ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្នុង​ខេត្តតាកែវ​មាន់​ខ្មៅ​កំពុងមាន​តម្រូវការ ទីផ្សារ​ខ្លាំង​ទាំង​ពូជ​និង​សាច់​សម្រាប់​បរិភោគ​

136

 

​ខេត្តតាកែវ ៖ នាពេល​បច្ចុប្បន្ននេះ​ក្នុង​ខេត្តតាកែវ​មាន់​ខ្មៅ​កំពុងមាន​តម្រូវការ​ទីផ្សារ​ទាំង​ពូជ​និង​សាច់​សម្រាប់​ទិញយក​ទៅ​ចិញ្ចឹម​និង​បរិភោគ​យ៉ាងខ្លាំង ដែល​ធ្វើ​ឲ្យ​កសិករ​អ្នក​ចិញ្ចឹម​មាន​ប្រាក់ចំណូល​ខ្ពស់​ក្នុង​សេដ្ឋកិច្ច​គ្រួសារ ។​

លោក ញិ​ប ស្រ៊ន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ខេត្តតាកែវ​បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​នៅ​ខេត្តតាកែវ​មាន​កសិដ្ឋាន​ចិញ្ចឹម​មាន់​ខ្មៅ​ចំនួន​៥​កន្លែង ក្រោម​ការផ្តល់​បច្ចេកទេស​ពី​មន្ទីរ​កសិកម្ម​ខេត្ត​លើ​កម្មវិធី​ចុះ​ផ្សព្វផ្សាយ​ពី​បច្ចេកទេស​កសិកម្ម​ថ្មី ដែល​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ​ជា​បន្តបន្ទាប់ ។​

លោក​បន្តទៀតថា ក្រោយពេល​ទទួលបាន​ប​ច្ចេកទេស​នៃ​ការចិញ្ចឹម បានធ្វើឱ្យ​មាន់​ខ្មៅ​ទទួលបាន​លទ្ធផល​ល្អ ដោយ​ក្នុង​មួយ ក្បាល​ទម្ងន់​ប្រមាណ​២​គីឡូក្រាម​កសិករ​អាច​លក់បាន​ជាង​១០​ម៉ឺន​រៀល បើ​ប្រៀបធៀប ទៅនឹង​មាន់​ខ្មែរ​ឬ​មាន់​ផ្សេងៗ​ទៀត​គឺមាន់​ខ្មៅ​មានតម្លៃ​ខ្ពស់​ហើយ​មាន​ទីផ្សារ​ល្អ ។ ដោយឡែក​សម្រាប់​មាន់​ខ្មៅ​ពូជ​វិញ គឺ​មួយ​ក្បាល​តម្លៃ​ចាប់ពី​១២​ម៉ឺន​រៀល​ឡើងទៅ ។​

​យើង​សង្កេតឃើញថា ឥឡូវនេះ​ការចិញ្ចឹម​មាន់​ខ្មៅ​ក៏ដូចជា​មាន់​ស្រែ​ដែរ គឺ​ឃើញថា​មាន​ទីផ្សារ​ល្អ​នៅក្នុង​ប្រទេស​កម្ពុជា​យើង​នេះ ដោយសារតែ​តម្រូវការ​កាន់តែ​មានកា​រ​កើនឡើង​។ ដូច្នេះហើយ​ទោះបី​យើង​មាន​បញ្ហា​កូ​វីដ​ក៏ដោយ​ក៏​មិនជា​ប៉ះពាល់​ខ្លាំង​ទៅដល់​ការចិញ្ចឹម​សត្វ​ផ្សេងៗ​នោះដែរ ហើយ​ផ្ទុយទៅវិញ​វា​គឺជា​ការផ្ដល់​ឱកាសល្អ​ទៅដល់​ការ​ចិញ្ចឹមសត្វ​នៅក្នុង​ប្រទេស​យើង ដែល​អាច​ស្វែងរក​នូវ​ប្រាក់ចំណូល បាន​ច្រើន​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​ក្នុង​គ្រួសារ​។​

​លោក ស៊ី ស​ម្ភ​ស្ស កសិករ​ចិញ្ចឹម​មាន់​ខ្មៅ​នៅ​ខេត្តតាកែវ បាន​ឲ្យ​ដឹងថា គាត់​បាន​ផ្លាស់ប្តូរ​ពី​ការចិញ្ចឹម​មាន់​ខ្មែរ​ធម្មតា​មកជា​ការចិញ្ចឹម​មាន់​ខ្មៅ​វិញ ដោយសារ​មាន​លក្ខណៈ ងាយស្រួល​ចិញ្ចឹម​ដូច​មាន់​ស្រែ​ធម្មតា ជាពិសេស​ទទួលបាន​តម្លៃ​ខ្ពស់ជាង​ផង ។​

​លោក​បាន​បន្តទៀតថា ពីមុន​ខ្ញុំ​ដាក់​មាន់​ខ្មែរ​ខ្ញុំ​ធ្វើ​រោង​ធំ ប៉ុន្តែ​ដល់ពេល​យើង​ចិញ្ចឹម​មាន់​ខ្មៅ​គឺ​ចិញ្ចឹម​រាង​យូរ​ដូច​មាន់​ខ្មែរ​ដែរ​។ ដោយសារ ភ្ញៀវ​សាញ​រឿង​ដុះ​រោម​មិនទាន់​ជិត ដល់ពេល​អ៊ីចឹងទៅ​យើង​ក៏​ដូរ​មក​ចិញ្ចឹម​មាន់​ខ្មៅ​វិញ វា​ស្រួល​ចិញ្ចឹម​ព្រោះ​វា​ដុះ​រោម​លឿន​ជាង ។ សម្រាប់​តម្លៃ​គឺ​ថ្លៃ​ជាង ហើយ​ការចិញ្ចឹម​គឺ​៥​ទៅ​៦​ខែ​វា​ពេញ​វ័​ញ​ហើយ ។​

សូមបញ្ជាក់ថា មាន់​ខ្មៅ​អាច​យកទៅ​កែច្នៃ​ជា​ម្ហូប​បាន​យ៉ាងច្រើន​ប្រភេទ ដូចជា មាន់ស្ងោរ មាន់​ចៀន សាច់ក្រក ប្រហិត សាច់​ផាត់ ហើយ​ការបរិភោគ​គឺ​ជួយ​ឱ្យមាន​សុខភាព​ល្អ រាងកាយ​មាំមួន​៕ សំរិត​

អត្ថបទដែលជាប់ទាក់ទង