ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រឡាយបង្ហូរទឹកមានសារៈ សំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋ មិនថានៅក្នុងក្រុងនិងនៅជនបទ

105

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួងស្រេងបានបញ្ជាក់ថា ប្រឡាយបង្ហូរទឹកមានសារៈប្រយោជន៍យ៉ាងខ្លាំងសម្រាប់ប្រជាពលរដ្ឋទូទៅ ដោយសម្រាប់ប្រជាពលរដ្ឋដែលរស់នៅជនបទ ប្រកបមុខរបរធ្វើស្រែចំការ ប្រឡាយ
ទឹកនេះហើយ ជាអ្នកផ្ដល់ទឹកឲ្យប្រជាពលរដ្ឋស្រោចស្រពស្រែ ចម្កា ផលដំណាំផ្សេងៗ ។តែសម្រាប់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញវិញ ប្រឡាយបង្ហូរទឹកក៏មានសារៈសំខាន់ ខ្លាំងណាស់ដែរ ដោយវាអាចរំដោះទឹកលិចលង់លំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅទីក្រុងបានយ៉ាងប្រសើរ។
ការបញ្ជាក់បែបនេះរបស់លោកឃួង ស្រេង បានធ្វើឡើងកាលពីព្រឹកថ្ងៃទី០៨ខែកក្កដាឆ្នាំ២០២០ ខណៈដែរ លោកបានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរដែនដី ចុះពិនិត្យមើលស្ថានីយបូមទឹកលូប្រាំនិងប្រឡាយបង្ហូរទឹកលូប្រាំ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។
ក្នុងឱកាសនោះដែរលោកឃួង ស្រេងក៏បានជំរុញឲ្យ
មន្ត្រីពាក់ព័ន្ធអាជ្ញាធរដែនដី កំណត់ឲ្យបានច្បាស់ ពីដី
សាធារណៈរបស់រដ្ឋនិងដីជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋខណៈដែរប្រឡាយខាងលើ ត្រូវបានប្រជាពលរដ្ឋមួយចំនួនសង់លំនៅដ្ឋានរំលោភនៅលើប្រឡាយជាមួយនឹងការចាក់ដីបំពេញប្រឡាយរំលោភយកជាកម្មផងដែរនោះ។
លោកបញ្ជាក់ផងដែរថា ជាជំហររបស់រដ្ឋបាលរាជធានីភ្នំពេញយើងនឹងបង្កើតឲ្យមានក្រុមការងារមួយដែលមានការចូលរួមពីការិយាល័យសូរិយោដីខណ្ឌ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញដើម្បីចុះបាញ់ថ្នាំកំណត់ទីតាំងឱ្យបានច្បាស់នឹងធ្វើការណែនាំប្រជាពលរដ្ឋដែលរំលោភប្រឡាយខាងលើអោយរុះរើចេញ។
បើតាមការបញ្ជាក់ទីអាជ្ញាធរមូលដ្ឋានថា ប្រឡាយលូប្រាំនេះមានទទឹង៥០ម៉ែត្រ ដោយទុកផ្លូវសងខាង ហើយត្រូវបានប្រជាពលរដ្ឋរំលោភយកចំនួនជាង១០០គ្រួសារ ដោយក្នុងនោះ នៅភូមិឬស្សី១សង្កាត់ស្ទឹងមានជ័យ៣ ចំនួន៣៥គ្រួសារនិងភូមិឬស្សី ២ចំនួន៧៦គ្រួសារ ។ពួកគាត់ទាំងនេះបានសង់លំនៅដ្ឋានរំលោភនៅលើតួប្រឡាយតែម្ដង។
គួរបញ្ជាក់ថា ស្ថានីយបូមទឹកលូ៥ មានទីតាំងស្ថិតនៅចំណុចមុំបី ចំណុចប្រសព្វ៣ខណ្ឌ គឺខណ្ឌមានជ័យ ពោធិសែនជ័យនិងខណ្ឌដង្កោ។ ប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកជំនន់ទឹកភ្លៀងចេញពីតំបន់ជាច្រើននៅក្នុងខណ្ឌទាំង៣នេះតែម្តង។
ស្ថានីយបូមទឹកលូ៥នេះ គឺជាទីតាំងយុទ្ធសាស្ត្រមួយ ក្នុងការបូមទឹកចេញពីតំបន់ខាងកើតព្រលានយន្តហោះ តំបន់ចោមចៅ តំបន់ត្រពាំងថ្លឹង ភូមិគោកបញ្ជាន់ តំបន់ផ្សារស៊ិនជូរីផ្លាហ្សា តំបន់ថ្មគោល ផ្លូវ២០០៤ និងមួយផ្នែកទៀតពីសង្កាត់ទឹកថ្លា ខាងត្បូងមហាវិថីសហព័ន្ធរុស្សុី ដែលមានទំហំផ្ទៃរងទឹកភ្លៀងរហូតដល់១០២៨ហិកតា។ ស្ថានីយបូមទឹកលូ៥ សាងសង់ឡើងជាអគារថ្មី មានបណ្តោយ១៨,៩ម៉ែត្រ ទទឹង ១០,៩ម៉ែត្រ បំពាក់បំពង់ បូមទឹក៤គ្រឿង ក្នុងនោះ បំពង់ មុខកាត់៨តឹក ២គ្រឿង និងបំពង់មុខកាត់១ម៉ែត្រចំនួន២គ្រឿង ដែលអាចមានសមត្ថិភាពបូមទឹកបាន៥ម៉ែត្រគុប ក្នុងមួយវិនាទីនិងស្មើនិង២៨៨០០ម៉ែត្រគុបក្នុង១ម៉ោង ។ ប្រឡាយនេះនាំទឹកហូរទៅប្រឡាយម័រ បន្តទៅជើងឯក និងបន្តទៅស្ទឹងជ្រៅ ខេត្តកណ្តាលទើបហូរចូលទន្លេ៕

 

អត្ថបទដែលជាប់ទាក់ទង