ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីក្រសួង​ចំនួន​៣ ប្តេជ្ញា​មិនឱ្យ​មាន​ករណី​ឆ្លង​រំខាន​ចូល​ហ្វ្រេ​កង់​ស៍ ប្រព័ន្ធ​ឧបករណ៍​នាំ​ផ្លូវអាកាស នៅក្នុង​ដែនអាកាស​នៃ​កម្ពុជា​

62

 

(​ភ្នំពេញ​)៖ ក្រោយ​ចុះហត្ថលេខា ស្ដីពី «​វិធានការ​ទប់ស្កាត់ និង​លុបបំបាត់​ការឆ្លង​រំខាន​ចូល​ហ្វ្រេ​កង់​ស៍ ប្រព័ន្ធ​ឧបករណ៍​នាំ​ផ្លូវអាកាស នៅក្នុង​ដែនអាកាស​នៃ​កម្ពុជា​» នៅ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២០​នេះ រដ្ឋមន្ត្រីក្រសួង​ចំនួន​៣ បាន​ប្តេជ្ញា នឹង​រៀបចំ​គោលការណ៍​ស្តងដារ ដើម្បី​ធ្វើយ៉ាងណា​មិនឱ្យ​ការឆ្លង​ចូល​ហ្វ្រេ​កង់​ស៍ ប្រព័ន្ធ​ឧបករណ៍​នាំ​ផ្លូវអាកាស កើតឡើង​ជាពិសេស​នៅក្នុង​តំបន់​ហោះហើរ ក្នុង​ដែនអាកាស​របស់​ប្រទេស​កម្ពុជា​។​

​ការប្តេជ្ញាចិត្ត​បែបនេះ របស់លោក ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​, លោក ជា វណ្ណ​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​លោក ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិកា​រដ្ឋា​ន អាកាសចរណ៍​ស៊ីវិល បានធ្វើ​ឡើង​ក្រោយ​មានការ​ឆ្លង​រំខាន​សំឡេង​មួយចំនួន​ចូល​ហ្វ្រេ​កង់​ស៍ ប្រព័ន្ធ​ឧបករណ៍​នាំ​ផ្លូវអាកាស និង​ការមិន​គោរ​ច្បាប់ និង​តាម​ការណែនាំ​របស់​ម្ចាស់​ស្ថានីយ៍​វិទ្យុ​ផ្សព្វផ្សាយ​មួយចំនួន​ផងដែរ​។​

​លោក ជា វ៉ាន់​ដេ​ត បាន​ប្តេជ្ញាចិត្ត​យ៉ាង​ដូច្នេះ​ថា​៖ «​កន្លងមក​ក្រសួង ស្ថាប័ន​ទាំង​៣ បាន​សហការគ្នា​បានល្អ ប៉ុន្តែ យើង​សហការគ្នា​ជា​លក្ខណៈ​ទៅតាម​ករណី​នីមួយៗ ប៉ុន្តែ បន្ទាប់ពី​សេចក្តីប្រកាស​រួម​នេះ ក្រសួង ស្ថាប័ន​យើង​ទាំង​៣​នឹង​រៀបចំ​នូវ​គោលការណ៍ ស្តងដារ ដើម្បី​ធ្វើ​យ៉ាងម៉េច​ឱ្យ​ការឆ្លង​រំខាន​នេះ (​ការឆ្លង​រំខាន​ចូល​ហ្វ្រេ​កង់​ស៍ ប្រព័ន្ធ​ឧបករណ៍​នាំ​ផ្លូវអាកាស​) មិនមាន​កើតឡើង​ជាពិសេស​នៅក្នុង​តំបន់​ហោះហើរ​នៅក្នុង​ដែនអាកាស​របស់​ព្រះរាជាណាចក្រ​កម្ពុជា​»​។​

​លោក ជា វណ្ណ​ដេ​ត បានឱ្យដឹងថា ការឆ្លង​រំខាន​ចូល​ហ្វ្រេ​កង់​ស៍ ប្រព័ន្ធ​ឧបករណ៍​នាំ​ផ្លូវអាកាស មាន​គ្រោះថ្នាក់ និង​មាន​បញ្ហា​ធំ​សម្រាប់​ប្រទេសជាតិ ដូច្នេះហើយ បានជា​ក្រសួង​ព័ត៌មាន​, ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​លេខាធិការដ្ឋាន អាកាសចរណ៍​ស៊ីវិល បាន​ឯកភាពគ្នា​រៀបចំ​ការចុះហត្ថលេខា ស្ដីពី «​វិធានការ​ទប់ស្កាត់ និង​លុបបំបាត់​ការឆ្លង​រំខាន​ចូល​ហ្វ្រេ​កង់​ស៍ ប្រព័ន្ធ​ឧបករណ៍​នាំ​ផ្លូវអាកាស នៅក្នុង​ដែនអាកាស​នៃ​កម្ពុជា​» នាពេលនេះ​តែម្តង​។​

​លោក ជា វណ្ណ​ដេ​ត បាន​បន្តថា ក្នុងនាម​ជា​ក្រសួង​ដែល​គ្រប់គ្រង​ហ្វ្រេ​កង់​ស៍​វិទ្យុ នឹងធ្វើ​យ៉ាងណា ដើម្បី​ធានា​ឱ្យនៅ​តំបន់​ហោះហើរ​របស់​អាកាសយាន​ដ្ឋា​ន​របស់​កម្ពុជា មាន​សុវត្ថិភាព​។ ក្នុងន័យ​នេះដែរ ក្រសួង​ប្រៃសណីយ៍ ក៏បាន​ពិចារណា​ពង្រឹង​អង្គភាព​គ្រប់គ្រង ហ្វ្រេ​កង់​ស៍​វិទ្យុ ដើម្បី​អាច​ស្កេ​ន ធ្វើតេស្ត​ពិនិត្យមើល​នូវ​រាល់​ចំណុច​ខ្វះខាត​ដែល​អាច​កើតមានឡើង​ជាដើម​។​

​លោក ខៀវ កាញារីទ្ធ បានឱ្យដឹងថា បច្ចុប្បននេះ នៅ​ប្រទេស​កម្ពុជា មាន​រលកសញ្ញា​មួយទៀត ដែល​សំខាន់​មែន​ទៀត គឺ​ការ​ភ្នាល់​ទឹកភ្លៀង ដែល​ពួកនេះ​បាន​ប្រើប្រាស់​អាយកូម​ជាប់ ហើយ​ចំណុច​នេះ​ជាការ​លំបាក​ផងដែរ​។ ដូច្នេះ សូមឱ្យ​ក្រសួង ស្ថាប័ន ទាំងអស់​ត្រូវខិតខំ​ធ្វើកា​រងារ​នេះ​បន្ថែមទៀត​។​

​លោក ខៀវ កាញារីទ្ធ បានឱ្យដឹងថា ករណី​មួយទៀត ជាគោលការណ៍​ប្រសិនបើ​រកឃើញថា​មាន​វិទ្យុ​ណាមួយ​ប៉​ពាល់​ដល់​ការរំខាន ឆ្លង​ចូល​ហ្វ្រេ​កង់​ស៍ ប្រព័ន្ធ​ឧបករណ៍​នាំ​ផ្លូវអាកាស ក្រសួង​នឹង​បញ្ជា​ឱ្យ​បិទ​ជាបន្ទាន់ ព្រមទាំង​ចាត់តាំង​ក្រុមការងារ​ជំនាញ​ចុះទៅ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស ហើយ​បច្ចុប្បន្ននេះ ក្រសួង​បានដាក់​នូវ​ឧបករណ៍​ដើម្បី​ការពារ​កុំឱ្យ​លោត​ឆ្លង​ចូល​ជាដើម​។​

​រដ្ឋមន្ត្រី​ក្រ​សួ​ព័ត៌មាន បាន​បញ្ជាក់ថា ករណី​ឆ្លង​រលក​សំឡេង​រំខាន​ចូល​ហ្វ្រេ​កង់​ស៍ ប្រព័ន្ធ​ឧបករណ៍​នាំ​ផ្លូវអាកាស នេះ​អាច​បណ្តាលមកពី​ការប្រើ​ដាក់​អង់​តែ​ន នៅ​ជិតគ្នា​ពេក​ជាដើម​។​

​លោក ម៉ៅ ហាវ​ណ្ណា​ល់ បានឱ្យដឹងថា ក្នុងនាម​ជា​ថ្នាក់ដឹកនាំ​លេខាធិការដ្ឋាន អាកាសចរណ៍​ស៊ីវិល លោក​បាន​ខិតខំ​ណែនាំ​ដល់​មន្ត្រីក្រោមឱវាទ​ទាំងអស់​ធ្វើការ​ទំនាក់ទំនង​គ្នា​ជាមួយ​ក្រសួង​ព័ត៌មាន ទៅលើ​ការដោះស្រាយ​បញ្ហា​ការចម្លង​ជ្រៀតជ្រែក​រវាង​រលកធាតុអាកាស​របស់​អាកាសចរណ៍​ស៊ីវិល និង​រលកធាតុអាកាស​របស់​វិទ្យុផ្សាយសំលេង​ក្រសួង​ព័ត៌មាន ដែល​អាច​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​វិស័យ​អាកាសចរណ៍​ស៊ីវិល​ជាដើម​។​

​លោក ម៉ៅ ហាវ​ណ្ណា​ល់ បាន​លើកឡើងថា ដូច្នេះ ក្រោយពី​បាន​ចុះហត្ថលេខា​ព្រមព្រៀង​ទាំង​៣ ក្រសួង ស្ថាប័ន របស់​យើង​នេះ ខ្ញុំ​ជឿជាក់ថា យើង​អនុវត្ត ឱ្យមាន​ប្រសិទ្ធភាព ហើយ​ក្តីបារម្ភ​របស់​អាកាសច​រណ៍​ស៊ីវិល​នឹង​អាច​កាត់បន្ថយ យើង​នឹង​ខិតខំ​កែច្នៃ​ចៀសវាង​ការជ្រៀតជ្រែក​ចូល​រលក​ធាតុអាកាស​រវាង​អាកាសចរណ៍​ស៊ីវិល​, ក្រសួង​ព័ត៌មាន ក៏ដូចជា​ក្រសួង​ប្រៃសណីយ៍​ហ្នឹង យើង​នឹង​ខិតខំ​បំបាត់​ឱ្យដល់​កម្រិត​ណាមួយ​ដែល​យើង​អាច​ទទួលយកបាន​ទាំងអស់គ្នា​»​។​

​លោក​បាន​បន្ថែមថា អាកាសចរណ៍​ស៊ីវិល មិន​ចង់ឃើញ​បញ្ហា​គ្រោះថ្នាក់​កើតឡើង​លើ​វិស័យ​អាកាសចរណ៍​ពាក់ព័ន្ធ​ទៅនឹង​វិទ្យុផ្សាយសំលេង​ផ្ទៃដី ទៅលើ​អាកាសយាន​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​លើ​ដែនអាកាស​នោះទេ​។ ដូច្នេះ កាលណា​មាន​បញ្ហា​នេះ​កើតឡើង​លោក​ជឿជាក់ថា​កិត្តិយស​មិនមែន​បាត់បង់​តែ​លើ​វិស័យ​អាកាសចរណ៍​ស៊ីវិល​នោះទេ គឺអាច​ពាក់​នឹង​ក្រសួង​ព័ត៌មាន ជាពិសេស​ពាក់ព័ន្ធ​នឹង​កិត្តិយស​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មិនអាច​បម្រើ​សេវាកម្ម​វិទ្យុទាក់ទង​នេះ​ជាដើម​៕

អត្ថបទដែលជាប់ទាក់ទង