ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វៀតណាម​បន្ត​រកឃើញ​ករណី​ឆ្លង COVID-19 ថ្មីៗ​៨​នាក់​ទៀត ក្រោយពី​បាន​បិទ​ទីក្រុង​ដា​ណា​ង​

97

 

(​ហាណូយ​)៖ នៅក្នុង​របាយការណ៍​ស​ម្រា​ប់​ព្រឹក​ថ្ងៃ​ពុធ ទី​២៩ ខែកក្កដា ឆ្នាំ​២០២០​នេះ ក្រសួងសុខាភិបាល​វៀត​ណា​ម​បានប្រកាស​ពី​ការរកឃើញ ករណី​ឆ្លង Covid-19 ថ្មីៗ​ចំនួន ០៨​នាក់​បន្ថែមទៀត ដែល​បាន​កើតឡើង​នៅ​មន្ទីរពេទ្យ ០៣​កន្លែង​សិ្ថ​ត​នៅ​ទីក្រុង​ដា​ណា​ង (Da Nang) តែម្ដង និង​នាំ​ឲ្យ​ករណី​ឆ្លង​សរុប ក្នុង​ទីក្រុង​ទេសចរណ៍​នេះ កើនឡើង​ដល់ ៣០​ករណី​ហើយ​។ នេះ​បើតាម​ការចេញផ្សាយ ដោយសារ​ពត៌មាន CNA​។​

​ប្រទេស​វៀតណាម​ពេលនេះ កំពុង​បង្កើន​ការប្រុងប្រយ័ត្ន​កាន់តែ​ខ្ពស់ បន្ទាប់ពី​ករណី​ឆ្លង​ថ្មីៗ​បានកើត​ឡើង នៅ​ទីក្រុង​ដា​ណា​ង (Da Nang) ដែលជា​ការឆ្លង​សហគម​ន៏​ដំបូងបង្អស់ នៅ​ប្រទេស​អាស៊ាន​មួយ​នេះ ចាប់តាំងពី​ខែមេសា​មកម្ល៉េះ ដោយ​តម្រូវ​ឲ្យ​ជើងហោះហើរ​ទៅ​-​មកពី​ទីក្រុង​ដា​ណា​ង ទាំងអស់​ត្រូវ​ផ្អាក​រយៈពេល ១៥​ថ្ងៃ គិត​ចាប់​ពីថ្ងៃ​អង្គារ​ម្សិលមិញ ខណៈ​រថយន្តក្រុង និង​ខ្សែ​រថភ្លើង​ទាំងអស់ ក៏ត្រូវ​បាន​ផ្អាក​មិន​ឲ្យ​ចេញ​-​ចូល ទីក្រុង​ជាប់​ឆ្នេរសមុទ្រ​មួយ​នេះ​ដូចគ្នា​ដែរ​។​

​គួរបញ្ជាក់​តាម​រដ្ឋាភិបាល​វៀតណាម បានប្រកាស​កាលពី​ថ្ងៃ​ចន្ទ​សប្តាហ៍​នេះ​ថា ខ្លួន​បានស្នើ​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល (CAAV) អនុញ្ញាត​ឲ​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក បង្កើន​ចំនួន​ជើងហោះហើរ​ពី​ក្រុង​ដា​ណា​ង ទៅកាន់​ទីក្រុង​ចំនួន ១១ ផ្សេងទៀត​នៃ​ប្រទេស​វៀតណាម ដើម្បី​ជួយ​ជម្លៀស​ប្រជាជន ៨០,០០០​នាក់​ចេញ ដែលជា​ភាគច្រើន​ជា​ភ្ញៀវទេសចរ​ក្នុងស្រុក​។​

​ចំពោះ​ករណី​ឆ្លង COVID-19 ដែល​ទើបតែ​ត្រូវបាន​រកឃើញ​ថ្មីៗ​នេះ គឺ​កើតឡើង​នៅ​មន្ទីរពេទ្យ​ចំនួន ០៣​កន្លែង សិ្ថ​ត​នៅ​ភាគ​កណ្តាល​ក្រុង​ដា​ណា​ង​តែម្ដង ដែលជា​ទីក្រុង​ត្រូវ​បិទ​ចាប់ពី​ម៉ោង ១២៖០០​នាទី​ពាក់កណ្ដាល​អធ្រាត្រ ឈានចូល​ថ្ងៃទី​២៨ ខែកក្កដា រហូតដល់​មានការ​ជូនដំណឹង​បន្ថែមទៀត​។ ទន្ទឹមនឹងនេះ អ្នកស្រុក​ភាគច្រើន​នៃ​ទីក្រុង​ដា​ណា​ង ត្រូវបាន​ណែនាំ​ឲ្យ​ស្នាក់​នៅតែ​ក្នុងផ្ទះ ដោយ​មិនត្រូវ​មានការ​ជួបជុំ​មនុស្ស​ច្រើន លើសពី​ពីរ​នាក់​ឡើយ លើកលែងតែ​ស្ថិត​ក្នុងករណី​ចាំបាច់​ប៉ុណ្ណោះ​។​

​គួរ​បញ្ជាក់ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ពុធ​នេះ ក្រសួងសុខាភិបាល​វៀត​ណា​ម​បាន​រកឃើញ ករណី​ឆ្លង​ជំងឺ COVID-19 សរុប ៤៤៦​ករណី (​ពុំមាន​ករណី​បាត់បង់​ជីវិត​ឡើយ​) ក្នុងនោះ ៨៣​ភាគរយ​នៃ​អ្នកជំងឺ​ទាំងអស់​បានជា​សះស្បើយ​៕​

អត្ថបទដែលជាប់ទាក់ទង