ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ខៀវ កាញារីទ្ធ ជំរុញឲ្យប្រព័ន្ធផ្សព្វផ្សាយ របស់រដ្ឋទាំងអស់ត្រូវបង្កើនផលិតកម្មវិធីថ្មីៗទាក់ទងនិងការងារកសិកម្ម ឲ្យបានច្រើន

72

 

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានជំរុញបានឲ្យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋទាំងអស់ ផលិតកម្មវិធីថ្មីៗទាក់ទងនិងការងារកសិកម្ម ឲ្យបានច្រើនបន្ថែមទៀត ដើម្បីឲ្យប្រជាកសិករបានយល់ដឹងពីការធ្វើកសិកម្មតាមបច្ចេកវិទ្យាថ្មី និងអាចរកប្រាក់ចំណូលបានច្រើន។ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ថ្លែងបែបនេះក្នុងឱកាសនៃកិច្ចប្រជុំ សាមញ្ញប្រចាំសប្តាហ៍ដើមកក្កដា ជាមួយថ្នាក់ដឹកនាំ ក្រសួង ព័ត៌មាន កាលពីរសៀលថ្ងៃទី០៧ កក្កដានេះ ។ លោកបានជំរុញអោយ គ្រប់អង្គភាពផ្សព្វផ្សាយ របស់រដ្ឋ ត្រូវធ្វើការផលិតកម្មវិធីថ្មីៗ ក៏ដូចជាផលិតឯកសារ បទយកការណ៍ផ្សេងៗ មានប្រជាពលរដ្ឋមិនសូវបានដឹង ដើម្បីអោយមានការយល់ច្បាស់ ពិសេស ពន្យល់ពី កម្មវិធី ផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលទាក់ទងនិងការប្រែប្រួលអាកាសធាតុ ហៅកាត់ថា អាស់ស្ពាយ ASPIREដែលមានសារសំខាន់សម្រាប់ប្រជាសិករ ក្នុងការធ្វើកសិកម្ម តាមបច្ចេកវិទ្យាថ្មី អាចរកប្រាក់ចំណូលបានច្រើន ជាពិសេសឈ្នះទៅលើបំរែបម្រួល អាកាសធាតុ។
ជាមួយនេះត្រូវផ្សព្វផ្សាយពីការងារថ្មីៗដែល ប្រជាពលរដ្ឋបានធ្វើ ហើយទទួលបាន ជោគជ័យ ដូចជាការចិញ្ចឹមកង្កែប មាន់ ទា ដាំដុះដំណាំកសិកម្ម ជាដើម ដើម្បីអោយយុវជន ដែលគ្មានការងារ ធ្វើក្នុងពេលវិប្បត្តិជំងឺកូវីដ ១៩ ងាកមកធ្វើកិច្ចការងារនេះវិញ ដែលអាចរក ប្រាក់ចំណូលចិញ្ចឹម ជីវភាពរស់បានល្អប្រសើរ។

លោករដ្ឋមន្រ្តី ក៏បានជំរុញអោយទូរទស្សន៍ជាតិកម្ពុជា ផលិតកម្មវិធី ទាក់ទងទៅនិងភាពជោគជ័យរបស់ភោជនីយដ្ឋានមួយចំនួន ក៏ដូចជាសំភាសន៍ ចុងភៅដែល មានបទពិសោធន៍ ស្នាដៃល្អទទួលបានការគាំទ្រច្រើន ពីអ្នកដែលបានទទួល ទាន អាហារទាំងនោះ ហើយផ្សាយអោយបានទូលំទូលាយ សម្រាប់ជាការលើកទឹកចិត្តនូវអ្វី ដែលបានប្រឹង ប្រែង ធ្វើ ពិសេសផ្សាយពីកន្លែងជាច្រើនដែលយុវជនគ្មានការងារធ្វើ អាចទៅ ស្វែងរកធ្វើបាន។
ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី បានបន្តជំរុញលើកទឹកចិត្តអោយថ្នាក់ដឹកនាំ មន្រ្តីគ្រប់ លំដាប់នៃក្រោមឱវាទក្រសួងព័ត៌មាន ត្រូវបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង អោយរឹងមាំក៏ដូចកិច្ច សហការ ជាមួយអង្គភាព ស្ថាប័នដទៃទៀតបានល្អ ដើម្បីបន្តបំពេញនូវរាល់កិច្ចការងារ អោយ សម្រេចទទួលបានលទ្ធផលថ្មីៗបន្ថែមទៀត ជាពិសេសធ្វើអោយវិស័យព័ត៌មាន និងសោត ទស្សន៍ នៅកម្ពុជាកាន់តែរីកចម្រើនទៅមុខទៀត៕ សំរិត

អត្ថបទដែលជាប់ទាក់ទង