ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ ឈប់ឱ្យបិតផ្សាយប័ណ្ណព័ត៌មាន ការចែកខិត្តប័ណ្ណ និងប្រើឧបករណ៍បំពងសំឡេង ផ្សព្វផ្សាយពាណិជ្ជកម្ម នៅតាមទីសាធារណៈ

65

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងដល់គ្រប់អង្គភាព ស្ថាប័នឯកជន វិទ្យាស្ថានអប់រំ អង្គការ សមាគម
និងក្រុមហ៊ុននានា ឲ្យបញ្ឈប់ជាបន្ទាន់ នូវការបិតផ្សាយបណ្ណព័ត៌មាន ការចងផ្ទាំងផ្សាយអនាធិបតេយ្យ ការចែកខិត្តប័ណ្ណផ្សេងៗ
និងប្រើឧបករណ៍បំពងសំឡេង ផ្សព្វផ្សាយពាណិជ្ជកម្ម នៅតាមទីសាធារណៈ។

បើតាមសេចក្ដីជូនដំណឹង នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០នេះបានឲ្យដឹងថា កន្លងមក រដ្ឋបាលរាជធានីភ្នំពេញ ធ្លាប់បានធ្វើការណែនាំ
ឲ្យបញ្ឈប់ការបិតផ្សាយប័ណ្ណព័ត៌មាន ការចងផ្ទាំងផ្សាយអនាធិបតេយ្យ ការចែកខិត្តប័ណ្ណផ្សេងៗ និងប្រើឧបករណ៍បំពងសំឡេង
ផ្សព្វផ្សាយពាណិជ្ជកម្ម នៅតាមទីសាធារណៈជាច្រើនលើក។ ប៉ុន្តែបច្ចុប្បន្ន រដ្ឋបាលរាជធានីភ្នំពេញ នៅតែសង្កេតឃើញមានអង្គភាព
ស្ថាប័នឯកជន វិទ្យាស្ថានអប់រំ ក្រុមហ៊ុននានា បន្តធ្វើការចងផ្ទាំងផ្សាយអនាធិបតេយ្យ ចែកខិត្តប័ណ្ណ តាមភ្លើងស្តុប បិតផ្សាយព័ត៌មាន
ប័ណ្ណផ្សាយពាណិជ្ជកម្ម នៅតាមបង្គោលភ្លើង ដើមឈើ របងអគារសាធារណៈ របងការដ្ឋាន រមណីយដ្ឋាន គូរគំនូរអាហ្វីស
ការប្រើប្រាស់ឧបករណ៍បំពងសំឡេង (ឧគ្ឃេសនសព្ទ) ផ្សព្វផ្សាយពាណិជ្ជកម្ម ការដង្ហែក្បួន ផ្សព្វផ្សាយផលិតផលផ្សេងៗ
នៅតាមរថយន្ត ម៉ូតូ រ៉ឺម៉ក និងការដាក់ឆត្រ តាមដងផ្លូវសាធារណៈចែកស៊ីមកាត ព្រមទាំងចែកខិត្តប័ណ្ណផ្សេងៗ
ដែលបង្កឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សោភ័ណភាព សណ្ដាប់ធ្នាប់សាធារណៈ អនាម័យ និងបរិស្ថានក្នុងរាជធានីភ្នំពេញ។

ដើម្បីរួមចំណែកលើកកម្ពស់សោភណភាព និងកិត្យានុភាពរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ សូមជូនដំណឹងជាថ្មីម្ដងទៀត
ដល់គ្រប់អង្គភាព ស្ថាប័នឯកជន វិទ្យាស្ថានអប់រំ អង្គការ សមាគម និងក្រុមហ៊ុននានា ត្រូវបញ្ឈប់ជាបន្ទាន់
នូវការចងផ្ទាំងផ្សាយអនាធិបតេយ្យ ចែកខិត្តប័ណ្ណតាមភ្លើងស្តុប បិតផ្សាយប័ណ្ណព័ត៌មាន ប័ណ្ណផ្សាយពាណិជ្ជកម្មនៅតាមបង្គោលភ្លើង
ដើមឈើ របងអគារសាធារណៈ របងការដ្ឋាន រមណីយដ្ឋាន គូរគំនូរអាហ្វីស ការប្រើប្រាស់ឧបករណ៍បំពងសំឡេង (ឧគ្ឃេសនសព្វ)
ផ្សព្វផ្សាយពាណិជ្ជកម្ម ការដង្ហែក្បួន ផ្សព្វផ្សាយផលិតផលផ្សេងៗ នៅតាមរថយន្ត ម៉ូតូ រ៉ឺម៉ក
និងការដាក់ឆត្រតាមដងផ្លូវសាធារណៈចែកស៊ីមកាត ព្រមទាំងចែកខិត្តប័ណ្ណផ្សេងៗ។

ទន្ទឹមនេះ រដ្ឋបាលរាជធានីភ្នំពេញ ស្នើឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងរាជធានីភ្នំពេញ រួមទាំងរដ្ឋបាលខណ្ឌ សាលាសង្កាត់
និងនគរបាលប៉ុស្តិ៍ ត្រូវយកចិត្តទុកដាក់ សហការឃ្លាំមើល និងមានវិធានការយ៉ាងម៉ឺងម៉ាត់បំផុត
ចំពោះជនដែលបានប្រព្រឹត្តនូវសកម្មភាពអវិជ្ជមានទាំងនេះ ហើយត្រូវធ្វើការអប់រំ ឬតម្រូវឲ្យចុះកិច្ចសន្យា ចំពោះមុខសមត្ថកិច្ច
ឲ្យបានច្បាស់លាស់ ព្រមទាំងតម្រូវឲ្យចុះប្រមូល ឲ្យបានស្អាតនូវសម្ភារដែលបានបង្កឲ្យបាត់បង់សោភ័ណភាព
និងរបៀបរៀបរយសង្គម។

រដ្ឋបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ក្នុងករណីមិនរាងចាល ត្រូវធ្វើការផាកពិន័យទៅតាមស្ថានទម្ងន់ទោស
ដែលសាមីជនបានប្រព្រឹត្ត ឬផ្អាកអាជីវកម្ម ក្នុងករណីធ្ងន់ធ្ងរ ត្រូវបញ្ជូនខ្លួនទៅតុលាការ៕

អត្ថបទដែលជាប់ទាក់ទង