ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សួន​សមិទ្ធផល​លើ​វិស័យ​រក្សា​សន្តិភាព និង​សកម្មភាព​មីន ត្រូវ​កសាងឡើង​នៅ​បរិវេណ​វិមាន​ឈ្នះ ឈ្នះ ដើម្បី​ទុក​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​យក​គំរូ​តាម

69

​ភ្នំពេញ​៖ សួន​សមិទ្ធផល​សំខាន់ៗ លើ​វិស័យ​រក្សា​សន្តិភាព និង​សកម្មភាព​មីន ដែល​ស្ថិតនៅ​ក្នុងចំណោម​សួន​សមិទ្ធផល​ចំនួន​៤ ដែល​កើតចេញពី​នយោបាយ​ឈ្នះ ឈ្នះ ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នឹង​បានចាប់ផ្តើម​បើក​ដំណេ​ី​រ​ការសាងសង់​ចាប់ពីពេលនេះ​តទៅ នៅ​បរិវេណ​វិមាន​ឈ្នះ ឈ្នះ រាជធានី​ភ្នំពេញ​។​

​នៅ​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០២០ ពិធី​បញ្ចុះបឋមសិលា​សា​ង​សង់​សួន​សមិទ្ធផល​សំខាន់ៗ វិស័យ​រក្សា​សន្តិភាព និង​សកម្មភាព​មីន នឹងធ្វើ​ឡើង​ក្រោម​អធិបតីភាព លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង កងកម្លាំង​រក្សា​សន្តិភាព បោសសម្អាត​មីន និង​កាកសំណល់​សង្គ្រាម និង​ជា​អនុប្រធាន​គណៈ ក​ម្មា​ធិ​ការ​ជាតិ សម្របសម្រួល​កិច្ចការ​ប​ញ្ចូ​ន​កងកម្លាំង ចូលរួម​បេសកកម្ម​រក្សា​សន្តិភាព អង្គការសហប្រជាជាតិ​។​
សូមជម្រាបថា សួន​សមិទ្ធផល​ទាំង​៤​រួមមាន​ទី​១៖ សួន​ឃឿន​ការពារជាតិ របស់​កងយោធពល​ខេមរភូមិន្ទ ដែល​លះបង់​សាច់​ស្រស់ ឈាម​ស្រស់ ដើម្បី​បុព្វហេតុ​ជាតិ មាតុភូមិ និង​ការពារ​អាយុជីវិត​រប​ស់​ប្រជាពលរដ្ឋ​, ទី​២៖ សួន​វិស័យ​រក្សា​សន្តិភាព គឺជា​សមិទ្ធផល​របស់​កងកម្លាំង​កងទ័ព​មួក​ខៀវ​កម្ពុជា ដែល​បំពេញ​បេសកម្ម​មនុស្សធម៌ ក្រោម​ឆត្រ​របស់​អង្គការសហប្រជាជាតិ នៅ​បណ្តា​ប្រទេស​កំពុង​រងគ្រោះ​ដោយសារតែ​ភ្លើងសង្គ្រាម និង​អង្គភាព​កម្ចាត់មីន ស៊ីម៉ាក ដែល​បាន​ដោះ​គ្រាប់មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ បាន​រាប់លាន​គ្រាប់ ដើម្បី​សង្គ្រោះ​ជីវិត​របស់​មនុស្ស​, ទី​៣៖ សួន​ប្រវត្តិកាល​ស្ថាបត្យកម្ម​វិមាន​ឈ្នះ ឈ្នះ ដើម្បី​បង្ហាញ​ពី​សមិទ្ធផល​អ្នក​ដែល​បាន​ចូលរួម​សាងសង់ រហូត​កើតចេញ​សមិទ្ធផល​នយោបាយ​ឈ្នះ ឈ្នះ និង​ទី​៤៖ សួន​វិស័យ​សន្តិសុខ​សង្គម ដើម្បី​បង្ហាញ​ពី​សមិទ្ធផល​នានា ដែល​ខាង​កង​រាជ អាវុធហត្ថ និង​នគរបាល ដែល​ចូលរួម​លះបង់​គ្រប់បែបយ៉ាង បម្រើ​ដល់​សន្តិសុខ​សណ្តាប់ធ្នាប់ របៀបរៀបរយ ក្នុង​សង្គមជាតិ​កម្ពុជា​។​

​សម្រេច​ឱ្យ​សាងសង់ សួន​សមិទ្ធផល​នេះ​ឡើង ក្រុមការងារ នឹង​ព​ន្លឿ​ន​ការងារ​សាងសង់ ឱ្យបាន​រួចរាល់​នៅក្នុង​ខែវិច្ឆិកា ដើម្បី​អបអរសាទរ​ខួប​ទិវា​នយោបាយ​ឈ្នះ ឈ្នះ រយៈពេល​៤៣​ឆ្នាំ ដែល​នឹង​ប្រព្រឹត្តិ​ធ្វើឡើង​នៅ​ថ្ងៃទី​២៩ ខែធ្នូ ខាងមុខនេះ ជាពិសេស​ដើម្បី​រំលេច​ពី​ភាព​អស្ចារ្យ​នយោបាយ​ឈ្នះ ឈ្នះ រហូត​ធ្វើឱ្យ​ប្រទេស​កម្ពុជា មាន​ស្ថេរភាព និង​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ​ដូច​ពេល​បច្ចុប្បន្ននេះ ៕ សំរិត​

អត្ថបទដែលជាប់ទាក់ទង