ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សូមចូលរួមអបអរសាទរ ខួប១២ឆ្នាំនៃការដាក់ បញ្ចូលប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ប្រកបដោយមោទនភាពជាតិ

78
ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ នេះជាខួប១២ឆ្នាំនៃការដាក់បញ្ចូលប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយ ចាប់តាំងពីកម្ពុជា ឈ្នះក្តីលើប្រទេសថៃនៅតុលាការអន្តរជាតិក្រុងឡាអេ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។
យើងមានមោទនភាពជាតិ និងដឹងគុណប្រមុខរាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រជាពលរដ្ឋ និងផ្នែកពាក់ព័ន្ធទាំងអស់ដែលបានចូលរួមប្រកបដោយស្មារតីស្នេហាជាតិក្នុងការថែរក្សាសម្បត្តិវប្បធម៌ជាតិ ជាបេតិកភណ្ឌពិភពលោក។
ខាងក្រោមនេះជាប្រវត្តិនៃដំណើរការ ការដាក់បញ្ចូលប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក៖
នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០០៦ កម្ពុជា បានបញ្ជូនឯកសារសម្រេចទៅមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក យូណេស្កូ នៅទីក្រុងប៉ារីស។
នៅថ្ងៃទី២៣ ដល់ ២៩ ខែតុលា ឆ្នាំ២០០៦ ក្រុមបេសកកម្មបច្ចេកទេសរបស់តំណាងក្រុមប្រឹក្សាអន្តរជាតិវាយតម្លៃប្រាង្គប្រាសាទ និងរមណីយដ្ឋាន (ICOMOS) បានមកធ្វើទស្សនកិច្ចសិក្សា និងវាយតម្លៃនៅប្រាសាទព្រះវិហារ។
បន្ទាប់មក នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០០៧ ក្រុមប្រឹក្សាអន្តរជាតិស្ដីពីប្រាង្គប្រាសាទ និងរមណីយដ្ឋាន (ICOMOS) បានអនុម័តសំណើចុះបញ្ជីប្រាសាទព្រះវិហារ។
នៅថ្ងៃទី២៣ ខែមិថុនា ដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០០៧ សម័យប្រជុំលើកទី៣១ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងក្រៃឆឺច ប្រទេសណូវែលហ្សឺឡង់ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានពិនិត្យសំណុំឯកសារទាំងអស់ពាក់ព័ន្ធនឹងសំណើនេះ។ គ្រានោះ គណៈកម្មាធិការបានទទួលស្គាល់ថា ប្រាសាទព្រះវិហារមានសារសំខាន់ជាអន្តរជាតិ ហើយយល់ព្រមជាគោលការណ៍ ចំពោះការប្រកាសដែលត្រូវតែដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
ទីបំផុតនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ប្រាសាទព្រះវិហារ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅទីក្រុងកេប៊ិច ប្រទេសកាណាដា នាសម័យប្រជុំ លើកទី៣២។
គួរបញ្ជាក់ថា ប្រាសាទព្រះវិហារ ត្រូវបានកសាងដោយ ព្រះបាទសូរ្យវរ្ម័នទី១ និងព្រះបាទសូរ្យវរ្ម័នទី២ នៅសតវត្សរ៍ទី១១ ដល់ ១២។ ប្រាសាទនេះ ស្ថិតនៅក្នុងភូមិស្វាយជ្រំ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅលើខ្នងភ្នំដងរែក មានចម្ងាយ ៤០៥ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។
អត្ថបទដែលជាប់ទាក់ទង