ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​នាំយក​ម៉ាស៊ីន​ផលិត​ទឹកបរិសុទ្ធ​ដោយ​បរិយាកាស​-WATERGEN (​ប្រភេទ GEN-M) ៥​គ្រឿង ជូន​ដល់​មន្ទីរពេទ្យ និង​កាកបាទក្រហមកម្ពុជា​

88

 

​មន្ទីរពេទ្យ​កាល់ម៉ែត​៖ ថ្ងៃ​អង្គារ ៨​កើត ខែស្រាព​ណ៍ ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែ កក្កដា ឆ្នាំ​២០២០ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​-​ទទួល​ម៉ាស៊ីន​ផលិត​ទឹកបរិសុទ្ធ​ដោយ​បរិយាកាស​-WATERGEN (​ប្រភេទ GEN-M) ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច ជូន​មន្ទីរពេទ្យ​កាល់ម៉ែត ដោយមាន​ការអញ្ជើញ ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​ក្រសួង ឯកឧត្តម​សាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយក​មន្ទីរពេទ្យ​កាល់ម៉ែត និង​មន្ត្រី រាជការ​ក្រោម​ឱវាទ​មន្ទីរពេទ្យ​ផងដែរ​។
​ថ្លែង​ក្នុង​ពិធី​ប្រគល់​-​ទទួល​នាឱកាស​នោះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​អំពី​លក្ខណៈពិសេស ម៉ាស៊ីន​ផលិត​ទឹកបរិសុទ្ធ​ដោយ​បរិយាកាស​ធម្មជាតិ​-WATERGEN (​ប្រភេទ GEN-M) ជា​បច្ចេកវិទ្យា មកពី​ប្រទេស​អ៊ីស្រាអែល មាន​សមត្ថភាព​អាច​ផលិត​ទឹកបរិសុទ្ធ​ដោយ​ស្វ័យប្រវត្តិ​ពី​ខ្យល់​ក្នុង​បរិយាកាស បាន​ប្រមាណ​៨០០​លីត្រ​ក្នុង​មួយថ្ងៃ ដោយ​មិនចាំបាច់​ត​ភ្ជាប់​ជាមួយ​ប្រភពទឹក​ទុយោ និង​អាច​ផ្គត់ផ្គង់​ទឹក ប្រកបដោយ​គុណភាព​និង​សុវត្ថិភាព​ខ្ពស់ កាត់បន្ថយ​ផលប៉ះពាល់​បរិស្ថាន​ផ្សេងៗ​ថែម​ទៀតផង​។
​ជាងនេះទៅទៀត ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​លើកឡើងថា​៖ ម៉ាស៊ីន​នេះ​អាច​ផ្តល់​អត្ថប្រយោជន៍​សម្រាប់ បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទី​ពេទ្យ ជួយ​ឱ្យ​ពួកគាត់​អាច​សន្សំសំចៃ​ថវិកា បាន​មួយចំណែក និង​បាន​បន្ថែមថា​៖ ម៉ាស៊ីន​នេះ​ក៏​អាច​យកទៅ​ប្រើប្រាស់​បាន​នៅតាម​សាលារៀន មន្ទីរពេទ្យ មណ្ឌល​សុខភាព​របស់​បណ្ដា​ភូមិ ឃុំ ស្រុក​ទាំងឡាយណា​ដែល​ខ្វះខាត​ទឹក​ប្រើប្រាស់​បាន​ផងដែរ​។
​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ក៏បាន​ជម្រាបជូន​ផងដែរ​អំពី ការ​ប្រគល់ជូន​ម៉ាស៊ីន​នេះ​ទៅឱ្យ​មន្ទីរពេទ្យ​គន្ធបុប្ផា ចំនួន​០១​គ្រឿង មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន​ព្រះកុសុមៈ​ចំនួន​០១​គ្រឿង មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ចំនួន​០១​គ្រឿង និង​កាកបាទក្រហមកម្ពុជា​ចំនួន​០១​គ្រឿង (​រួម​ជាមួយនឹង​រថយន្ត​ចល័ត និង​ម៉ា​ស៊ី​ង​ភ្លើង មួយឈុត​ដើម្បី​ធ្វើ​សកម្មភាព​មនុស្សធម៌​នៅតាម​មជ្ឈដ្ឋាន​នានា​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​អាច ជួប​គ្រោះរាំងស្ងួត ឬ​មាន​តម្រូវការ​ប្រើប្រាស់​ទឹកស្អាត​ជា​ចាំបាច់​។​
​គួរ​កត់សម្គាល់ថា​៖ អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នាឱកាស​នេះ គឺជា​ការបង្ហាញ​នូវ កាយវិការ​ប្រកបដោយ​មនុស្សធម៌ ដែល​សម្តេច​តែងតែ​គិតគូរ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ ធ្វើយ៉ាងណា​ឱ្យ​សុខមាលភាព និង​ជីវភាព​រស់នៅរ​បស់បង​ប្អូន​កាន់​តែមាន​ភាពប្រសើរឡើង​ជា​លំដាប់​។​
​ឆ្លៀត​ក្នុងឱកាស​នោះ​ផងដែរ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​សំណូមពរ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង សម្រាក​ព្យាបាល​ជំងឺ​នៅក្នុង​មន្ទីរពេទ្យ​នេះ​ជួយ​ថែរក្សា​ម៉ាស៊ីន​នេះ​ឱ្យបាន​គង់វង្ស ដើម្បី​អាច​ប្រើប្រាស់​បាន យូរអង្វែង​ទាំងអស់គ្នា​៕​

អត្ថបទដែលជាប់ទាក់ទង