ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យ៉ាងយូរ៣សប្ដាហ៍ទៀត ខេត្តសៀមរាបនឹងមាន មន្ទីរពិសោធន៍ធ្វើតេស្តរកមេរោគកូវីដ១៩

57

នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចុះត្រួតពិនិត្យការរៀបចំដាក់ឲ្យដំណើរការមន្ទីរពិសោធន៍ធ្វើតេស្តរកមេរោគកូវីដ.១៩ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើម្បីពន្លឿនការធ្វើតេស្តរកមេរោគកូវីដ.១៩ ឲ្យបានកាន់តែឆាប់រហ័ស និងកាន់តែខិតជិតប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលអញ្ជើញមកទស្សនាទឹកដីនៃខេត្តសៀមរាប ដែលមន្ទីរពិសោធន៍នេះ បាននឹងកំពុងរៀបចំប្រើម៉ាស៊ីន (GeneXpert) សម្រាប់ការធ្វើតេស្តរហ័សរកមេរោគកូវីដ.១៩ ដែលវិធីសាស្រ្តនេះ ត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក និងអង្គការ (FDA) របស់សហរដ្ឋអាមេរិក ហើយមន្ទីរពិសោធន៍នេះ អាចចាប់ផ្តើមធ្វើតេស្តរកមេរោគកូវីដ១៩ ក្នុងរយៈពេលពី២ទៅ៣សប្តាហ៍ខាងមុខនេះ ។

ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង មានប្រសាសន៍ថា ក្រោយពីការៀបចំដំណើរការធ្វើតេស្តរកមេរោគកូវីដ.១៩ នៅមន្ទីរពិសោធន៍ដោយជោគជ័យហើយនោះ ក្រសួងសុខាភិបាល នឹងបន្តពង្រីកទៅខេត្តផ្សេងៗទៀត ដូច្នេះ សូមឲ្យមន្រ្តីសុខាភិបាល និងមន្រ្តីពាក់ពន្ធ័ទាំងអស់ មេត្តាបន្តសហការគ្នាល្អ យកចិត្តទុកដាក់កម្រិតខ្ពស់ ក្នុងការបង្ការការចម្លងមេរោគកូវីដ.១៩ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេច​តេជោ ហ៊ុន សែន។

ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រីក្រសួងសុខាភិបាល មានប្រសាសន៍ទៀតថា ថ្វីត្បិតតែបច្ចុប្បន្ននេះ ករណីថ្មីនៃជំងឺកូវីដ.១៩ នៅប្រទេសកម្ពុជាយើង សុទ្ធតែជាករណីនាំចូលពីក្រៅប្រទេសក៏ដោយ ក៏សូមឲ្យយើងទាំងអស់គ្នាបន្តការប្រុងប្រយ័ត្ន ការពារខ្លួនកម្រិតខ្ពស់បន្ថែម ព្រោះថាហានិភ័យនៃការចម្លងមកកម្ពុជានៅតែមាន ដោយសារការរាតត្បាតនៃមេរោគនេះនៅក្នុងពិភពលោកពុំទាន់ថមថយនៅឡើយ ហើយការចល័តរបស់ប្រជាជនក្នុងពិភពលោក មានការកើនឡើងវិញពីមួយថ្ងៃទៅមួយថ្ងៃ ៕

អត្ថបទដែលជាប់ទាក់ទង