ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចស្ដីពី ការបង្កើតលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្ដរាយ

97
ទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០នេះ ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចស្ដីពី ការបង្កើតលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្ដរាយរបស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត តេង សាវង្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្ដរាយ ដោយមានការចូលរួមពី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងអគ្គស្នងការ និងនាយកដ្ឋាន/អង្គភាព ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងអគ្គនាយក និងនាយកដ្ឋាន ចំណុះអគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ ព្រមទាំងភាគីពាក់ព័ន្ធជាច្រើនរូបទៀត។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តម សន្ដិបណ្ឌិត តេង សាវង្ស មានប្រសាសន៍ថា «នាពេលកន្លងទៅនេះ រាជរដ្ឋាភិបាលបានចេញសៀវភៅគោលនយោបាយរួមមួយ ហើយសៀវភៅគោលនយោបាយនេះ ពាក់ព័ន្ធដល់ កិច្ចការងាររួមរបស់រាជរដ្ឋាភិបាល ដែលជាវិធានការទប់ស្កាត់រាល់បញ្ហា ដែលកើតមានឡើងជាគ្រោះមហន្ដរាយ ដែលរាជរដ្ឋាភិបាលត្រូវមានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ»។
ឯកឧត្តមបន្ដថា ការងារគ្រប់គ្រងគ្រោះមហន្ដរាយនេះ ក្រសួងមហាផ្ទៃមានសារៈសំខាន់ណាស់ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីធ្វើយ៉ាងណាចុះជួយប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។ ឯកឧត្តម ក៏បានផ្ដាំផ្ញើទៅក្នុងអង្គប្រជុំថា ភាគីពាក់ព័ន្ធត្រូវស្វែងយល់ ការងារគ្រប់គ្រងគ្រោះមហន្ដរាយបន្ថែមទៀត ដើម្បីងាយស្រួលដោះស្រាយជូនប្រជាពលរដ្ឋ។
សូមជម្រាបថា លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្ដរាយរបស់ក្រសួងមហាផ្ទៃ ស្ថិតក្រោមការដឹកនាំផ្ទាល់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដែលមានភារកិច្ចសំខាន់ៗរួមមាន៖
ទី១-កសាងផែនការយុទ្ធសាស្ដ្រ ផែនការសកម្មភាពត្រៀមរៀបចំ ត្រៀមបង្ការ និងសកម្មភាពឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្ដរាយទាំងដំណាក់កាលមុនពេលកើត និងក្នុងពេលកើត។
ទី២-ចូលរួមសហការជាមួយបណ្ដាលកងកម្លាំងមានសមត្ថកិច្ចផ្សេងៗ ធ្វើប្រតិបត្តិការរុករកសង្គ្រោះបន្ទាន់ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋរងគ្រោះ រក្សាសន្ដិភាព សណ្ដាប់ធ្នាប់សង្គមពេលមានសំណូមពរ ពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ។
ទី៣-សម្របសម្រួល និងសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដយ ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ វិស័យឯកជន ក្នុងការដាក់ចេញអនុវត្តនូវវិធានការចាំបាច់បន្ទាន់ ក្នុងការរុករក និងសង្គ្រោះ ចំពោះគ្រោះមហន្ដរាយ ដែលបាននិងកំពុងកើតឡើង។
ទី៤-កសាងផែនការត្រៀមបម្រុងទុកជាមុន អំពីផ្នែកហិរញ្ញវត្ថុ មធ្យោបាយ និងសម្ភារចាំបាច់ ដើម្បីឆ្លើយតបដោះស្រាយទាន់ពេលវេលា ចំពោះប្រតិ្តបត្តិការរុករក និងសង្គ្រោះរបស់កងកម្លាំង។
និងទី៥-អនុវត្តភារកិច្ចផ្សេងៗទៀត ដែលគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ឬរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃប្រគល់ឲ្យ៕
អត្ថបទដែលជាប់ទាក់ទង