ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គនាយក​កីឡា ប្រាប់​ឲ្យ​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​យកចិត្តទុកដាក់​ព​ង្រឹ​ង​ក្លឹប​ដើម្បី​អភិវឌ្ឍ​សហព័ន្ធ​

18

​ ​ភ្នំពេញ​៖​ប្រមុខ​អាជ្ញាធរ​កីឡា​គឺ​លោក​អ៊ុក សិទ្ធិ​ជាតិ​ដែលជា​អគ្គនាយក​កីឡា បាន​អំពាវនាវ​ឲ្យ​សហព័ន្ធ​កីឡា​គុន​ខ្មែរ​ពង្រឹង សមាគម​ក្លឹប​ដែលមាន​សព្វថ្ងៃ ព្រោះថា​សមាគម​ក្លឹប​រួមគ្នា​បង្កើតបានជា​សហព័ន្ធ ហើយ​សហព័ន្ធ​ត្រូវការពារ​ផលប្រយោជន៍​របស់​ក្លឹប បើ​គ្មាន​ក្លឹប​និង​សមាគម​គឺ​សហព័ន្ធ​មិន​ដើរទៅ​មុខ​ឡើយ​។​
​លោក​អ៊ុក​សិទ្ធិ​ជាតិ​អគ្គនាយក​កីឡា​នៃ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បានលើកឡើង​បែបនេះ​នៅក្នុង​ឪ​កាស​អញ្ជើញ​ចូលរួម​បិទ​វគ្គ​
​បណ្តុះបណ្តាល​សមត្ថភាព​បច្ចេកទេស​និង​គ្រូបង្វឹក​កម្រិត​បឋម ដល់​គ្រូ​ប្រដាល់​គុន​ខ្មែរ កាលពី​ល្ងាច​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២០ ។​លោក បាន​មានប្រសាសន៍ថា​ក្លឹប​ទាំងអស់​ត្រូវតែ​ចុះបញ្ជី​និង​ត្រូវគោរព​តាម​ល័ក្ខខ័ណ្ឌ​ដែល​បានកំណត់​របស់​សហព័ន្ធ​ទើបបាន​ក្លាយជា​ក្លឹម​ស្របច្បាប់ មាន​សិទ្ធិ​បោះឆ្នោត​និង​សិទ្ធិ​ឈរឈ្មោះ​បោះឆ្នោត​ទាំង​នៅក្នុង​ប្រទេស​ក៏ដូចជា​នៅ​អន្តរជាតិ​ដែរ ។​
​លោក​បន្ថែមទៀតថា​កីឡាប្រដាល់​គឺជា​ប្រភេទ​កីឡា​មួយ​ដែលមាន​សក្ដានុពល​ហើយ​ដែល​ត្រូវ​ដាក់បញ្ចូល​នៅក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។​ដូច្នេះ​ការបណ្ដុះបណ្ដាល​លើក​គ្រូបង្វឹក​នេះ​យើង​មិនមែន​សំដៅ​តែ​បរិមាណ​ទេ​គឺ​ផ្ដោតទៅលើ​គុណភាព ពោល​គ្រូបង្វឹក​ម្នាក់ គឺ​មិនមែន​មានតែ​សមត្ថភាព​បច្ចេកទេស​ប៉ុណ្ណោះ​ទេ គឺ​ទាមទារ​ត្រូវឱ្យ​ចេះ​ភាសាបរទេស​ថែម​
​ទៀត ។​
​គ្រូបង្វឹក​ដែល​បង្ហាត់​សិស្ស​មិនមែន​ពាក់ព័ន្ធ​តែ​នៅលើ​បច្ចេកទេស​ទេ​គឺមាន​ទាក់ទង​ទៅលើ​បញ្ហា​គុណភាព​សុខភាព​ព្រោះថា​មាន​
​កម្លាំង​ទើប​ទៅ​ហាត់​យក​បច្ចេកទេស​ហើយ​បន្ទាប់ពី​មាន​បច្ចេកទេស​និង​ទៅធ្វើ​ការប្រកួត​ដើម្បី​លេចចេញ​ជា​ចំណាត់ថ្នាក់​និង​វាយតម្លៃ​បាន​។​លោក​បន្តថា​ពាក់ព័ន្ធ​ទៅនឹង​ការបណ្ដុះបណ្ដាល​នេះ​គឺ​ក្រសួង​បាន​យកចិត្តទុកដាក់​ខ្លាំងណាស់​ចំពោះ​សហព័ន្ធ​កីឡា​ជាតិ​ដោយ​ក្រសួង​បាន​ចំណាយ​ថវិកា​ប្រមាណ​៣.១០០​លាន​រៀល​ក្នុង​១​ឆ្នាំ​ជូន​ដល់​សហព័ន្ធ​កីឡា​ជាតិ​ចំនួន​៤២ សម្រាប់ធ្វើ​ការអភិវឌ្ឍ​សហព័ន្ធ​នីមួយៗ ។​ក្នុងនោះ ការចំណាយ​លើ​ផ្នែក​រដ្ឋបាល​ចំនួន​២០%​លើ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ចំនួន​៣៥%​និង​ការរៀបចំ​ការប្រកួត​៤៥%​។​ហើយ​ការផ្ដល់​ថវិកា​ជូន​ប្រព័ន្ធ​នេះ គឺ​ផ្ទេរ​តាមរយៈ​ប្រព័ន្ធ​ធនាគារ មិន​ផ្តល់​ជា​សាច់​ប្រាក់សុទ្ធ​នោះទេ ដោយសារ​ខ្លាច​ធ្លុះធ្លាយ​ជ្រុះ​បាត់​តាមផ្លូវ ។​
បើតាម​ការ​ឲ្យ​ដឹង​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ថា លទ្ធផល​នៃ​ការសិក្សា​វគ្គ​នេះ តាម​ការពិនិត្យ​វាយតម្លៃ​ឃើញថា​គ្រូបង្វឹក​ទាំង​២៦​នាក់​ដែល​ចូលរួម​រៀន​វគ្គ​នេះ បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​យកចិត្តទុកដាក់ ហើយ​លទ្ធផល​ដែល​ទទួលយកបាន​នោះ ផ្អែក​ទៅតាម​សមត្ថភាព ដែល​ធ្លាប់​ឆ្លងកាត់​ជា​គ្រូបង្វឹក​ផង និង​តាម​កម្រិតវប្បធម៌​ផងដែរ ពោល​គឺអាច​ទទួលយក​បាន ក្នុងនោះ​សិក្ខាកាម​ទទួលបាន​លទ្ធផល ល្អ​មាន​ចំនួន ១០ នាក់ ល្អ​បង្គរ​មាន​ចំនួន ១១ នាក់ និង មធ្យម មាន​ចំនួន ០៥ នាក់ ។​
លោក​ប្រធាន​សហព័ន្ធ​បាន​លើកឡើងថា​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​មាន​ជំនឿ​ជឿជាក់ថា​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ យើង​អាចមាន​គ្រូបង្វឹក កីឡាករ កីឡាការិនី ល្អ​ឆ្នើម​ជាច្រើន​ចូលរួម​ប្រកួត​កីឡា​ទាំង​ជាតិ​អន្តរជាតិ ជាមួយនិង​បណ្តា​ប្រទេស​ក្នុង​អាស៊ាន និង​ទទួលបាន​លទ្ធផល​ល្អ​ទៀតផង ៕

អត្ថបទដែលជាប់ទាក់ទង