ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដោះស្រាយបញ្ហាដីធ្លី នៅខេត្តមណ្ឌលគិរី

89

 

(មណ្ឌលគីរី)៖ ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០នេះ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្តីពីការងារចុះបញ្ជីដីរដ្ឋ ចុះបញ្ជីដីឯកជនរបស់ប្រជាពលរដ្ឋ ចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច ការដោះស្រាយវិវាទដីធ្លី ការកាត់ឆ្វៀលដី និងការរៀបចំផែនការប្រើប្រាស់ដី នៅខេត្តមណ្ឌលគិរី។

កិច្ចប្រជុំនេះមានការចូលរួមពី លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ព្រមទាំងមានការចូលរួមពីសំណាក់អាជ្ញាធរខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានអោយដឹងថាការរៀបចំកិច្ចប្រជុំអន្តរក្រសួងនាពេលនេះគឺក្នុងគោលបំណងដើម្បីជជែកពិភាក្សាពីការងារចុះបញ្ជីដីរដ្ឋ ចុះបញ្ជីដីឯកជនរបស់ប្រជាពលរដ្ឋ ចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច ការដោះស្រាយវិវាទដីធ្លី ការកាត់ឆ្វៀលដី និងការរៀបចំផែនការប្រើប្រាស់ដី ក្នុងខេត្តមណ្ឌលគិរី ។ តាមរយះការជួបជុំគ្នាទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិនាពេលនេះដែរឯកឧត្តម​ឧបនាយករដ្ឋមន្ត្រីជា​ សុផារ៉ា បានថ្លែងអំណរគុណដល់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានព្រមទាំងសហការីដែលបានសហការនិងផ្តល់ការគាំទ្រទៅវិញទៅមកចំពោះទិសដៅ ស្ថានភាពនិងសកម្មភាពក្នុងការទទួលខុសត្រូវបំពេញភារកិច្ចស្របតាមជំនាញរៀងៗខ្លួនបានយ៉ាងល្អប្រសើរ ។យោងតាមរបាយការណ៍បានអោយដឹងថាមកទល់ពេលនេះក្រសួងរៀបចំដែនដីនគរូបនីយកម្ម​​និងសំណង់បានចេញបណ្ណកម្មសិទ្ធលើដីរដ្ឋបានចំនួន២១១៨បណ្ណស្មើនឹង៨៧ម៉ឺនហិកតាដែលក្នុងនោះដីសម្បទានសេដ្ឋកិច្ចមាន២០១១បណ្ណស្មើនឹង៧៤ម៉ឺនហិកតានិងដីរដ្ឋផ្សេងៗទៀតបាន១០៧បណ្ណស្មើនឹង១៣ម៉ឺនហិកតា។ដោយឡែកនៅខេត្តមណ្ឌលគិរី ក្រសួងបានចេញបណ្ណកម្មសិទ្ធលើដីរដ្ឋបានចំនួន១៦៧បណ្ណទំហំប្រមាណ១៥ម៉ឺនហិកតា។ មកទល់ខែកក្កដាឆ្នាំ២០២០ ការងារចុះបញ្ជីដីធ្លីនៅខេត្តមណ្ឌលគិរីទទួលបានលទ្ធផលដូចជា ៤៦ភូមិត្រូវបានចុះបញ្ជីនិងចេញបណ្ណកម្មសិទ្ធរួចរាល់លើផ្ទៃដីទំហំ១៩១ពាន់១៨ហិកតាស្មើនឹង២៤២១៨បណ្ណក្នុងនោះការចុះបញ្ជីដីជូនប្រជាពលរដ្ឋលើផ្ទៃដីទំហំប្រមាណ៣៩២២៦ហិកតាស្មើនឹង២៣៧៥៥បណ្ណ ចុះបញ្ជីដីរដ្ឋទំហំប្រមាណ១៤៥ពាន់៦៣៣ហិកតាស្មើនឹង១៦៧បណ្ណ ដីសហគមន៍ជនជាតិដើមភាគតិចចុះបញ្ជីបាន៧សហគមន៍លើផ្ទៃដីទំហំ៦១៥៦ហិកតាស្មើនឹង២៧៨បណ្ណ និងមាន១០ភូមិកំពុងដំណើរការចុះបញ្ជីដីធ្លីមានលក្ខណះជាប្រព័ន្ធ ចំពោះដីសហគមន៍ជនជាតិដើមភាគតិចចំនួន៦សហគមន៍ដែលកំពុងដំណើរការនិងបានបញ្ចប់ការបិទផ្សាយជាសាធារណះរួចរាល់។ ការដោះស្រាយវិវាទដីធ្លីគឺដោះស្រាយបាន២២ករណីនិងកំពុងបន្តដោះស្រាយចំនួន៣៨ករណី។ក្រសួងបានបង្កើតគណះកម្មការគាំទ្រការចុះបញ្ជីដីរដ្ឋ ដីឯកជនរបស់ប្រជាពលរដ្ឋ ដីសហគមន៍ជនជាតិដើមភាគតិច ដោះស្រាយវិវាទដីធ្លីនិងរៀបចំផែនការប្រើប្រាស់ដីនៅខេត្តមណ្ឌលគិរីដែលមានសមាសភាពសរុប៣១៣រូបចែកចេញជា៤អនុគណះកម្មការនិងក្រុមការងារចុះបញ្ជីដីមាន១២ក្រុមស្មើនឹង២២៥រូប។ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម​និងសំណង់បានសហការជាមួយក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ក្រសួងបរិស្ថាន អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី និងអាជ្ញាធរខេត្តមណ្ឌលគិរី ចាត់ចែងពន្លឿនការងារចុះបញ្ជីដីរដ្ឋ ការដោះស្រាយវិវាទដីធ្លីនិង ការរៀបចំផែនការប្រើប្រាស់ដីនៅខេត្តមណ្ឌលគិរី។គណះកម្មការនេះនឹងចុះបំពេញការងារចាប់ពីថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២០ដើម្បីជំរុញពន្លឿនការងារចុះបញ្ជីដីរដ្ឋ ចុះបញ្ជីដីឯកជនរបស់ប្រជាពលរដ្ឋ ចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច ដោះស្រាយវិវាទដីធ្លីនិងរៀបចំផែនការប្រើប្រាស់ដីនៅខេត្តមណ្ឌលគិរីដែលនៅសេសសល់ក្នុងភូមិទាំង៤៦ដែលបានចុះបញ្ជីរួច ភូមិចំនួន១០ដែលកំពុងដំណើរការចុះបញ្ជីនិងដំណើរការចុះបញ្ជីក្នុងភូមិចំនួន៣៦ផ្សេងទៀតផងដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ ថ្មីៗនេះ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាទៅក្រសួងក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងក្រសួងរៀបចំដែនដី ឱ្យកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅអាស្រ័យផលក្នុងតំបន់អភិរក្ស តំបន់សត្វព្រៃ និងតំបន់ការពារផ្សេងៗរបស់រដ្ឋ។

ទន្ទឹមនឹងការបញ្ជាឱ្យរៀបចំកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ពីលក្ខខណ្ឌត្រូវអនុវតមួយចំនួនផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ចំពោះពលរដ្ឋដែលកំពុងរស់នៅអាស្រ័យផលជាក់ស្តែងក្នុងតំបន់ដីរដ្ឋដូចបញ្ជាក់ខាងលើ គឺហាមកាប់ឆ្ការទន្រ្ទានវាតទីយកដីបន្ថែម គឺមិនអនុញ្ញាត្តិជាដាច់ខាត។

សម្តេចបានបន្ថែមថា ចំពោះការបែងចែកដីជូនប្រជាពលរដ្ឋ គឺក្រសួងពាក់ព័ន្ធ និងអាជ្ញាធរត្រូវធ្វើឱ្យបានហ្មត់ចត់ត្រឹមត្រូវ ហាមដាច់ខាតឆ្លៀតកេងចំណេញយកចំណែកខ្លួនពីការបែងចែកដីជូនពលរដ្ឋ គឺនឹងត្រូវទទួលទោសជាកំហិត។

ក្រៅពីកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋទៅតាមទំហំរស់នៅជាក់ស្តែង គឺរដ្ឋនឹងបន្ថែមជូនផ្ទៃដី១០% ជាប្រយោជន៍រួមសម្រាប់សហគមន៍ប្រើប្រាស់ជាព្រៃរកអុស និងជាជម្រកសត្វគោក្របីស៊ីស្មៅជាដើម។ នេះជាការបញ្ជាក់បន្ថែមរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។

 

អត្ថបទដែលជាប់ទាក់ទង