ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វិភាគ​៖ លទ្ធផល​នៃ​ការបោះឆ្នោត ថ្ងៃ​២៩​កក្កដា រំលាយ​តួលេខ​បក្សប្រឆាំង ៣​លាន​នាក់​!

238

ភ្នំពេញ៖លទ្ធផល​បឋម​បណ្តោះអាសន្ន នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ត្រូវ​បានគ​.​ជ​.​ប បង្ហាញថា ក្នុងចំណោម​ប្រជាជន​កម្ពុជា ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​សរុប​ជាង ៨​លាន ៣​សែន​នាក់ មាន​អ្នក​ចេញទៅ​បោះឆ្នោត ជាង ៦​លាន ៨​សែន​នាក់​។ ដូច្នេះ​អ្នក​អវត្តមាន មិន​ទៅ​បោះឆ្នោត មាន​ជាង ១​លាន​នាក់​។ ក្នុងនោះ ក្នុងចំណោម​អ្នកបោះឆ្នោត​ជាង ៦​លាន ៨​សែន​នាក់ មាន​សន្លឹកឆ្នោត​មិនបានការ តែ​កន្លះ​លាន​នាក់​ទេ​។

​លទ្ធផល​បឋម​បណ្តោះអាសន្ន ដែល​គ​.​ជ​.​ប ប្រកាស​នៅ​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៨ បង្ហាញថា ក្នុងចំណោម​អ្នកបោះឆ្នោត​ជាង ៦​លាន ៨​សែន​នាក់ គឺ​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេងឆ្នោត​ជាង ៤​លាន ៨​សែន​នាក់​។ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទទួលបាន​ជាង ៣​សែន ៧​ម៉ឺន​នាក់ និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ទទួលបាន​សំឡេងឆ្នោត​ជាង ៣​សែន​នាក់​។ រីឯ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ទទួលបាន​ត្រឹមតែ ៧​ម៉ឺន​សំឡេង​ប៉ុណ្ណោះ​។

​សរុបមក លទ្ធផល​នៃ​ការបោះឆ្នោត ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ នាំ​ឲ្យ​ការ​គណនា​ទាំងអស់ ស្ទើរតែ​ខុស ដោយសារតែ​ចំនួន​អ្នក​ចេញទៅ​បោះឆ្នោត​មាន​ចំនួន​ច្រើន ហួសការ​ស្មាន​។ ក្នុងនោះ មាន​អ្នក​គូស​សន្លឹកឆ្នោត​ចោល ដែល​ចាត់ទុកជា​សន្លឹកឆ្នោត មិនបានការ​តែ ១០% ប៉ុណ្ណោះ ក្នុងចំណោម​អ្នក​ចេញទៅ​បោះឆ្នោត​សរុប​ជាង ៦​លាន ៨​សែន​នាក់​។ អ្នក​គូស​សន្លឹកឆ្នោត​ចោល​នេះ ជាការ​ប្រឆាំង​តាម​គោលការណ៍​ប្រជាធិបតេយ្យ និង​ដោយ​សេចក្តីថ្លៃថ្នូរ ហើយ​សម្តែង​ឆន្ទៈ​របស់ខ្លួន តាម​ការបោះឆ្នោត​។​

​យ៉ាងណាក៏ដោយ យើង​មានមតិ ៩០% ដែលជា​អ្នកបោះឆ្នោត​គាំទ្រ ហើយ​ក្នុងនោះ ច្រើន​លើសលប់​បាន​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា មាន​រហូតដល់​ជាង ៧៦%​។ ដូច្នេះ មាន​សំឡេង​ប្រឆាំង តែ ១០% ដែលជា​រឿង​ធម្មតា​ទេ ក្នុង​គោលការណ៍​ប្រជាធិបតេយ្យ​។

​ផ្ទុយទៅវិញ និន្នាការ​ប្រឆាំងនឹង​ការបោះឆ្នោត ឬក៏​មាន​ប្រទេស​២-៣ ថ្លែងការណ៍​ប្រឆាំងនឹង​ការបោះឆ្នោត​នៅ​កម្ពុជា ដែល​នេះ គ្រាន់តែ​ជា​សិទ្ធិ​បញ្ចេញមតិ​របស់​ប្រទេស​២-៣​នោះ​តែប៉ុណ្ណោះ​ទេ ព្រោះថា​ការបោះឆ្នោត​ក្នុង​ប្រទេសមួយ ដូចជា កម្ពុជា​នេះ មិនចាំបាច់​ត្រូវការ​ការ​ប្រថាប់ត្រា​ពី​ប្រទេស​ណាមួយ​ឡើយ​។

​នៅ​កម្ពុជា តាមរយៈ​លទ្ធផល​បឋម​នៃ​ការបោះឆ្នោត កាលពី​ថ្ងៃទី​២៩​កក្កដា ឆ្នាំ​២០១៨ ដែល​គ​.​ជ​.​ប ប្រកាស​នៅ​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៨ បង្ហាញថា ប្រជាជន​កម្ពុជា​សម្រេច គាំទ្រ​លើ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ឲ្យ​បន្ត​ដឹកនាំ​ប្រទេស​កម្ពុជា ក្នុង​រយៈពេល ៥​ឆ្នាំ​របស់ខ្លួន​តទៅទៀត តាម​គោលការណ៍​បោះឆ្នោត​ដោយ​សេរី និង​ជាសម្ងាត់​។

​ក្នុងនោះ កម្ពុជា នឹងមាន​រាជរដ្ឋាភិបាល​មួយ ដែល​ឡើង​ដឹកនាំ​ប្រទេស តាម​រដ្ឋធម្មនុញ្ញ តាមរយៈ​ការបោះឆ្នោត ហើយ​រដ្ឋាភិបាល​នោះ ក៏ត្រូវ​ចុះទៅ​វិញ តាមរយៈ​រដ្ឋធម្មនុញ្ញ និង​ការបោះឆ្នោត​ដែរ​។ មិនអាច​ចុះ​វិញ ដោយ​វិធី​ផ្សេងទៀត​ទេ​។​

​លទ្ធផល​នៃ​ការបោះឆ្នោត កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ក៏បាន​បង្ហាញថា ប្រជាជន​កម្ពុជា ត្រូវការ​សន្តិភាព និង​ការអភិវឌ្ឍន៍ ហើយ​ប្រជាជន​កម្ពុជា ក៏​ជឿ​លើ​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ប្រជាជន​បានផ្តល់​ទំនុកចិត្ត​គាំទ្រ​ដ៏​ច្រើន​លើសលប់​ផងដែរ​។

​ចំណុច​សំខាន់​មួយទៀត លទ្ធផល​នៃ​ការបោះឆ្នោត ថ្ងៃទី​២៩​កក្កដា ឆ្នាំ​២០១៨ បើ​ធៀប​នឹង​លទ្ធផល​បោះឆ្នោត ឆ្នាំ​២០១៣ យើង​ឃើញថា ឆ្នាំ​២០១៣ អ្នកបោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា តែ​ជាង ៣​លាន ៥​សែន​នាក់​ទេ តែ​ការបោះឆ្នោត​ពេលនេះ នៅ​ថ្ងៃទី​២៩​កក្កដា ឆ្នាំ​២០១៨ សំឡេងឆ្នោត​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា បាន​កើន​ដល់​ទៅ​ជាង ៤​លាន ៨​សែន​នាក់ ដែល​បញ្ជាក់​ពី​ការកើនឡើង​នូវ​ការគាំទ្រ​របស់​ប្រជាជន​កម្ពុជា​យ៉ាងខ្លាំង​។

​ផ្ទុយទៅវិញ លទ្ធផល​បោះឆ្នោត​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ក៏បាន​រំលាយ​សំឡេង​របស់​ក្រុម​អតីត​គណបក្សប្រឆាំង គឺ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​អះអាងថា កម្លាំង​គាំទ្រ​របស់​ពួកគេ មាន ៣​លាន​នាក់ តាមរយៈ​លទ្ធផល​បោះឆ្នោត កាលពី​ឆ្នាំ​២០១៣ និង​ឆ្នាំ​២០១៧​។
​ក៏ប៉ុន្តែ​បើ​យើង​គិតពី​ចំនួន​អ្នក​ដែល​មិន​ទៅ​បោះឆ្នោត នៅ​ឆ្នាំ​២០១៨ នេះ មានតែ​ជាង ១​លាន​នាក់​ប៉ុណ្ណោះ ហើយ​អ្នក​ជាង ១​លាន​នាក់​នោះ ក៏​មិន​ប្រាកដថា សុទ្ធតែជា​អ្នកគាំទ្រ​គណបក្សប្រឆាំង​ទាំងអស់​ដែរ​។​

​សរុបមក លទ្ធផល​នៃ​ការបោះឆ្នោត នៅ​ឆ្នាំ​២០១៨ នេះ បានបង្ហាញ​យ៉ាងច្បាស់​ពី​ការបន្ត​គាំទ្រ​របស់​ប្រជាជន​កម្ពុជា លើ​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​។ មួយវិញទៀត លទ្ធផល​បោះឆ្នោត​នេះ ក៏បាន​រំលាយ​សំឡេង​របស់​អតីត​គណបក្សប្រឆាំង ឲ្យ​សាបសូន្យ​ផងដែរ​៕
​ដោយ​៖ សុខ ស្រី​ពៅ

 

 

អត្ថបទដែលជាប់ទាក់ទង