ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ជំរុញ​ដល់​ប្រជា កសិករ​ទាំងអស់ ត្រូវខិតខំ​ចិញ្ចឹម​ត្រី​សត្វ និង​ដាំ​បន្លែ ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក ជំនួស​ការនាំ​ចូល​

178

 

​មណ្ឌលគិរី​៖ ដើម្បី​លើកកម្ពស់​ជីវភាព ប្រជា ពលរដ្ឋ​ឱ្យ​កាន់​តែមាន​លក្ខណៈ​សមរ​ម្យ តាមរយៈ​ការចិញ្ចឹម​សត្វ និង​ត្រី​នៅក្នុង​សហគមន៍ លោក សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តមណ្ឌលគិរី បាន​ជំរុញ​ដល់​ប្រជាកសិករ​ទាំងអស់ ត្រូវខិតខំ​ចិញ្ចឹម​ត្រី សត្វ និង​ដាំ​បន្លែ ដើម្បី​ផ្គត់​ផ្គង​ទីផ្សារ​ក្នុងស្រុក ជំនួស​ការនាំ​ចូល​ពី ប្រទេសជិតខាង​។ លោក​ប្រធាន​មន្ទីរ​បាន​ជំរុញ​បែបនេះ ក្នុង​ពិធី​ចែក​កូន​ត្រី​ដល់​ប្រជាកសិករ​បណ្តុំ​អាជីវកម្ម​ចិញ្ចឹម​ត្រី នៃ​កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី​ដែល​ធន់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ (ASPIRE) ដែល​ប្រព្រឹត្តទៅ​នៅ​ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា នៅ​ព្រឹក​ថ្ងៃ​ព្រ​ហស្ស ៣​កើត ខែស្រាព​ណ៍ ឆ្នាំជូត ទោស័ក​ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២០ ។​

លោក សុង ឃាង បាន​បញ្ជាក់ថា កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី ដែល​ធន់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ (ASPIRE) ក្នុង​ខេត្តមណ្ឌលគិរី ដែលជា​កម្មវិធី​របស់​ក្រសួង​ក​សិ កម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​បានការ​គាំទ្រ​ពី​រាជរដ្ឋាភិបាល និង​អង្គការ IFAD ។ ដូច្នេះ មន្ទីរ​កសិកម្ម បាន​សហការ​ជាមួយ​អង្គការ​ក្រុម​អភិវឌ្ឍន៍ជនបទ​កម្ពុ​ជា បានធ្វើ​ឡើង​នៅ​ស្រុក​កែវ​សីមា និង​ស្រុក​កោះ​ញែក លើ​ការចិញ្ចឹម​ត្រី ជារួម​នៅ​ស្រុក​កែវ​សីមា កម្មវិធី ASPIRE​នេះ មាន​ប្រាំ​បណ្តុំ គឺ​បណ្តុំ​ដំឡូង​មី បណ្តុំ​ស្វាយចន្ទី បណ្តុំ​ចិញ្ចឹម​មាន់ បណ្តុំ​ចិញ្ចឹម​ជ្រូក និង​បណ្តុំ​ចិញ្ចឹម​ត្រី​នេះ​តែម្តង ដែល​អង្គការ ស៊ី​អ​ឌី​ធី ជា​អ្នក​អនុវត្តន៍​ផ្ទាល់​។ លោក បន្ថែមថា កម្មវិធី​នេះ មាន​អ្នកទទួលផល​ចំនួន ២១១​គ្រួសារ មាន​បង្កើត​បណ្តុំ​ចំនួន​០៨ នៅ​ឃុំ​ស្រែ​ខ្ទុ​ម និង​ឃុំ​ស្រែ​ព្រះ ក្នុងស្រុក​កែវ​សីមា ហើយ​ការ​បង្កើតជា​បណ្តុំ​នេះ មន្ត្រី​ជំនាញ ក៏បាន​រៀបចំ​កិច្ចសន្យា​ទិញ​-​លក់ រវាង​អ្នក​ផលិត អ្នកទិញ និង​អ្នកលក់​ធាតុ​ចូល​កសិកម្ម​។​
លោក​ប្រធាន​មន្ទីរ​កសិកម្ម បញ្ជាក់​បន្ថែមថា ក្នុង​កាលៈទេសៈ​នៃ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ការកាត់បន្ថយ​ការនាំ​ចូល​ពី​ប្រទេសជិតខាង លោក​បាន​ជំរុញ​ឱ្យ​កសិករ​ទាំងអស់​ត្រូវខិតខំ​ផលិត ចិញ្ចឹម សត្វ ត្រី ដាំ​បន្លែ ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​នៅក្នុង​ស្រុក ជំនួស​ការនាំ​ចូល​ពី​ប្រទេសជិតខាង​។ មន្ទីរជំនាញ និង​អង្គការ​ដៃគូ ក៏បានផ្តល់​ជា​សម្ភារ និង​រៀបចំ​អាង​ភ្ញាស់ និង​បង្កាត់កូន​ត្រី ដើម្បីឱ្យ​ប្រជាកសិករ​ទាំងអស់ អាចទាក់ទង​យកមក​ចិញ្ចឹម​បាន ចៀសវាង​ការនាំ​ចូល​ពី​បណ្តា​ខេត្ត​នានា និង​ប្រទេសជិតខាង​។ លោក​ក៏បាន​ណែនាំ​ដល់​ប្រជាកសិករ​ទាំងអស់ ត្រូវខិតខំ​ព្យាយាម​ចិញ្ចឹម​ត្រី​ឱ្យបាន​ច្រើន ដើម្បី​អាច​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​នៅក្នុង​ស្រុក និង​ជួយ​លើកកម្ពស់​ជីវភាព​រស់​នៅ​ប្រចាំថ្ងៃ ឱ្យមាន​លក្ខណៈ​សមរម្យ ហើយ​ប្រសិនបើ​មាន​បញ្ហា​ផ្សេងៗ អាច​ទំនាក់ទំនង​ទៅ​មន្ត្រី​ជំនាញ ដើម្បី​ធ្វើ​ការចុះពិនិត្យ សិក្សា និង​ផ្តល់​បច្ចេកទេស​ថ្មីៗ​បន្ថែមទៀត​។​
បើតាម​របាយការណ៍រ​បស់​ប្រធាន​សម្របសម្រួល​កម្មវិធី​អង្គការ​ក្រុម​អភិវឌ្ឍន៍ជនបទ​កម្ពុ​ជា​(​ស៊ី​អ​ឌី​ធី​) លោក បូ រ៉ាវុធ បានឱ្យដឹងថា កម្មវិធី​ផ្តល់​កូន​ត្រី​ដល់​កសិករ​គំរូ និង​សមាជិក បណ្តុំ​សម្រាប់​គម្រោង នៃ​កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី​ដែល​ធន់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ (ASPIRE) ក្នុង​ខេត្តមណ្ឌលគិរី មាន​គម្រោង​រយៈពេល ០៨​ខែ ដែល​បាន​អនុវត្តន៍​នៅ​ស្រុក​កោះ​ញែក និង​ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។ ក្នុងនោះ ក្នុងស្រុក​កោះ​ញែក​មាន ២​ឃុំ គឺ​ឃុំ​អរ​បួន​លើ និង​ឃុំ​ស្រែ​សង្គម មាន​១០​ភូមិ ដោយមាន​អ្នកទទួលផល​ចំនួន​១៧៥​គ្រួសារ ។ ក្នុងស្រុក​កែវ​សីមា មាន ២​ឃុំ គឺ​ឃុំ​ស្រែ​ខ្ទុ​ម និង​ឃុំ​ស្រែ​ព្រះ មាន​៩​ភូមិ មាន​អ្នកទទួលផល​ចំនួន ២១១​គ្រួសារ ។ សរុប​អ្នកទទួលផល​មាន​ចំនួន ៣៨៦​គ្រួសារ ៕ សំរិត​

អត្ថបទដែលជាប់ទាក់ទង