ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ADB : ការផ្គត់ផ្គង់​ផ្នែក​វេជ្ជសាស្ត្រ​ពី​ប្រទេស​កម្ពុជា កំពុង​ជួយ​ដល់​ប្រទេស​កំពុងអភិវឌ្ឍន៍ ក្នុងការ​ប្រយុទ្ធប្រឆាំង នឹង​ការរីក​រាលដាល​នៃ​ជំងឺ COVID-19

108

 

​ភ្នំពេញ​៖ ការផ្គត់ផ្គង់​ផ្នែក​វេជ្ជសាស្ត្រ​ពី​ប្រទេស​កម្ពុជា កំពុង​ជួយ​ដល់​ប្រទេស​កំពុងអភិវឌ្ឍន៍ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ការរីក​រាលដាល​នៃ​ជំងឺ COVID-19​។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បាយ​ការណ៍​របស់​ធនា​គារ​អភិវឌ្ឍន៍អាស៊ី (ADB) នា​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០២០​។

​របាយការណ៍​ដដែល បាន​លើកឡើងថា ជាការ​ឆ្លើយតប​បន្ទាន់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ជាស​កល ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​រាតត្បាត​នេះ ក្រុម​ផ្នែក​សុខាភិបាល នៃ​នាយកដ្ឋាន​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព និង​ការប្រែប្រួល​អាកាសធាតុ (SDCC) បាន​កៀរគរ​មូលនិធិ​សម្រាប់​ជំនួយ​បច្ចេកទេស (TA) ស្តីពី​ការគាំទ្រ​ថ្នាក់​តំបន់​ដើម្បី​ដោះស្រាយ​ការផ្ទុះ​ឡើង​នៃ​ជំងឺ COVID-19 ក្នុង​ចំនួន​ទឹកប្រាក់ ៤៨,៣ លាន​ដុល្លារ នៅ​ដើមឆ្នាំ​២០២០ ។​

​ធនាគារអភិវឌ្ឍន៍អាស៊ី បានទទួល​សំណើ​ពី​បណ្តា​សមាជិក​ដែលជា​ប្រទេស​កំពុងអភិវឌ្ឍន៍ ដើម្បី​ប្រើ​ជំនួយ​បច្ចេកទេស​ផ្គត់ផ្គង់​វេជ្ជសាស្ត្រ ដែល​ត្រូវការ​ជា​ចាំបាច់​សម្រាប់​ពង្រឹងសមត្ថភាព ប្រព័ន្ធ​សុខាភិបាល​ក្នុងការ​ការពារ ការរកឃើញ និង​ព្យាបាល​ករណី COVID-19 ។​

​គិត​ត្រឹម​ចុងខែ​មិថុនា ឆ្នាំ​២០២០ ធនាគារអភិវឌ្ឍន៍អាស៊ី តាមរយៈ​នាយកដ្ឋាន​លទ្ធកម្ម​ផល​ប​ត្រ និង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ (PPFD) របស់ខ្លួន បាន​ដំណើការ និង​ផ្តល់​កិច្ច​ព្រម​ពៀង​ចំនួន ១៥ លាន​ដុល្លារ ក្រោម​ជំនួយ​បច្ចេកទេស ជាមួយ​ក្រុម​ផ្គត់ផ្គង់​នានា នៃ​ឧបករណ៍​ការពារ​ខ្លួន (PPE) សម្ភារ​ធ្វើតេស្ត ឧបករណ៍​ធ្វើ​រោគវិនិច្ឆ័យ គ្រឿង​ពិសោធន៍ និង​បរិក្ខារ​សំខាន់ៗ​ផ្សេងទៀត ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​នេះ​។ នេះ​ជាការ​បន្ថែម​ទៅលើ​សេវាកម្ម​លទ្ធកម្ម​ចំនួន ១៦,៧ លាន​ដុល្លារ​ដែល​ត្រូវបាន​អនុវត្ត​ដោយ UNICEF តាមរយៈ​ជំនួយ​បច្ចេកទេស​ដូចគ្នា​។​

​ក្រុមហ៊ុន Medtecs ជា​អ្នកផ្គត់ផ្គង់​មួយ ក្នុងចំណោម​អ្នកផ្គត់ផ្គង់ ដែល​បានជ្រើសរើស​តាមរយៈ​ដំណើរការ​លទ្ធកម្ម​ប្រកបដោយ​ភាព​ប្រកួតប្រជែង​ដែល​ធ្វើឡើង​ដោយ PPFD ហើយ​ត្រូវ​បានផ្តល់​កិច្ចសន្យា​ក្នុង​ទឹកប្រាក់ ៥ លាន​ដុល្លារ​ដើម្បី​ផលិត​ឈុត គម្រប​ស្បែកជើង និង​សម្ភារ​ការពារ រ៉ូ​ប​ការពារ ដើម្បី​ចែកចាយ​ដល់​បុគ្គលិក​សុខភាព​ជួរមុខ​នៅក្នុង​ប្រទេស​កំពុងអភិវឌ្ឍន៍​ចំនួន ១១ ។​

​ក្រុមហ៊ុន​នេះ​បាន​ដំណើរការ​នៅក្នុង​ប្រទេស​កម្ពុជា ចាប់តាំងពី​ឆ្នាំ​១៩៩៩ មក និង​មាន​បុគ្គលិក​ចំនួន ៥.៥០០ នាក់​នៅក្នុង​រោងចក្រ​ក្នុង​ខេត្តកំពង់ចាម​។ ប្រមាណ ៨២ ភាគរយ នៃ​បុគ្គលិក​របស់​ក្រុមហ៊ុន​នេះ​ជា​ស្ត្រី​។ រោងចក្រ​នេះ​បានផ្តល់​ការងារ​ប្រកបដោយ​ស្ថេរភាព សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​រស់នៅ​ទីនោះ ហើយ​រួមចំណែក​ដល់​សេដ្ឋកិច្ច​ក្នុង​តំបន់​ដែលមាន​សារសំខាន់​ជាពិសេស ខណៈដែល​កម្ពុជា​កំពុង​ទទួលរង​ឥទ្ធិពល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច បង្កដោយ​ជំងឺ COVID-19 ។​

​ក្រុមហ៊ុន​បាន​ចំណាយពេល​ប្រមាណ​មួយខែ​ពង្រីក​ប្រតិបត្តិការ​របស់ខ្លួន ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ PPE សកល សម្រាប់​ផលិតកម្ម​វាយ​ន​ភណ្ឌ​សរុប​ជិត ១,២ លាន​ឈុត​។ បច្ចុប្បន្ន​ក្រុមហ៊ុន​មាន​សមត្ថភាព​ផលិត​ប្រចាំខែ​រហូតដល់​ទៅ​៖ រ៉ូ​ប​ការពារ​៨​លាន ឈុត​ការពារ ២,៥​លាន និង​គម្រប​ស្បែកជើង ៤​លាន​។ ទំនិញ​បាន​ឆ្លងកាត់​ការត្រួតពិនិត្យ​ដោយ​ភាគី​ទី​បី​ឯករាជ្យ ហើយ​បានចាប់ផ្តើម​បញ្ជូន​ចេញពី​ប្រទេស​កម្ពុជា​នៅ​ចុងខែ​មិថុនា ដើម្បី​នាំចេញ​ទៅកាន់​ប្រទេស​គោលដៅ​ផ្សេងៗ​។​

​លោក Jesper Pedersen អ្នកឯកទេស​ជំនាញ​លទ្ធកម្ម​របស់​ធ​នាគារ​អភិវឌ្ឍន៍អាស៊ី បាន​មានប្រសាសន៍ថា​៖ “​ទំនិញ​ដំបូង​ដែល​បាន​ទិញ​ក្រោម​គោលការណ៍​ណែនាំ​ស្តីពី​លទ្ធកម្ម​បន្ទាន់​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​សម្រាប់​ឆ្លើយតប​នឹង COVID-19 ត្រូវបាន​ផលិត​នៅក្នុង​ប្រទេស​កំពុងអភិវឌ្ឍន៍ ដែលជា​ប្រទេស​ទទួល​ជំនួយ​ផលិតផល​ទាំង​នោះដែរ​។ ធនាគារអភិវឌ្ឍន៍អាស៊ី មាន​សេចក្តី​រីករាយ ដែល​បាន​ចូលរួមចំណែក​ក្នុងការ​ធ្វើ​លទ្ធកម្ម​ដោយផ្ទាល់ និង​ជួយ​សម្រួល​ដល់​ការ​កៀរគរ​ការផ្គត់ផ្គង់ សម្រាប់​តម្រូវការ​បន្ទា​ន់​ពី​ប្រភព​នានា​ក្នុង​សកលលោក និង​ទៅកាន់​ប្រទេស​កំពុង​អភិវឌ្ឍ​ផ្សេងៗ​” ៕

អត្ថបទដែលជាប់ទាក់ទង