ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចុះហត្ថលេខា​លើ​អនុស្សរណ​នៃ​ការយោគយល់​គ្នា​ស្តីពី “​ការអភិវឌ្ឍ​បន្លែ​សុវត្ថិភាព​សម្រាប់​ទីផ្សារ​ក្នុងស្រុក និង​ការនាំចេញ​”

147

 

​ភ្នំពេញ​៖ នៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នា​ព្រឹក​ថ្ងៃ​ពុធ ១០​រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២០ មាន​រៀបចំ​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណ​នៃ​ការយោគយល់​គ្នា​ស្តីពី “​ការអភិវឌ្ឍ​បន្លែ​សុវត្ថិភាព​សម្រាប់​ទីផ្សារ​ក្នុងស្រុក និង​ការនាំចេញ​” រវាង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជាមួយ​ក្រុមហ៊ុន Yamato Green Co., Ltd ដែល​ពិធី​ដ៏​មាន​សារសំខាន់​នេះ​ស្ថិតក្រោម​អធិបតីភាព​ឯកឧត្តម​រដ្ឋមន្ត្រី វេ​ង សាខុន និង​ឯកឧត្តម Masahiro Mikami ឯកអគ្គរាជទូត​ជប៉ុន​។ ក្នុង​ពិធី​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម ផងដែរ​ពី​សំណាក់​ឯកឧត្តម​រដ្ឋលេខា​ធិ​ការ អនុរដ្ឋលេខាធិការ ឯកឧត្តម​ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម តំណាង​អង្គការ JICA ប្រចាំ​កម្ពុជា Dr. Nabeshima Katsuhito (​ស្ថាបនិក និង​ជានា​យក​ក្រុមហ៊ុន​) ដៃគូ​អភិវឌ្ឍ វិស័យ​ឯកជន​ជប៉ុន និង​កម្ពុជា និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួនទៀត​។
​យោង​លើក​ខ្លឹមសារ​នៃ​សេចក្តីថ្លែងហេតុ​បាន​រំលេច​ឲ្យ​ឃើញ​ពី​គោលបំណង​សំខាន់ៗ​នៃ​ឯកសារ​អនុស្សរណ​នេះ​មាន​ជាអាទិ៍​៖
​ទី​១- ពង្រឹង​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​តាមរយ​:​ការចូលរួម​អភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា​។​
​ទី​២- ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​វិនិយោគ និង​អភិវឌ្ឍ​លើ​ផលិតកម្ម​បន្លែ​ទាំង​ការដាំដុះ កែច្នៃ វេច​ខ្ចប់ រហូតដល់​ការនាំចេញ​ទៅកាន់​ទីផ្សារ​ក្នុងស្រុក និង​ក្រៅបរទេស​តាមរយៈ​ការប្រើ ប្រាស់​បច្ចេកវិទ្យា​ទំនើប ទាន់សម័យ​ពី​ប្រទេស​ជប៉ុន​។
​ទី​៣- ចូលរួម​លើកកម្ពស់​គុណភាព សុវត្ថិភាព​បន្លែ និង​និរន្តរភាព​នៃ​បរិមាណ​ផ្គត់ផ្គង់ ដើម្បី​ឆ្លើយ តប​តាម​តម្រូវការ ឬ​តាម​ចំណង់​ចំណូលចិត្ត​អ្នក​បរិភោគ និង​ទីផ្សារ​នាំចេញ​។​
​ទី​៤- លើកកម្ពស់​សមត្ថភាព​អ្នក​ផលិត (​ការប្រើប្រាស់​បច្ចេកវិទ្យា ខ្សែ​ច្រវាក់​តម្លៃបន្ថែម និង​និន្នាការ​ទីផ្សារ​) និង​ការប្រើប្រាស់​ធាតុ​ចូល​។
​មានមតិ​ស្វាគមន៍ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ឯកឧត្តម​ឯកអគ្គរាជទូត​ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មានតម្លៃ​អញ្ជើញ​ផ្តល់​កិត្តិយស​ជា​សក្ខីភាព​ក្នុង ពិធី​ដ៏​មាន​សារសំខាន់​នេះ និង​បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដៃគូ​អភិវឌ្ឍ​ដែលមាន​វត្តមាន​នាពេលនេះ​។ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ជម្រាបជូន​ឯកឧត្តម​ឯកអគ្គរាជទូត​ជ្រាបថា ព្រឹ​ត្ត​ការ​នាពេលនេះ បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​យ៉ាងច្បាស់​ពី​ឆន្ទ​:​របស់​រាជរដ្ឋាភិបាល​ជប៉ុន​ក្នុង​ការគាំទ្រ និង​ជួយឧបត្ថម្ភ​ទាំង​ធនធាន​ថវិកា និង​បច្ចេកទេស​ដើម្បី​ចូលរួម​អភិវឌ្ឍ​ផលិតកម្ម​បន្លែ​កម្ពុជា​ឲ្យ​មានការ​រីកចម្រើន​សម​ស្របតាម​សេចក្តីត្រូវការ​ទីផ្សារ​បន្លែ ការចាប់យក​កាលានុវត្តភាព ជាពិសេស​តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​។ ជាក់ស្តែង គោលបំណង​សំខាន់ៗ​ទាំង ៤ ខាងលើ​បានបង្ហាញ​ឲ្យ​ឃើញ​យ៉ាងច្បាស់​នូវ​ការចូលរួម​យ៉ាងសកម្ម​ក្នុងការ​អនុវត្ត​កម្មវិធី​កំណែទម្រង់​វិស័យ​ផលិតកម្ម​បន្លែ​កម្ពុជា​ក្នុងទិសដៅ​ធ្វើ​ទំនើបភាវូបនីយកម្ម​បន្លែ​គ្រប់​ខ្សែ​ច្រវាក់​ផលិតកម្ម ប្រែក្លាយ​ផលិតកម្ម​បែប​លក្ខណ​: គ្រួសារ ទៅជា​ផលិតកម្ម​បែ​បក​សិ​-​ឧស្សាហកម្ម ដើម្បី​ធានា​បរិមាណ​ផ្គត់ផ្គង់ គុណភាព និង​សុវត្ថិភាព​តាម​តម្រូវការ​ក្នុងស្រុក និង​នាំចេញ​។ ក្នុង​បរិបទ​កំណើនសេដ្ឋកិច្ច និង​ជាពិសេស​ក្នុង​កាល​:​ទេស​: ដែល​ពិភពលោក​កំពុង​ជួប​នូវ​វិបត្តិ​ជំងឺឆ្លង​កូ​វីដ​-១៩ បានផ្តល់​ឱកាស​មាស​ដ​ល់​ប្រជា កសិករ​យើង​ធ្វើការ​កែប្រែ​ទម្លាប់​ពី​ការផលិត​សម្រាប់​បម្រើ​សេចក្ដីត្រូវការ​ក្នុង​គ្រួសារ មក​ផលិត​សម្រាប់ធ្វើ​ពាណិជ្ជកម្ម និង​បំពេញតម្រូវការ​នៃ​ទីផ្សារ​ពោលគឺ​ពី “​កសិករ ទៅជា​ក​សិ​-​ពាណិជ្ជករ​” វិញ​។ ឯកឧត្តម​រដ្ឋមន្ត្រី​បានបញ្ជាក់​បន្ថែមថា​ឯកសារ MOU ដែល​បាន​ចុះហត្ថលេខា​នា​ថ្ងៃនេះ​មាន​លក្ខណ​:​គ្រប់គ្រាន់​ក្នុងការ​បំពេញតម្រូវកា​រ​ឲ្យ​គ្នា​ទៅវិញទៅមក​យ៉ាង​ប្រទាក់ក្រឡា​ក្នុង​ខ្សែ​ច្រវាក់​ផលិតកម្ម​បន្លែ​ដោយ​ចាប់ផ្តើម​ពី​ការដាំ ការថែរក្សា (​ទឹក ជី ថ្នាំ ជំងឺ និង​សត្វល្អិត​) ការប្រមូល​ផល ការ​វេច​ខ្ចប់ ការរក្សា​ទុក​ក្នុង​ទូ​ត្រជាក់ និង​ការដឹកជញ្ជូន​ទៅកាន់​ទីផ្សារ ការផ្គត់ផ្គង់​ធាតុ​ចូល ការ ស្រាវជ្រាវ និង​ការផ្សព្វផ្សាយ​បច្ចេកទេស​។​ល​។ ឯកឧត្តម​រដ្ឋមន្ត្រី​សង្ឃឹម និង​ជឿជាក់ថា​គម្រោង​វិនិយោគ​នេះ នឹងធ្វើ​ឲ្យ​មានការ​កែប្រែ​នៅលើ​ខ្សែ​ច្រវាក់​ផលិតកម្ម​បន្លែ​កម្ពុជា​នាពេល​បច្ចុប្បន្ន ឲ្យ​មាន​លក្ខណ​:​ល្អប្រសើរ ទំនើប និង​មាន​ប្រសិទ្ធភាព​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​សង្គម និង​អាចឈាន​ចាប់យក​បាន​នូវ​ឱកាស​នៃ​ការប្រកួតប្រជែង​ក្នុងការ​នាំចេញ​ក្រោម​ស្លាក​សញ្ញា ” Product of Cambodia” ហើយ​នេះ​គឺជា​មោទនភាព​ជាតិ​យើង​។ ហេតុដូច្នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បានស្នើ​សុំ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​មេត្តា​ចូលរួម​ផ្តល់​កិច្ចសហការ ដើម្បី​ឲ្យ​គម្រោង​នេះ​សម្រេច​ទទួលបាន​ជោគជ័យ​តាម​ការគ្រោងទុក​។
​មានមតិ​នាឱកាស​នេះ Dr. Nabeshima ក្នុងនាម​ឲ្យ​នាយក​ក្រុមហ៊ុន និង​ដៃគូ​ពាក់ព័ន្ធ​ក្នុង​គម្រោង​បាន​សម្តែង​នូវ​ឆន្ទ​:​យ៉ាង​មុតមាំ​ថា លោក​នឹង​ខិតខំ​ប្រឹងប្រែង​អស់ពី​សមត្ថភាព ប្រើប្រាស់​សក្តានុពល និង​ធនធាន​ដែលមាន​ខ្លួន​មាន នាំយក​បច្ចេកវិទ្យា​ចុងក្រោយ​នៃ​វិស័យ​ផលិតកម្ម​បន្លែ​ទាំង​អំឡុងពេល​ដាំ​ដុះ និង​ប្រមូល​ផល រហូតដល់​លើ​តុ​សម្រាប់​អ្នក​បរិភោគ មក​អនុវត្ត​នៅ​កម្ពុជា​ដើម្បី​លើកកម្ពស់​ផលិតភាព​ផលិតកម្ម​បន្លែ​កម្ពុជា ធានា​បរិមាណ​ផ្គត់​ផ្គង គុណភាព និង​សុវត្ថិភាព ឆ្លើយតប​តាម​តម្រូវការ​ទីផ្សារ និង​ស្តង់ដារ​នាំចេញ ហើយ​ក្រុមហ៊ុន​ជប៉ុន​ចំនួន ១០ នឹង​មក​ចូលរួម​អភិវឌ្ឍ​គ្រប់​ជ្រុងជ្រោយ​លើ​ខ្សែ​ច្រវាក់​ផលិតកម្ម​បន្លែ​នេះ​ទៅតាម​ជំនាញ​នីមួយៗ ហើយ​ពិតណាស់​កសិករ​ជា​អ្នក​ផលិត​គឺជា​ដៃគូ​មិនអាច​ខ្វះ​បាន​ក្នុងការ​ឈានទៅ​សម្រេច​ជោគជ័យ​តាម​ផែន ការ​នេះ​។ ក្នុងនាម​លោក​តំណាង​ក្រុមហ៊ុន​នីមួយៗ ជាថ្មី​ម្តងទៀត​លោក​បានស្នើ​សុំ​ឲ្យ​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ ចូលរួម​សហការ​ឲ្យ​បាន​ពេញលេញ​ដើម្បី​ឲ្យ​កា​អនុវត្ត​គម្រោង​នេះ​ដំណើរការ​ទៅដោយ​រលូន និង​ទទួលបាន​ជោគជ័យ​ទាំង​ក្រុមហ៊ុន និង​កសិករ ឬ​ដៃគូ​ផលិត​បន្លែ​ទាំងអស់​។​

អត្ថបទដែលជាប់ទាក់ទង