ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជន​ឆ្លៀតឱកាស ពី​ការបែងចែក​នឹង​ទទួល​ដីធ្លី នឹងត្រូវ​មានទោស​

12

 

​ភ្នំពេញ​៖ តាម​ការផ្សព្វផ្សាយ​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក សម្ដេចនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នៅ​ថ្ងៃទី​៥ ខែ កក្កដា ឆ្នាំ ២០២0 បានដឹងថា កាលពី​ថ្ងៃទី ៣ ខែ កក្កដា ឆ្នាំ ២០២0 នៅក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី បន្ទាប់ពី សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​បញ្ជា​ទៅ​ក្រសួង​ទាំង​៣ គឺ​ក្រសួងបរិស្ថាន ក្រសួងកសិកម្ម និង​ក្រសួង​រៀបចំ​ដែនដី ឲ្យ​កាត់​ឆ្វៀល​ដីជូ​ន​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​អាស្រ័យ​ផល​ក្នុង​តំបន់​អភិរក្ស តំបន់​សត្វព្រៃ និង​តំបន់​ការពារ​ផ្សេងៗ​របស់​រដ្ឋ ។​

សម្តេច​តេ​ជោ បានបញ្ជាក់​សង្កត់ធ្ងន់​ច្បាស់ៗ​ថា​៖

១)​ចំពោះ​ពលរដ្ឋ​ដែល​កំពុង​រស់នៅ​អាស្រ័យ​ផល​ជាក់ស្តែង​ក្នុង​តំបន់​ដី​រដ្ឋ​ដូច​បញ្ជាក់​ខាងលើ គឺ​ហាម​កាប់ឆ្ការ​ទន្ទ្រាន​វាតទី​យក​ដី​បន្ថែម គឺ​មិន​អនុញ្ញាត​ជាដាច់ខាត​។ កន្លងមក សម្តេច​តេ​ជោ បាន​សង្កេតឃើញ​មានតែ​អ្នកមានអំណាច និង​អ្នកមាន​ទ្រព្យ​ច្រើន​ប្រើ​អ្នកតូចតាច​ឲ្យ​ទៅ​កាប់​រុករាន​ទន្ទ្រាន​យក​ដី​អោយ​ខ្លួន​។ រីឯ​ចំពោះ​ក្រុម​ជនខិលខូច​ដែល​ទៅ​ទន្ទ្រាន​យក​ដី​រដ្ឋ​ក្នុង​មួយ​យប់​ធ្វើបាន​ខ្ទម​ពី​១០​ទៅ​
២០ ក៏​សម្តេច​តេ​ជោ​បានដឹង​នឹង​កំណត់​អត្តសញ្ញាណ​និង​មុខសញ្ញា​រួច​អស់ហើយ​ដែរ​។ បើ​រកឃើញថា​អ្នក​ទាំង​នោះបាន​ប្រព្រឹត្តិ​មែន​នោះ​គឺ​នឹងត្រូវ​ចាប់ខ្លួន​។​

២) ចំពោះ​ការបែងចែក​ដីជូ​ន​ប្រជាពលរដ្ឋ គឺ​ក្រសួង​ពាក់ព័ន្ធ និង​អាជ្ញាធរ​ត្រូវធ្វើ​ឲ្យ​បាន​ហ្មត់ចត់​ត្រឹមត្រូវ ហាម​ដាច់ខាត​ឆ្លៀត​កេងចំណេញ​យក​ចំណែក​ខ្លួន ពី​ការបែងចែក​ដីជូ​ន​ពល​រដ្ឋ គឺ​នឹងត្រូវ​ទទួលទោស​ជា​កំហិត​។​

៣)​ក្រៅពី​កាត់​ឆ្វៀល​ដីជូ​ន​ប្រជាពលរដ្ឋ​ទៅតាម​ទំហំ​រស់នៅ​ជាក់ស្តែង គឺ​រដ្ឋ​នឹង​បន្ថែម​ជូន​ផ្ទៃដី​១០% ជា​ប្រយោជន៍​រួម​សម្រាប់​សហគមន៍​ប្រើប្រាស់​ជា​ព្រៃ​រក​ឱ​ស និង​ជា​ជម្រក​សត្វ​គោក្របី​ស៊ី​ស្មៅ​ជាដើម​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានបញ្ជាក់​សាជាថ្មី​ដល់​មន្ត្រី អ្នកមានអំណាច និង​អ្នកមាន​ទ្រព្យធន​ស្តុកស្តម្ភ​ទាំងឡាយ ល្មម​ចេះ​ឆ្អែត និង​ចេះ​គ្រប់គ្រាន់​ហើយ ហើយ​ឈប់​ធ្វើបាប​ប្រជាពលរដ្ឋ​តទៅទៀត​។​

អត្ថបទដែលជាប់ទាក់ទង