ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការខ្ចី​លុយ​គេ​ច្រើន​លើសលុប មិនអាច​ដោះស្រាយ​បញ្ហា​បានទេ ដែល​តម្រូវឱ្យ​មានការ​ចាយ​ឱ្យចំ​មុខ​

107

 

​ភ្នំពេញ​៖ រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​សេដ្ឋកិច្ច​បាន​អះអាងថា ទោះបីជា​វិបត្តិ​កូ​វីដ​-១៩ បាន វាយប្រហារ​មកលើ​សេដ្ឋកិច្ចកម្ពុជា​ខ្លាំង​យ៉ាងណាក៏ដោយ តែ​ក្នុង​រយៈពេល​៥​ខែ​ដំបូង ក្នុង ឆ្នាំ​២០២០​នេះ ការនាំចេញ​របស់​កម្ពុ​ជា នៅមាន​ភាព​វិជ្ជមាន​នៅឡើយ​។​

​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​វិធានការ​របស់​រាជរដ្ឋាភិបាល ដែល​បាន​ដាក់ចេញ នាពេល​កន្លងមក​ក្នុងការ​ឆ្លើយតប​ទៅនឹង​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ នា​ព្រឹក​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០២០ នៅ​ទីស្ដីការក្រសួង​សេដ្ឋកិច្ច ឯកឧត្ដម វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ថ្លែងថា ក្នុង​រយៈពេល​៥​ខែ ឆ្នាំ​២០២០​នេះ វិស័យ​កាត់ដេរ​កម្ពុជា មានការ​ធ្លាក់ចុះ​ខ្លាំង​ដោយហេតុថា ទីផ្សារ​អឺរ៉ុប និង​អាម៉េរិក​មួយចំនួន បាន​ផ្អាក​ការបញ្ជាទិញ​សិន ព្រោះតែ​វិបត្តិ​កូ​វីដ​-១៩​។ ឯកឧត្ដម​បានបញ្ជាក់​ថា ប៉ុន្តែ​បើ​យើង​មើល​វត្ថុ​ផ្សេងទៀត​ដែល​យើង​នាំចេញ យើង​អត់​ទាន់​ធ្លាក់​នៅឡើយ​ទេ ឧទាហរណ៍ ទំនិញ​កសិកម្ម ទំនិញ​មិនមែន​កាត់ដេរ​ដូចជា​កង់ អេឡិចត្រូនិក គឺ​វា​កើន​។ ក្នុង​រយៈពេល​៥​ខែ ដំបូង​នេះ ការនាំចេញ របស់​យើង​ធៀប​នឹង​ឆ្នាំទៅ មិនទាន់​អវិជ្ជមាន​នោះទេ នៅ​បូក​នៅឡើយ​។​ឯកឧត្ដម​បានលើកឡើង​ថា ក្នុង​រដូវ​កាល​កូ​វីដ​-១៩​នេះ រាជរដ្ឋាភិបាល ត្រៀម​ថវិកាជាតិ ប្រមាណ​ជាង​១,០០០​លាន​ដុល្លារ​អាម៉េរិក​។ ឯកឧត្ដម​បាន​ថ្លែងថា “​ចំណាយ​ទៅលើ​កូ​វីដ ចង់​សរុប​ថា មួយ​ចុងក្រោយ​សរុបទៅ​នេះ យើង​ត្រៀម​លុយ​ចំណាយ​ទៅលើ​កូ​វីដ​-១៩ ទាំង​ជំងឺ ទាំង​ផលប៉ះពាល់​សង្គម និង​ជួយ​ដល់​វិស័យ​ឯកជន​ជា​លុយ​ថវិកាជាតិ មាន​ចំនួន​១,១៦៤​លាន​ដុល្លារ​”​។​

​ជាមួយគ្នានេះដែរ ឯកឧត្ដម​បាន​បន្ដថា សម្រាប់​ជំនួយ​សង្គម រាជរដ្ឋាភិបាល បាន​ត្រៀម​ថវិកា​ចំនួន​៣០០​លាន​ដុល្លារ សម្រាប់​ជួយ​ដល់​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ក្នុងអំឡុងពេល​វិបត្ដិ​កូ​វីដ​-១៩​នេះ​។ ទន្ទឹមនេះ ក្នុង​ខែសីហា ឆ្នាំ​២០២០​នេះ គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ នឹង​កើន​ចំនួន​២​ម៉ឺន​គ្រួសារ​បន្ថែមទៀត ហើយ​រាជរដ្ឋាភិបាល បាន​ត្រៀម​ថវិកា​ទុក​រួចរាល់​ហើយ​ផងដែរ ដើម្បី​ចំណាយ​ទៅលើ​ពួកគេ​។ ឯកឧត្ដម​រដ្ឋលេខាធិកា​រ​ប្រចាំការ​បានបញ្ជាក់​បន្ថែម​ថា មូលនិធិ​កូ​វីដ​-១៩​ដែល​បានមកពី​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​នានា ចូលរួម​បរិច្ចាគ​ប្រាក់ខែ​ផ្ទាល់ខ្លួន​នោះ ដែល​រហូតមក​ដល់ពេលនេះ កើនឡើង​ដល់​២០​លាន​ដុល្លារ​ហើយ​។ ទាក់ទង​នឹង​ការខ្ចី​លុយ​ពី​បរទេស​យកមកប្រើ​ប្រាស់​ដើម្បី​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​នោះ ឯកឧត្ដម វ​ង្សី វិស្សុត បានឱ្យដឹងថា កម្ពុជា​នៅ​ខ្ចីលុយ​ពី​បរទេស​តិច​នៅឡើយ​។​

​ឯកឧត្ដម​បាន​បន្ថែម​ថា “​ដោយសារ​យើង​នៅ​ជំពាក់​បំណុល​គេ​នៅ​តិច យើង​សព្វថ្ងៃ​គ្រាន់តែ​នៅ​ខ្ចី​គេ​ទេ យើង​មិនទាន់​អី​ទេ អា​រឿង​ខ្ចីលុយ ខ្ចី​គេ​មិនទាន់​ខ្ចី​អស់​ផង គេ​មក​អង្វរ​ឱ្យ​ខ្ចី យើង​មិនទាន់​ប្រើ​អស់​ផង បំណុល​យើង​នៅ​ទាប ដូច្នេះ​យើង​នៅមាន​ផ្លូវ​សម្រាប់​ខ្ចី​”​។ ឯកឧត្ដម​រដ្ឋលេខាធិកា​រ​បាន​សង្កត់ធ្ងន់ថា ប៉ុន្តែ​ការខ្ចី​លុយ​គេ​ច្រើន​លើសលុប មិនអាច​ដោះស្រាយ​បញ្ហា​បានទេ ដែល​តម្រូវឱ្យ​មានការ​ចាយ​ឱ្យចំ​មុខ និង​ការចាយ​ទៅតាម​នីតិវិធី​មួយ​ដើម្បី​ឱ្យមាន​ប្រសិទ្ធភាព ការប្រើ​ប្រាក់កម្ចី និង​ធនធាន​សាធារណៈ​ទាំងអស់​ផងដែរ​៕​

អត្ថបទដែលជាប់ទាក់ទង