ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខេត្តមណ្ឌលគិរី បាន​ត្រៀម​ដី​ចំនួន​៦០០​ហិកតា ដើម្បី​សាងសង់ ព្រលានយន្ដហោះ​ថ្មី នៅពេល​រាជ រដ្ឋាភិបាល​ត្រូវការ

156

​មណ្ឌលគិរី​៖ លោក​ស្វាយ សំ​អ៊ាង អភិបាលខេត្ដ​មណ្ឌលគិរី បានបង្ហាញ​អំពី​គម្រោង នៃ​ការសាងសង់​ព្រលានយន្ដហោះ​ថ្មី នៅ​ខេត្ត​ភូមិភាគ​ឦសាន​មួយ​នេះ ខណៈ​ខេត្ត​បាន​ត្រៀម​ដី​របស់​រដ្ឋ​រួចរាល់​ហើយ ប្រមាណ​៦០០​ហិកតា នៅពេល​រាជរដ្ឋាភិបាល​ត្រូវការ ក្នុង​ការសង​សាង់​។ ទីតាំង​គម្រោង​ព្រលានយន្ដហោះ​ថ្មី​នេះ គឺមាន​ចម្ងាយ​ប្រហែល​២០​គីឡូម៉ែត្រ ពី​ទីក្រុង​សែន​មនោ​រម្យ​។​
តាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី លោក ស្វាយ សំ​អ៊ាង នៅ​ថ្ងៃទី​១៦ កក្កដា​នេះ​ថា​៖ គម្រោង​ព្រលានយន្ដហោះ​ថ្មី​នេះ មិនអាច​សាងសង់​នៅលើ​ទីតាំង​ចាស់ ដែលមាន​ដី​ប្រមាណ​១៩​ហិច​តា​បានឡើយ ពោល​នៅ​កន្លែងចាស់​នាពេល​បច្ចុប្បន្ន ហាក់​មាន​សភាព​ចង្អៀត ព្រោះ​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​ច្រើន​។​
រាជរដ្ឋាភិបាល​សាងសង់​ព្រលានយន្ដហោះ​ថ្មី​នោះ ព្រលាន​យន្ដ ហោះ​ចាស់ មិន​ត្រូវបាន​បោះបង់ចោល ឬ​លក់​ទៅ​ឲ្យ​ឯកជន​ណាមួយ​នោះទេ ពោល​រដ្ឋបាលខេត្ត សហការ​ជាមួយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នឹង​រៀបចំ​ទីតាំង​នេះ ទៅជា​សួនច្បារ ឬ​កន្លែង​សម្រាប់​ប្រជាពលរដ្ឋ​លំហែ​កម្សាន្ដ​។​
លោក ស្វាយ សំ​អ៊ាង បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា យើង​ទុក​ទីតាំង​ព្រលាន​ចាស់​នោះ​ធ្វើជា​សួនច្បារ ហើយ​យើង​រក​ទីតាំង​ថ្មី ដែល​ទីតាំង​ថ្មី​នេះ​យើង​មាន​ផ្ទៃដី​ប្រមាណ​ជា​៦០០​ហិច​តា ដែល​ឃ្លាត​ពី​ក្រុង​សែន មនោ​រម្យ ប្រមាណ​ជាង​២០​គីឡូម៉ែត្រ​។ ទីតាំង​ថ្មី​នេះ អាច​ពង្រីក​ព្រលានយន្ដហោះ​ខ្នាត​ធំ​នៅ​ស្រុក ឬ​ខាត​អន្ដរជាតិ ដែល​នេះ​អាស្រ័យ​លើ​ការសិក្សា​របស់​អាកាសច​រ​ស៉ី​វិល និង​ក្រសួង​ពាក់ព័ន្ធ​»​។​
អភិបាលខេត្ត​មណ្ឌល​គី​រី បាន​អះអាងថា បច្ចុប្បន្ន​អាជ្ញាធរខេត្ត បាននិងកំពុង​រៀបចំ​ការពារ​ដី​ដែល​ត្រៀម​ទុក​នេះ ពី​ការរំលោភ​ទន្ទ្រាន​ពី​ប្រជាពលរដ្ឋ ហើយ​នៅពេលណា​រាជរដ្ឋាភិបាល​ត្រូវការ គឺ​រដ្ឋបាលខេត្ត​មាន​ទីតាំង​សមស្រប​ទៅតាម​តម្រូវការ សម្រាប់​វិនិយោគ​ព្រលានយន្ដហោះ​ថ្មី​នេះ​។​
ដោយឡែក ពាក់ព័ន្ធ​ការរក្សា​ទុក​ព្រលាន​យន្ដ ហោះ​ចាស់ រដ្ឋបាលខេត្ត​នឹង​រៀបចំ​ទៅជា​សួនច្បារ ប៉ុន្ដែ​សួនច្បារ​នេះ​ទៀតសោត នឹងត្រូវ​ធ្វើ​ឡើងជា ដំណាក់កាល មិនមែន​ធ្វើ​ម្ដង​សម្រេច​នោះទេ ខណៈ បច្ចុប្បន្នកំពុង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ជា​បណ្ដើៗ ហើយ ដោយមាន​ដាំ​ដើមឈើ​ជាដើម​។​
​យោងតាម​អ្វីដែល​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៉ី​វិល ធ្លាប់បាន​បង្ហើប​ប្រាប់​នោះ ព្រលានយន្ដហោះ​ថ្មី នៅ​ខេត្តមណ្ឌលគិរី អាច​នឹងត្រូវ​សាងសង់​លើ​ផ្ទៃដី​៣០០​ហិកតា ហើយ​តាម​ការ​ប៉ាន់​ស្ថាន​អាច នឹង​វិនិយោគ​ប្រមាណ​ជាង​៦០​លាន​ដុល្លារ​។ គម្រោង នេះ បាន​សិក្សា​រួចរាល់ និង​បាន​ដាក់ជូន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍ គោលនយោបាយ​សេដ្ឋកិច្ច​។​
សូមបញ្ជាក់ថា​៖ សព្វថ្ងៃនេះ​កម្ពុជា មាន​អាកាស យានដ្ឋាន​អន្តរជាតិ​ចំនួន​៣ កំពុងតែ​ដំណើរការ គឺ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប អាកាសយានដ្ឋាន​អន្តរជាតិ ខេត្ត​ព្រះសីហនុ ដែល​គ្រប់គ្រង និង​ធ្វើ​ទំនើបកម្ម​អាកាសយានដ្ឋាន ដោយ​ក្រុមហ៊ុន SCA របស់​បារាំង​៕ សំរិត​

អត្ថបទដែលជាប់ទាក់ទង