ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ថានីយបណ្ដុះកូនឈើ៨ហិកតា របស់អាជ្ញាធរជាតិអប្សរា បណ្ដុះប្រភេទពូជឈើកម្រ៥ប្រភេទនៅកម្ពុជា

12

 

ព្រៃឈើ គឺផ្នែកមួយដ៏សំខាន់ក្នុងរមណីយដ្ឋានអង្គរ និងបានបំពេញតួនាទីស្នូលក្នុងការបង្កើនគម្របព្រៃឈើ បរិស្ថាន និងអភិរក្សក្នុងរមណីយដ្ឋានអង្គរ។ ក្នុងន័យនេះ ស្ថានីយបណ្ដុះកូនឈើ៨ហិកតា ជាស្ថានីយមួយក្នុងចំណោមស្ថានីយទាំង៤ របស់អាជ្ញាធរជាតិអប្សរាក្នុងការងារបណ្ដុះកូនឈើសម្រាប់ដាំដុះទាំងក្នុងតំបន់រមណីយដ្ឋានអង្គរ និងចែកចាយជូនទៅដាំនៅខាងក្រៅរមណីយដ្ឋានអង្គរ។

លោក ស៊ិន សុផាណារ៉េត បុគ្គលិកទទួលបន្ទុកនៅស្ថានីយបណ្ដុះកូនឈើ៨ហិកតា ឱ្យដឹងថាក្នុងចំណោមប្រភេទកូនឈើជាច្រើន ស្ថានីយនេះបានបណ្ដុះប្រភេទឈើប្រណិតកម្រចំនួន៥ ប្រភេទនៅកម្ពុជា ដូចជាឈើបេង ឈើគ្រញូង ឈើធ្នង់ ឈើច្រេះ និងឈើនាងនួន។ ស្ថានីយបណ្តុះប្រភេទកូនឈើទាំងនោះដោយធ្វើការប្រមូលគ្រាប់ពូជពីព្រៃក្នុងរមណីយដ្ឋានអង្គរ ការផ្តល់ដោយវិស័យឯកជន និងទិញពីផ្សារ ដូចជាឈើនាងនួនជាដើម។

លោកបន្តថា ក្នុងមួយឆ្នាំៗស្ថានីយបណ្ដុះកូនឈើ៨ហិកតាអាចមានលទ្ធភាពបណ្ដុះកូនឈើជាមធ្យមជាង២ម៉ឺនដើម តែសម្រាប់ឆ្នាំមុន ស្ថានីយបានបណ្ដុះរហូតដល់ជិត៥ម៉ឺនដើម។ប៉ុន្តែការបណ្ដុះកូនឈើទាំងនេះមានការលំបាកបន្ដិច ដោយសារពូជខ្លះដូចជាបេង ត្រូវការស្រុះទឹកក្ដៅ និងកាប់ច្រៀកវាសិន ទើបកូនឈើទាំងនោះឆាប់ដុះ និងដុះក្នុងបរិមាណច្រើន៕

អត្ថបទដែលជាប់ទាក់ទង