ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌច្បារអំពៅ ស្នើអោយមន្ត្រីគ្រប់លំដាប់ថ្នាក់ត្រៀមលក្ខណៈ មធ្យោបាយសង្គ្រោះ និងរកទីទួលសុវត្ថិភាព ខណៈទឹកទន្លេចាប់ហូរចូលភូមិ

137

​ភ្នំពេញ ៖ អភិបាលខណ្ឌច្បារអំពៅ លោក ចេង មុនីរ៉ា 

បានស្នើដល់កម្លាំងនគរបាល លោកចៅសង្កាត់ មន្ត្រីគ្រប់លំដាប់ថ្នាក់ ត្រៀមលក្ខណៈ មធ្យោបាយសង្គ្រោះ និងរកទីទួលសុវត្ថិភាពអោយហើយ ដើម្បីត្រៀមសង្គ្រោះ ជម្លៀសបងប្អូនប្រជាពលរដ្ឋ ដែលរងនូវជំនន់ទឹកទន្លេខណៈដែល ទឹកទន្លេបានហូរចូលភូមិដ្ឋានប្រជាពលរដ្ឋបណ្តើរៗហើយ ដូចជាសង្កាត់និរោធ និងសង្កាត់ទាំង៧ផ្សេងទៀតនិង សូមអោយផ្សព្វផ្សាយប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ ។

    លោកអភិបាលខណ្ឌច្បារអំពៅ លើកឡើងបែបនេះ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ នៅ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥០ អាណត្តិ​ទី​២​ របស់​ក្រុមប្រឹក្សា​ខណ្ឌ ក្រោម​វត្តមានលោក ​​អ៊ុំ ម៉ា​រ៉េ​ត ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ និងលោក​ ចេង មុនីរ៉ា អភិបាល​ខណ្ឌ​ច្បារ​អំពៅ ព្រមទាំង​មានការ​ចូលរួម​ពី​សំណាក់​អស់លោក លោកស្រី​ជា​អភិបាលរង នាយក​ នាយករង​រដ្ឋ​បាល ចៅសង្កាត់ អធិការ​រង​ខណ្ឌ មេបញ្ជាការរងកងរាជអាវុធហត្ថ និង​ក្រុម​មន្ត្រី​ចំណុះ​ជំនាញ​សាលា​ខណ្ឌ​ជា​ច្រើន​នាក់​ទៀត ។

   ក្រៅពីអោយមានការប្រុងប្រយ័ត្នបញ្ហាទឹកលិចនេះ លោកអភិបាលខណ្ឌ ក៏មិនភ្លេចពីបញ្ហាសណ្តាប់ធ្នាប់សាធារណៈ ការចាប់ម៉ូយរថយន្តតាក់សុី បញ្ហាផ្សារព្រែកឯង លក់ហៀរមកលើទ្រូងផ្លូវឡើងវិញនោះ ។ ដោយលោកបានស្តីបន្ទោសមន្ត្រីថ្នាក់ក្រោម ដែលហាក់ព្រលែងចោលលើបញ្ហានេះ ។ ថាតើអស់លោកមានមើលឃើញទេ កុំចាំបាច់ តែថ្នាក់លើស្រែក ចាំបាច់តែគេដាស់តឿន បានយើងធ្វើនោះ វាបាត់មនសិការខ្លួនឯង បម្រើសេវាប្រជាពលរដ្ឋ ។ 

  លោកបន្តថា អាជ្ញាធរមានភារកិច្ចការគ្រប់បែបយ៉ាងជូនប្រជាពលរដ្ឋ ចុះបើមិនបានផ្សព្វផ្សាយដល់គាត់ទេ យប់ឡើងស្រាប់តែផ្ទះប្រជាពលរដ្ឋនៅតំបន់មិនរៀបរយ ដែលសំណង់មិនរឹងមាំ អណ្តែតតាមទឹកទន្លេទៅនោះ។ យើងមិនអាចស្មានបានទេ ។ ដូច្នេះសូមលោក លោកស្រីជាចៅសង្កាត់ មន្ត្រីពាក់ព័ន្ឋក្នុងមូលដ្ឋានទាំងអស់ ត្រូវប្រញាប់ជំរាបដល់ប្រជាពលរដ្ឋ អោយមានការប្រុងប្រយ័ត្នខ្ពស់ ។ ក្នុងនាមអាជ្ញាធរសាធារណៈ ត្រូវតែការពារគាត់ ទោះរស់នៅមិនស្របច្បាប់ក៏ដោយ ។

នាឱកាសនោះសមាជិកក្រុម ប្រឹក្សាស្នើអោយគណៈអភិបាលបន្តអនុវត្តដោយភាពទទួលខុសត្រូវនោះរួមមាន ១- បញ្ហាសណ្តាប់ធ្នាប់សាធារណៈ ដូចជាការចាប់ម៉ូយលើស្ពាន , ២-បញ្ហាលក់ដូរហូរហៀរលើទ្រូងផ្លូវជាតិលេខ១ របសអាជីវករផ្សារព្រែកឯង , ៣-បញ្ហារថយន្តដឹកខ្សាច់ចេញពី ដេប៉ូ បង្កអោយប៉ះពាល់សណ្តាប់ ធ្នាប់សាធារណៈ បង្កគ្រោះថ្នាក់ដល់អ្នកដំណើរ ៤~បញ្ហាដេប៉ូឈើ តាមផ្លូវ៣៦៩ ច្រាំងបាក់ និងបញ្ហាចែកចាយ  ប្រើប្រាស់ថ្នាំញៀន រួមជាមួយល្បែងស៊ីសងគ្រប់ប្រភេទ ។

ជាមួយគ្នានេះ លោកអភិបាល ខណ្ឌបានធ្វើការផ្តាំផ្ញើអោយមន្ត្រីទទួលបន្ទុកអនុវត្តផែនការសកម្មការងាររបស់រដ្ឋបាលខណ្ឌច្បារអំពៅត្រូវអនុវត្តការងារដោយភាពទទួលខុសត្រូវ ប្រកបដោយឆន្ទះ ក្នុងការបំរើប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល ៕

 

អត្ថបទដែលជាប់ទាក់ទង