ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធររាជធានី ស្នើអោយម្ចាស់ ភោជនីយដ្ឋាននិងអាហារដ្ឋានសុំច្បាប់នៅអង្គភាពច្រកចេញចូលតែមួយនិងមានវិធានការទប់ស្កាត់ជំងឺកូវីដ-១៩

76

ភ្នំពេញ៖ ក្នុងគោលបំណងអោយម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋាន បានយល់ដឹងអំពីយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលរាជធានីភ្នំពេញនិងវិធានសុវត្ថិភាពទេសចរណ៍ដើម្បីទប់ស្កាត់នូវជំងឺកូវីដ១៩ជាមួយនិងវិធានអនាម័យសុខាភិបាល និងការបញ្ជ្រាបយេនឌ័រក្នុងវិស័យទេសចរណ៍ កាលពីរសៀលថ្ងៃទី១៧ កក្កដា ២០១០នេះ អាជ្ញាធររាជធានីភ្នំពេញបានកោះហៅបងប្អូនដែលជាម្ចាស់ភោជនីយដ្ឋាន និងម្ចាស់អាហារដ្ឋានចំនួន២០០នាក់មកសាលារាជធានី ដើម្បីផ្សព្វផ្សាយអោយពួកគាត់បានយល់ ដឹងពីយន្តការច្រកចេញចូលតែមួយរាជធានីភ្នំពេញ និងវិធានសុវត្ថិភាពទេសចរណ៍។

   ពិធីនេះធ្វើឡើងក្រោមវត្តមានលោកហួត ហៃ អភិបាលរងរដ្ឋបាលភ្នំពេញ តំណាងអោយលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងលោក ម៉ម វាសនាប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ។

   លោកហួត ហៃបានមានប្រសាសន៍លើកឡើងថា គោលបំណងនៃពិធីនេះ គឺចង់ឱ្យបងប្អូនជាម្ចាស់ភោជនីយដ្ឋាននិងអាហារដ្ឋានបានយល់ដឹងអំពីយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលរាជធានីភ្នំពេញផង និងវិធានសុវត្ថិភាពទេសចរណ៍ដើម្បីទប់ស្កាត់នូវជំងឺកូវីដ១៩ ព្រមទាំងផ្សព្វផ្សាយនូវវិធានអនាម័យសុខាភិបាល និងការបញ្ជ្រាបយេនឌ័រក្នុងវិស័យទេសចរណ៍។កន្លងទៅនេះ ដើម្បីជួយសម្រួលដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ដែលកំពុងដំណើរការ និងចូលរួមបង្កា ការពារ ព្រមទាំងរក្សាបាននូវសុវត្ថិភាព ទំនុកចិត្ត និងផ្តល់ភាពកក់ក្តៅជូនភ្ញៀវ ក្រសួងទេសចរណ៍បានចេញសរាចរណ៍ណែនាំ ស្តីពីការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ក្នុងដំណាក់ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលក្នុងនោះ ក្រសួងទេសចរណ៍ស្នើ អភិបាលរាជធានី ខេត្តទាំងអស់ ចូលរួមសហការអនុវត្ត វិធានសុវត្ថិភាពទេសចរណ៍ និងផ្សព្វផ្សាយដល់ម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋានអនុវត្តតាមវិធានសុវត្ថិភាពមួយចំនួន ដូចជាត្រូវណែនាំដល់ម្ចាស់អាជីវកម្មទាំងអស់ ឲ្យរៀបចំទឹកអាល់កុល  ជែលអាល់កុល និងចាត់ឲ្យមានបុគ្គលិកប្រចាំការដើម្បីវាស់កម្ដៅអតិថិជន នៅផ្នែកខាងមុខទីតាំងនីមួយៗ ការរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច១,៥ម៉ែត្រយ៉ាងតិច មុននឹងអនុញ្ញាតឲ្យអតិថិជនចូលក្នុងបរិវេណអាជីវកម្មរបស់ខ្លួន។ ចូលរួមផ្សព្វផ្សាយជាសាធារណៈនូវចំណេះដឹង និងការណែនាំផ្សេងៗ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងនេះដល់ភ្ញៀវ និងបុគ្គលិករបស់ខ្លួន ដូចជាធ្វើផ្ទាំងផ្សព្វផ្សាយព័ត៌មានដែលពន្យល់ពីការលាងដៃ និងការពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ។ ណែនាំដល់បុគ្គលិកអំពីហានិភ័យនៃការចម្លងរោគពីវីរុសកូវីដ១៩ ដោយលើកឡើងពីសារៈសំខាន់នៃការការពារខ្លួន 

   លោកហួត ហៃ បានបញ្ជាក់ថា ចាប់ពីសប្តាហ៍ទី៣ ខែកក្តដា ឆ្នាំ២០១៨មក រដ្ឋបាលរាជធានីភ្នំពេញ បានចាប់ដំណើរការអង្គភាពច្រកចេញចូលតែមួយ ដើម្បីផ្តល់សេវាចំនួន១៤ប្រភេទធំៗ ស្របតាមតារាងឧបសម្ព័ន្ធទី២ នៃអនុក្រឹត្យលេខ១៨ អនក្រ.បក ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ រួមមាន ការងារនីត្យានុកូលកម្ម ការបញ្ជាក់ឯកសារថតចម្លង ការងាររដ្ឋបាល វិស័យសុខាភិបាល វិស័យទេសចរណ៍ វិស័យព័ត៌មាន វិស័យសាធារណការ នឹងដឹកជញ្ជូនវិស័យវប្បធម៌ និងវិចិត្រសិល្បៈ វិស័យបរិស្ថាន វិស័យឧស្សាហកម្ម និងសិប្បកម្ម វិស័យរ៉ែ និងថាមពល វិស័យពាណិជ្ជកម្ម វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វិស័យរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។

   ក្នុងឱកាសនោះលោកហួត ហៃ ក៏បានស្នើសុំមន្ទីរទេសចរណ៍ សុខាភិបាល ជួយជំរុញឱ្យការិយាល័យជំនាញចុះផ្សព្វផ្សាយពីការស្នើសុំច្បាប់នៅអង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញដល់ម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋានក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញុ និងស្នើសុំឱ្យម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋាន អញ្ជើញមកស្នើសុំដោយផ្ទាល់ មិនចាំបាច់មានអ្នករត់ការ ប៉ុន្តែ មិនបិទផ្លូវទេ បើម្ចាស់រវល់ អាចឱ្យតំណាង ឬភ្នាក់ងារមកជំនួសបាន ប៉ុន្តែមិនទទួលខុសត្រូវចំពោះការផ្តល់សេវាជូនអ្នកតំណាងនោះទេ។

​​លោក ម៉ម វាសនា ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ ក្នុងឱកាសនោះក៏បានឡើងធ្វើបទបង្ហាញជូនអង្គពិធីដើម្បីចូលរួមបង្កា ការពារ ព្រមទាំងរក្សាបាននូវសុវត្ថិភាព ទំនុកចិត្ត និងផ្តល់ភាពកក់ក្តៅជូនភ្ញៀវ ជៀសផុតពីជំងឺកូវីដ១៩ទាំងអស់គ្នា៕

 

អត្ថបទដែលជាប់ទាក់ទង