ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចិន​បញ្ជា​ឲ្យ​បិទ​អគ្គ​កុងស៊ុល​អាមេរិក ប្រចាំ​ទីក្រុង Chengdu នៃ​ខេត្ត​ស៊ី​ឈាន់​

87

​ប៉េកាំង​៖ ប្រទេស​ចិន​នៅ​ថ្ងៃ​សុក្រ ទី​២៤ ខែកក្កដា ឆ្នាំ​២០២០​នេះ បានចេញ​បញ្ជា​ឲ្យ​បិទ​អគ្គ​កុងស៊ុល​សហរដ្ឋអាមេរិក ប្រចាំ​នៅ​ទីក្រុង​ឆឹង​ទូ (Chengdu) នៃ​ខេត្ត​ស៊ី​ឈាន់ (Sichuan) ហើយ​។ នេះ​បើតាម​ការ​សេចក្តីប្រកាស ពី​ក្រសួងការបរទេស​ចិន ដែល​ត្រូវបាន​ដកស្រង់​ដោយ សារព័ត៌មាន CGTN​។​

​ការបិទ​អគ្គ​កុងស៊ុល នៃ​សហរដ្ឋអាមេរិក​ប្រចាំ​ទីក្រុង Chengdu ខាងលើនេះ គឺជា​ការឆ្លើយតប​ទៅនឹង​ទីក្រុង​វ៉ាស៊ីនតោន ដែល​បាន​បង្គាប់​ឲ្យ​បិទ​ស្ថាន​កុងស៊ុល​ចិន ប្រចាំ​នៅ​ទីក្រុង​ហូ​ស្តុ​ន (Houston) រដ្ឋ​តិច​សាស់ កាលពី​ថ្ងៃទី​២១ ខែកក្កដា ដែល​ត្រូវបាន​ចិន​ចាត់ទុកថា ជា​ទង្វើ​មិន​សម​ហេតុផល និង​ជា​ល្បែង​នយោបាយ​របស់លោក ដូ​ណា​ល់ ត្រាំ នៅមុន​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ខែវិច្ឆិកា ឆ្នាំ​២០២០ ប៉ុណ្ណោះ​។​

​គួរបញ្ជាក់​តាម​អ្នកជំនាញ​មួយចំនួន​បាន​លើកឡើងថា កន្លងមក​សហរដ្ឋអាមេរិក បាន​ស្វះស្វែង​បញ្ជូន​ក្រុមមន្ត្រី​ទូត​របស់ខ្លួន ទៅកាន់​ប្រទេស​ចិន​វិញ បន្ទាប់ពី​ពួកគេ​ត្រូវបាន​ជម្លៀស​មកកាន់​សហរដ្ឋ​អាមេរិក កាលពី​ខែកុម្ភៈ​កន្លងទៅ ដោយសារ​ការឆ្លង​រាតត្បាត COVID-19​។ ទីភ្នាក់ងារ​ព័ត៌មាន Reuters ផ្អែកលើ​ប្រភព​ដែល​ខ្លួន​ទទួលបាន​ពី​ក្រុមមន្ត្រី​អាមេរិក ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ បានឱ្យដឹង​ទៀតថា ជើងហោះហើរ​ដឹកនាំ​មន្ត្រី​ទូត​អាមេរិក​ជាច្រើនរូប បាន​ចាក​ចេញពី​រដ្ឋធានី​វ៉ាស៊ីនតោន ឆ្ពោះទៅកាន់​ទីក្រុង​សៀង​ហៃ នៅ​ល្ងាច​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ (​ម៉ោង​នៅ​វ៉ាស៊ីនតោន​)​។​

​មកទល់នឹង​ពេលនេះ ប្រទេស​ចិន និង​សហរដ្ឋអាមេរិក មិនទាន់​ឈានដល់​កិច្ចព្រមព្រៀង​ជា​ផ្លូវការ​ណាមួយ ពាក់ព័ន្ធ​នឹង​ការវិលត្រឡប់​របស់​ក្រុមមន្ត្រី​ទូត​អាមេរិក​នោះទេ ខណៈ​ការបង្គាប់​ឱ្យ​ចិន​បិទ​ស្ថាន​កុងស៊ុល នៅក្នុង​ទីក្រុង​ហូ​ស្ដុ​ន ត្រូវបាន​គេ​មើលឃើញថា អាចជា​ការដាក់​សម្ពាធ​មួយ​ឱ្យ​ចិន ទទួលយក​ក្រុមមន្ត្រី​ទូត​អាមេរិក​វិញ​៕

អត្ថបទដែលជាប់ទាក់ទង