ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តធំសណ្តោងរ៉ឺម៉ក ដាច់ក្បាលវេចង្កូត ទៅបុករថយន្តមួយទៀត បណ្តលឲ្យរងរបួសមនុស្សប្រុសស្រី២នាក់

51

ពោធិ៍សាត់៖ នៅថ្ងៃទី១៣ ខែ​កក្កដា​ ឆ្នាំ២០២០​ វេលាម៉ោង ៨និង២០ នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តធំម៉ាកDEWO សណ្តោងរ៉ឺម៉កដាច់ក្បាលវេចង្កូតទៅបុករថយន្តមួយទៀតម៉ាកសាំងយ៉ុងបណ្តលឲ្យរងរបួសស្រាល មនុស្សប្រុសស្រី២នាក់និងខូចខាតរថយន្តទាំងសងខាង នៅលើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤០-១៤១ ស្ថិតនៅភូមិ​ខ្សាច់​ល្អិត​ ឃុំ​អន្សាចំបក់​ ស្រុកក្រគរ​ ខេត្តពោធិ៍សាត់។ ក្រោយពេលកើតហេតុ ជនរងគ្រោះទាំងពីរនាក់ត្រូវបានគេបញ្ជូន ទៅព្យាបាលនៅ​មណ្ឌល​សុខភាព​អន្សាចំបក់។

តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា រថយន្ត​បង្ក​ម៉ាក​ DEWO ពាក់ផ្លាកលេខ​ ភ្នំពេញ​៣F.២៤៨០ពណ៌​ទឹកប្រាក់​ ធ្វើចរាចរណ៍ពីកើត​ទៅ​លិច​ បើកបរ​ដោយឈ្មោះ​ វង់​ រក្សា​ អាយុ​ ៣៩ ឆ្នាំ​ភេទ​ប្រុស​ ជនជាតិ​ខ្មែរ​ រស់នៅ​ភូមិ​អូរ​រំដួល​ ឃុំ​ព្រះប្រឡាយ​ ស្រុក​ត្រពាំង​ប្រាសាទ​ ខេត្ត​ឧត្តរ​មានជ័យ។ លុះមកដល់ចំណុចកើតហេតុខាងលើបាន ដាច់ក្បាលវេចង្កូតទៅបុករថយន្តមួយទៀតម៉ាក​ Sang Yong​ ពាក់​ផ្លាក​លេខ​ភ្នំពេញ​ ២I.៧៣៤៧ ពណ៌​ស​ ធ្វើ​ចរាចរណ៍​បញ្រ្ចាសទិសគ្នា
បើក​បរ​ដោយឈ្មោះ អ៊ុក​ រុន អាយុ​ ៣២ឆ្នាំ​ ភេទប្រុស ជនជាតិ​ខ្មែរ រស់នៅ​ ភូមិ​ព្រៃ​ខ្លុង​ ឃុំ​រកាត​ ស្រុក​ភ្នំ​ក្រវាញ​ រងរបួសស្រាល​ និងអ្នក​រួម​ដំណើរ​ឈ្មោះ​ ផល​ មាន​ អាយុ​ ១៧ ឆ្នាំ​ភេទ​ស្រី​ ជនជាតិ​ខ្មែរ​ រស់នៅភូមិឃុំជាមួយគ្នា រងរបួសស្រាល។
បច្ចុប្បន្នរថយន្ត​ទាំង​២​គ្រឿង​ត្រូវបានយកមករក្សាទុកនៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អន្សាចំបក់​ជា​បណ្ដាះអាសន្នដើម្បីចាត់ការបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង