ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាវាយកូនគោល នឹងបើកអោយ មានការប្រកួតឡើងវិញ

113


ព្រឹត្តិការណ៍កីឡាវាយកូនគោល ឬការប្រកួតដណ្តើមពានរង្វាន់កីឡាវាយកូនគោលដែលកន្លងមកបានផ្អាកដំណើរការនោះ ពេលនេះត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឱ្យរៀបចំការប្រកួតវិញហើយ ប៉ុន្តែត្រូវរក្សាគោលការណ៍ការពារជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ ដែលចុះហត្ថលេខាដោយលោកបណ្ឌិតថោងខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ចេញផ្សាយកាលពីថ្ងៃទី១៣ខែកក្កដានោះបានឱ្យដឹងថា ម្ចាស់និងអ្នកគ្រប់គ្រងទីលានវាយកូនគោល អាចរៀបចំជាព្រឹត្តិការណ៍ឬការប្រកួតដណ្តើមពានរង្វាន់កីឡាវាយកូនគោលឡើងវិញជាជំហានៗ ប៉ុន្តែមិនអនុញ្ញាតឱ្យមានចំនួនកីឡាករនិងគណៈកម្មការរៀបចំការប្រកួតច្រើនលើសពី១០០នាក់ ក្នុងពេលតែមួយ និងមិនអនុញ្ញាតឱ្យមានទស្សនិកជនចូលទស្សនានោះឡើយ ។
ជាមួយគ្នានេះ រាល់ការរៀបចំព្រឹត្តិការណ៍ និងការប្រកួតត្រូវគោរពតាមនិយាមបច្ចេកទេសដើម្បីធានាសុវត្ថិភាព ដូចជាបាញ់ទឹកអាល់កុលសម្លាប់មេរោគនៅច្រកចូល និងត្រួតពិនិត្យកម្តៅបុគ្គលិកបម្រើការ កីឡាករ មុនអនុញ្ញាតឱ្យចូលក្នុងបរិវេណទីលានវាយកូនគោល និងត្រូវរក្សាគម្លាតសុវត្ថិភាព ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលយ៉ាងតិច១,៥០ម៉ែត្រ និងធ្វើការសម្អាតសម្ភារៈឧបករណ៍វាយកូនគោលទាំងអស់ជាមួយទឹកអាល់កុលជាប្រចាំ មុន អំឡុងពេល និងក្រោយពេលប្រើប្រាស់ ដើម្បីសម្លាប់មេរោគ និងហាមចាប់ដៃស្វាគមន៍ ដោយជំនួសការលើកដៃសំពះគ្នាទៅវិញទៅមក។
ក្រសួងទេសចរណ៍ ក៏បានណែនាំឱ្យបុគ្គលិកបម្រើការទាំងអស់ ត្រូវពាក់ម៉ាស់ឱ្យបានត្រឹមត្រូវគ្រប់ពេលវេលា និងធ្វើការត្រួតពិនិត្យ ជូតសម្អាតសម្ភារៈឧបករណ៍វាយកូនគោលទាំងអស់ជាមួយទឹកអាល់កុល មុនពេលដាក់ចូលទៅក្នុងរថយន្តវាយកូនគោល (Golf Cart)។ក្រសួងទេសចរណ៍ បានបញ្ជាក់ថា រាល់ទីលានវាយកូនគោល ត្រូវអនុវត្តតាមវិធាន និងការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីធានាបាននូវសុវត្ថិភាពក្នុងការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ រលកទី២៕

អត្ថបទដែលជាប់ទាក់ទង