គាល់​ក្នុង រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ដោយ​ទំហំ​ពាណិជ្ជកម្ម​សរុប​បាន​កើនឡើង​ក្នុង ៣៧% ក្នុង​ឆ្នាំ ២០១៩ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ ២០១៨ ដែលមាន​តម្លៃ​ប្រមាណ​ពី​ជាង ៤ ពាន់​លាន​ដុល្លារ​អាមេរិក​ដល់ ៥,៨ ពាន់​លាន​ដុល្លារ​អាមេរិក​។​

​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រវាង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) និង​ទីភ្នាក់ងារ USAID នៅ​ឆ្នាំ​២០១៩ ដែលមាន​ទឹកប្រាក់​សរុប​ចំនួន ៥៦ លាន​ដុល្លារ​អាមេរិក សម្រាប់​គាំទ្រ វិស័យ​សុខាភិបាល ការអប់រំ កសិកម្ម និង​បរិស្ថាន​។
​តាងនាម​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា និង​ប្រជាជន​កម្ពុជា ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សហរដ្ឋអាមេរិក សម្រាប់​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដែល​គិត​ជា​ទឹកប្រាក់​ចំនួន ១១ លាន​ដុល្លារ​សហ​អាមេរិក ក្នុង​ការជួយ​កម្ពុជា​ដោះស្រាយ​ផលប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច និង​សុខភាព​របស់​ប្រជាជន​កម្ពុជា ៕​

អត្ថបទដែលជាប់ទាក់ទង