ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ និង​លោក​អធិការ ចុះទៅ​មន្ទីរពេទ្យ​កុមារ​ជាតិ ពិនិត្យ​និង​ឧបត្ថម្ភ​លើ​ក្មេងស្រី​រងគ្រោះ​ម្នាក់ ដែល​ត្រូវ​ស្ត្រីជន​ដៃដល់​អារ​មុខ និង​ដៃ​រងរបួស​ធ្ងន់

57

 

ភ្នំពេញ ៖ ក្រោយ​ទទួលបាន​ព័ត៌មាន​ពី​កុមារី​រងគ្រោះ​អាយុ​៥​ឆ្នាំ ត្រូវបាន​ស្ត្រីជន​ដៃដល់​ម្នាក់​យក​កាំបិត​អារ​ដៃ និង​ផ្ទៃមុខ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ ហើយ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ ស្រាប់តែ​វេលា​ម៉ោង​១១​យប់ ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២០ លោក​អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ និង​លោក​អធិការ ព្រមទាំង​មន្ត្រី​ខណ្ឌ​បាន​អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​ក្មេងស្រី​ដែល​កំពុង​សម្រាក​ព្យាបាល​។

​គួរ​បញ្ជាក់ថា ស្ត្រី​ម្នាក់​ជា​ជនសង្ស័យ បាន​ខឹង​ក្មេងស្រី​រងគ្រោះ ព្រោះតែ​យក​ដុំថ្ម​គប់​កូនប្រុស​របស់គាត់​បែកក្បាល ហើយ​ស្ត្រី​ដៃដល់​បាន​យក​កាំបិត​ឆូត​ផ្ទៃមុខ និង​ច្រមុះ ព្រមទាំង​ដៃ​ក្មេងស្រី​រងគ្រោះ​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ រួច​រត់គេចខ្លួន​ចូលទៅ​ក្នុងផ្ទះ មុននឹង​នគរបាល​ឃាត់ខ្លួន បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​និង​១៥​នាទី​រសៀល ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២០ នៅក្នុង​បុរី​ភព​ថ្មី​ឈូក​វ៉ា​២ ក្នុងភូមិ​តិ​ក្ខ​ប្ប​ញ្ញោ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ស្ត្រី​ដៃដល់​ខាងលើ​ឈ្មោះ លីវ ប៊ុនធឿន អាយុ​៤៣​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៦ ផ្លូវ​លេខ​២៦ បុរី​ភព​ថ្មី​ឈូក​វ៉ា​២ ក្នុងភូមិ​តិ​ក្ខ​ប្ប​ញ្ញោ សង្កាត់​សំរោងក្រោម​។ រីឯ​ក្មេងស្រី​រងគ្រោះ​ឈ្មោះ ឡាស់​ម៉ា​វី លី​យ៉ា អាយុ​៥​ឆ្នាំ រងរបួស​ផ្ទៃមុខ ច្រមុះ ក និង​ដៃ រស់នៅ​ផ្ទះ​លេខ​១៨ ផ្លូវ​លេខ​២០ បុរី​ភព​ថ្មី​ឈូក​វ៉ា​២ ភូមិ​តិ​ក្ខ​ប្ប​ញ្ញោ សង្កាត់​សំរោងក្រោម ។

 


អត្ថបទដែលជាប់ទាក់ទង