ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេច​ក្រឡាហោម ស ខេង បញ្ជាក់​សារជាថ្មី​ថា រាជរដ្ឋាភិបាល​រឹតបន្ដឹង​ច្បាប់​ចរាចរណ៍ គឺ​ដើម្បី​ការពារ​អាយុជីវិត ប្រជាពលរដ្ឋ និង​ទ្រព្យសម្បត្តិ​

56


ភ្នំពេញ៖ ​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈ ក​ម្មា​ធិ​ការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក (​គ​.​ស​.​ច​.​គ​) មានប្រសាសន៍ថា រាជរដ្ឋាភិបាល បាន​រឹតបន្ដឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ក្នុង​គោលបំណង​ដើម្បី​ការពារ​អាយុជីវិត ប្រជាពលរដ្ឋ និង​ទ្រព្យសម្បត្តិ ជាដើម មិនមែន​ដាក់បន្ទុក​ទៅលើ​ប្រជាពលរដ្ឋ ដូច​ក្រុម​អ្នក​រិះគន់​គិត​នោះឡើយ​។​
​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រចាំឆមាស​ទី​១ ឆ្នាំ​២០២០ នា​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២០ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ សម្ដេច​ក្រឡាហោម ស ខេង មានប្រសាសន៍ថា «​មាន​គេ​លើកឡើងថា (​ក្រុម​អ្នក​រិះគន់​) ប្រជាជន​យើង​កំពុង​រង​ផលប៉ះពាល់​ជំងឺ​កូ​វីដ​-១៩ យើង​ដាក់បន្ទុក​ទៅលើ​ប្រជាពលរដ្ឋ​ទៀត តាមរយៈ​នៃ​ការ​រឹតបន្ដឹង​ច្បាប់​ចរាចរណ៍ ដោយមាន​ការផាកពិន័យ​យ៉ាងធ្ងន់ធ្ងរ ហើយ​មាន​អ្នកខ្លះ​ទៀតថា រឹតបន្ដឹង​ដើម្បី​យកលុយ​ប្រជាពលរដ្ឋ​»​។​
​សម្ដេច​ក្រឡាហោម បញ្ជាក់ថា នាពេល​បច្ចុប្បន្ននេះ​រាជរដ្ឋាភិបាល បាន​យកចិត្តទុកដាក់​លើ​បញ្ហា​ជំងឺ​កូ​វីដ​-១៩ ហើយ​រហូតដល់​ពេលនេះ មាន​អ្នកជំងឺ​កូ​វីដ​-១៩​នៅ​កម្ពុជា​ចំនួន​១៤១​នាក់ និង​មិនទាន់មាន​អ្នក​ណាមួយ​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩​ឡើយ ក៏ប៉ុន្ដែ​ងាក​មក​មើល​គ្រោះ​ចរាចរ ណ៍​វិញ​មាន​អ្នកស្លាប់​ជា​រៀងរាល់ថ្ងៃ ដូច្នេះ​អ្នក​រិះគន់​បញ្ហា​រឹតបន្ដឹង​ច្បាប់​ចរាចរណ៍ គ្រាន់តែ​លេស និង​ធ្វើការ​ដោយ​មិន​ច្បាស់លាស់ ហាក់បីដូចជា ចង់​ឲ្យ​ប្រជាជន​ស្លាប់​បន្ដទៀត​។ សម្ដេច​ក្រឡាហោម បន្ថែមថា អ្នក​រិះគន់​ចំពោះ​បញ្ហា​ច្បាប់​ចរាចរណ៍​ថ្មី គឺ​មិន​ឲ្យ​តម្លៃ​ប្រជាពលរដ្ឋ ហើយ​ត្រូវ​គិតពិចារណា​អោយបាន​ត្រឹមត្រូវ​ឡើងវិញ​។ សម្ដេច​ក្រឡាហោម​បន្ដថា គោលបំណង​នៃ​ការ​រឹតបន្ដឹង​ច្បាប់​ចរាចរណ៍​សព្វថ្ងៃនេះ គឺ ដើម្បី​ការពារ​ទ្រព្យសម្បត្តិ និង​អាយុជីវិត​ប្រជាពលរដ្ឋ​តែប៉ុណ្ណោះ ប្រសិនបើ​ប្រជាពលរដ្ឋ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា សមត្ថកិច្ច​មិន​ផាកពិន័យ​ឡើយ​។​
​ជាងនេះទៅទៀត សម្ដេច​ក្រឡាហោម ស ខេង មានប្រសាសន៍​បន្ថែមថា «​ប្រសិនបើ​រាជរដ្ឋាភិបាល​បន្ធូ​ការ​រិត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នឹង មាន​ប្រជាពលរដ្ឋ​ស្លាប់​កាន់តែច្រើន​។ ដូច្នេះ​ទើប​រាជរដ្ឋាភិបាល បាន​រឹតបន្ដឹង​ចរាចរណ៍​បែបនេះ ដើម្បី​ឲ្យ​បណ្ដា​ប្រទេស​ជា​មិត្ត​កោត​ស​សើរ​កម្ពុជា​»​។​
​សូមជម្រាបថា យោងតាម​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រចាំឆមាស​ទី​១ និង​ទិសដៅ​ការងារ ឆមាស​ទី​២ ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា ការ​រឹតបន្ដឹង​ច្បាប់ ស្ដីពី​ចរាចរណ៍​ផ្លូវគោក​តាម​អនុក្រឹត្យ លេខ​៣៦ អនក្រ​.​បក រយៈពេល​២​ខែ (​ឧសភា​-​មិថុនា​) បាន​ពិន័យ​សរុប​ចំនួន​៨៣.៣៨៦​ករណី ក្នុងនោះ​ម៉ូតូ​ចំនួន​៦១.០២២​នាក់ ស្មើ​៧៣% និង​រថយន្ដ​ចំនួន​២២.៣៦៤​ករណី ស្មើ​២៧%​។
​បន្ថែម​ពីនេះ ការអនុវត្ត​បង់ប្រាក់​ពិន័យ​តាម​ស្នាក់ការ​នគរបាល​ចរាច​រណ៍​ផ្លូវគោក ដែល​បានកំណត់​ទទួល បាន​ប្រាក់​ពិន័យ ចំនួន ១២.៥០១.១៨៥.០០០​រៀល ក្នុងនោះ មិនទាន់​បង់ប្រាក់​ពិន័យ​ចំនួន​២០%៕​

អត្ថបទដែលជាប់ទាក់ទង