ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកស្លាប់​កើន​ដល់ ១៦២​នាក់​ក្នុង​ហេតុការណ៍ រអិល​បាក់​ដី​នៅ​កន្លែង​រក​រ៉ែ​ថ្ម​ប្រទេស​មី​យ៉ាន់​ម៉ា​

103

 

​ចំនួន​អ្នកស្លាប់​ដោយសារ​ការ​រអិល​បាក់​ដី​នៅ​កន្លែង​រក​រ៉ែ​ថ្ម ក្នុងប្រទេស​មី​យ៉ាន់​ម៉ា បាន​កើន​ដល់ ១៦២​នាក់ និង​សង្ស័យ​នៅមាន​អ្នកស្លាប់​ជាច្រើន​នាក់​ទៀត​។ នេះ​បើតាម​ការបញ្ជាក់​របស់​អាជ្ញាធរ​។​

​គ្រោះ​អកុសល​នោះ​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្បិ៍ នៅពេលដែល​កាកសំណល់​ដី នៅ​កន្លែង​រក​រ៉ែ​ថ្ម បាន​បាក់​ចូលក្នុង​ទន្លេ និង​បាន​កប់​កម្មករ​ជាច្រើន​អ្នក​។​

​គិតដល់​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​ពេល​ល្ងាច ក្រុម​ជួយសង្គ្រោះ​បាន​រកឃើញ​សាកសព​មនុស្ស​ចំនួន ១៦២​នាក់ ខណៈដែល​សកម្មភាព​រុក​រក​កំពុង​បន្ត​។

​ហេតុការណ៍​ដ៏​រន្ធត់​នោះ​កើតឡើង ក្រោយពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅក្នុង​រដ្ឋ Kachin ស្ថិត​នៅក្បែរ​ព្រំដែន​ប្រទេស​ចិន​។ នេះ​បើតាម​ការបញ្ជាក់​របស់​ភ្នាក់ងារ​ពន្លត់​អគ្គិភ័យ បង្ហោះ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​។​

​ប៉ូលិស​ប្រចាំ​តំបន់​ថ្លែងប្រាប់ AFP ដូច្នេះ​ថា កម្មករ​រក​រ៉ែ​មិន​អើពើ​ទៅនឹង​ការព្រមាន ដែល​មិនអោយ​មានការ​រុករក​នៅពេល​ភ្លៀង​ធ្លាក់​។​

​សូមបញ្ជាក់ថា ការ​រអិល​បាក់​ដី​កើតមាន​ជា​ញឹកញាប់​នៅ​តំបន់​ខាងលើ ជាពិសេស​នៅពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​។​

​កាលពី​ឆ្នាំ ២០១៥ មានការ​រអិល​បាក​ដី​ដ៏​ធំ​នៅក្នុង​ប្រទេស​នេះ បណ្តាល​ឲ្យ​មនុស្ស​ជាង ១០០​នាក់​ស្លាប់​។​

​មី​យ៉ាន់​ម៉ា​ជា​ប្រភព​នៃ​រ៉ែ​ថ្ម​ដ៏​សំខាន់ ហើយ​ឧស្សាហ៍កម្ម​រ៉ែ​មាន​តម្រូវការ​យ៉ាងច្រើន​សម្រាប់​ពី​ប្រទេស​ចិន​៕


អត្ថបទដែលជាប់ទាក់ទង