ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រឿងញៀនជិត២០០គីឡូក្រាម និងសារធាតុគីមី សរុបជាង៣០០០គីឡូក្រាម សម្រាប់ផលិតគ្រឿងញៀន ត្រូវបានសមត្ថកិច្ចបង្ក្រាប ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

81

 

ភ្នំពេញ ៖ ប្រតិបត្តិការដ៏ធំមួយក្រោមបទបញ្ជាផ្ទាល់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាយកដ្ឋានកណ្តាលសន្តិសុខ បានបើកការស៊ើបអង្កេត និងស្រាវជ្រាវករណីជួញដូរគ្រឿងញៀន ឆ្លងដែនខុសច្បាប់បម្រុងនាំចេញទៅបរទេស ចំនួន ១៨៥,០២គីឡូក្រាម ដោយសហការជាមួយអង្គភាពគយ នៃប្រទេសចិន តាមរយៈអង្គការ UNODC ប្រចាំប្រទេសថៃ និងអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ នាយកដ្ឋានកណ្តាលសន្តិសុខ បានដឹកនាំបើកកិច្ចប្រតិបត្តិការ បង្ក្រាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ជាក់ស្តែង ដោយសហការជាមួយអង្គភាពអន្តរាគមន៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅក្នុងភូមិសាស្ត្រខណ្ឌជ្រោយចង្វា ដោយឃាត់ជនសង្ស័យចំនួន ០១នាក់ ជនជាតិខ្មែរ និងវត្ថុតាងគ្រឿងញៀនចំនួន ១៩៨ដុំ លាក់បង្កប់ក្នុងកេសការ៉ូឈើបន្លំជាគ្រឿងសង្ហារឹម។

ក្រោយនាំខ្លួនជនសង្ស័យមកសាកសួរ នាយកដ្ឋានកណ្តាលសន្តិសុខ បានសហការជាមួយមន្ទីរប្រឆាំងគ្រឿងញៀន បន្តស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យជនជាតិចិនបានម្នាក់ទៀត ដែលជាមុខសញ្ញាកែច្នៃគ្រឿងញៀន និងរឹបអូសបានគ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន ៨,៤៥គីឡូក្រាម និងសារធាតុគីមីផ្សំសម្រាប់កែច្នៃគ្រឿងញៀនចំនួន ២០,១៦គីឡូក្រាម ព្រមទាំងឧបករណ៍ សម្រាប់កែច្នៃមួយចំនួន ក្នុងបន្ទប់ខុនដូររបស់ជនសង្ស័យ។

សមត្ថកិច្ច បានបញ្ជាកថា ដោយមានការឯកភាពពីលោក ព្រះរាជអាជ្ញារង សាយ ណូរ៉ា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សមត្ថកិច្ចជំនាញពាក់ព័ន្ធបានបន្ត ចុះឆែកឆេរទីតាំងលាក់ទុកនូវសារធាតុគីមី សម្រាប់ផលិតគ្រឿងញៀនមួយកន្លែងនៅក្នុងខណ្ឌកំបូល ដោយដកហូតបាននូវសារធាតុគីមីចំនួន ១១មុខ សរុបមានទម្ងន់ ៣.១៤៦,១៩គីឡូក្រាម និងបន្តចុះឆែកឆេរទីតាំងរក្សាទុកម៉ាស៊ីន សម្រាប់ផលិតគ្រាប់ថ្នាំញៀនមួយកន្លែងទៀត ស្ថិតក្នុងខណ្ឌដង្កោ ដោយរឹបអូសបានម៉ាស៊ីនអុកគ្រាប់ថ្នាំញៀនចំនួន ០២គ្រឿង និងពុម្ពគ្រាប់ថ្នាំញៀនចំនួន ១៤សម្រាប់។

តាមការបញ្ជាក់របស់សមត្ថកិច្ច ករណីជួញដូរគ្រឿងញៀននេះ គឺជាករណីឧក្រិដ្ឋកម្មឆ្លងដែន ដែលមានអង្គការចាត់តាំងច្បាស់លាស់ និងមានមេខ្លោងនៅបរទេស ហើយមានបំណងនាំចេញទៅកោះតៃវ៉ាន់។ បច្ចុប្បន្នសមត្ថកិច្ចជំនាញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងបន្តស្រាវជ្រាវមុខសញ្ញាមេខ្លោងនៅបរទេស និងមុខសញ្ញាពាក់ព័ន្ធ ដើម្បីនាំខ្លួនមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង