ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈកម្មការទី៨ នៃព្រឹទ្ធសភា ចុះឈ្វេងយល់អំពីវិស័យ ជាសមត្ថកិច្ចរបស់គណៈកម្មការ នៅខេត្តក្រចេះ

51

ដើម្បីឈ្វេងយល់អំពីការផ្សព្វផ្សាយច្បាប់ និងការអនុវត្តច្បាប់ គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា (គណៈកម្មការទី៨) ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត ការចូលរួមពីអាជ្ញាធរមានសមត្ថកិច្ច ប្រធានមន្ទីរជំនាញពាក់ព័ន្ធនឹងវិស័យទទួលបន្ទុករបស់គណៈកម្មការ នារសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តក្រចេះ។

ក្នុងឱកាសនោះ លោកជំទាវ មាន សំអាន បានមានប្រសាសន៍ថា ក្នុងអំឡុងពេលចន្លោះសម័យប្រជុំព្រឹទ្ធសភា គណៈកម្មការនានារបស់ព្រឹទ្ធសភាត្រូវចុះឈ្វេងយល់ និងតាមដានការអនុវត្តច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលអនុវត្តនៅថ្នាក់ជាតិ តាមក្រសួង ស្ថាប័ននានា និងមូលដ្ឋាននៅថ្នាក់ក្រោមជាតិ។ ដូចក្នុងឱកាសនេះអីចឹង គណៈកម្មការទី៨ព្រឹទ្ធសភា បានចុះមកខេត្តក្រចេះនេះ គឺដើម្បីឈ្វេងយល់អំពីការអនុវត្តន៍ច្បាប់នានា ដែលពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការទី៨ព្រឹទ្ធសភា ប្រមូលនូវបញ្ហាលំបាក និងសំណូមពរនានារបស់អាជ្ញាធរមូលដ្ឋានមកធ្វើការសិក្សាស្រាវជ្រាវ និងរាយការណ៍ជូនថ្នាក់ដឹក នាំព្រឹទ្ធសភា ព្រមទាំងពាំនាំនូវសំណូមពរទាំងអស់របស់អាជ្ញាធរខេត្ត មន្ទីរ យកទៅជម្រាបជូនដល់ក្រសួង ឬស្ថាប័ន ដែលមានការពាក់ព័ន្ធ ដើម្បីចូលរួមរិះរកគ្រប់មធ្យោបាយដោះស្រាយ។

ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានជម្រាបជូនគណៈប្រតិភូអំពីទីតាំងភូមិសាស្ត្រ ដោយខេត្តក្រចេះ ស្ថិតនៅតំបន់ខ្ពង់រាបប៉ែកឦសាននៃប្រទេស ដែលមានផ្ទៃដីធម្មជាតិ១១.០៩៤គីឡូម៉ែត្រការ៉េ ចែកចេញជាស្រុក៥ ក្រុង១ មាន៤២ឃុំ និង០៥សង្កាត់ និងមានភូមិ២៥៨ភូមិ មានព្រំប្រទល់ខាងត្បូងជាប់ខេត្តត្បូងឃ្មុំ ខាងជើងជាប់ខេត្តស្ទឹងត្រែង ខាងកើតជាប់ខេត្តមណ្ឌលគិរី និងប្រទេសវៀតណាម ខាងលិចជាប់ខេត្តកំពង់ចាម និងខេត្តកំពង់ធំ។ មានប្រជាពលរដ្ឋសរុប៤១៧.៣២១នាក់ ស្មើនឹង៩៤.០៨០គ្រួសារ និងមានជនជាតិដើមភាគតិចរស់នៅចំនួន០៧ គឺភ្នង,កួយ, ស្ទៀង,ខោញ, មិល , ថ្មូន, និងក្រោល ក្នុងភូមិសាស្ត្រស្រុកសំបូរ ចិត្របុរី និងស្រុកស្នូល។ ទន្ទឹមនឹងនេះវិស័យសុខាភិបាលនៅក្នុងខេត្តក្រចេះ មានមន្ទីរពេទ្យបង្អែក០៣កន្លែង មណ្ឌលសុខភាព៣១កន្លែង និងប៉ុស្តិ៍សុខភាព១៤កន្លែង ដែលកំពុងដំណើរការបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានបានល្អប្រសើរ ពិសេសកំពុងរួមចំណែក្នុងការអនុវត្តគោលនយោបាយជាតិគាំពារសង្គម គោលនយោបាយរបបសន្តិសុខសង្គម និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីក្រីក្រមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ។

ឯកឧត្តមអភិបាលខេត្ត បានបន្តទៀតថា ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ រដ្ឋបាលខេត្តក្រចេះ មន្ទីរសុខាភិបាលខេត្ត និងមន្ទីរ អង្គភាពពាក់ព័ន្ធ បានដាក់ចេញជាវិធានការក្នុងការបង្ការ និងទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ១៩នេះ ដោយខេត្តបានត្រៀមសម្ភារៈរួចជាស្រាច់ មានមណ្ឌលចត្តាឡីស័កចំនួន០៩កន្លែង ក្នុងនោះក្រុងក្រចេះ០២កន្លែង ស្រុកស្នួល០២កន្លែង ស្រុកឆ្លូង០២កន្លែង នៅស្រុកចិត្របុរី០១កន្លែង ស្រុកព្រែកប្រសព្វ០១កន្លែង និងស្រុកសំបូរ០១កន្លែងផងដែរ។

នៅក្នុងឱកាសនោះ មានមន្ទីរ និងអង្គការពាក់ព័ន្ធ ក៏បានរាយការណ៍ជូនគណៈកម្មការទី៨ព្រឹទ្ធសភា អំពីលទ្ធផលការងារសំខាន់ៗ ដែលសម្រេចបាននាពេលកន្លងមក ព្រមទាំងបញ្ហាប្រឈមមួយចំនួន ដែលបានជួបប្រទះ ជូនសមាជិក សមាជិកាគណៈកម្មការ បានជ្រាប ផងដែរ ដែលពាក់ព័ន្ធទៅនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ។
ក្នុងនាមគណៈកម្មការទី៨ព្រឹទ្ធសភា និងក្នុងនាមលោកជំទាវផ្ទាល់ លោកជំទាវ មាន សំអាន បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរខេត្ត និងមន្ទីរពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងបំពេញការងារតាមតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរទាំងសេវារដ្ឋបាល និងសេវាថែទាំសុខភាព ព្រមទាំងធ្វើឱ្យខេត្តមានការរីកចម្រើនឈានទៅមុខយ៉ាងឆាប់រហ័ស និងមានការអភិវឌ្ឍលើគ្រប់វិស័យ។ ចំពោះបញ្ហាប្រឈមទាំងឡាយ ដែលខេត្តបានលើកឡើងនោះ គឺទាមទារឱ្យខេត្តត្រូវតែចូលរួមដោះស្រាយជាមួយគ្នា ដើម្បីឱ្យមន្ទីរពាក់ព័ន្ធមានលទ្ធភាពពេញលេញក្នុងការបំពេញភារកិច្ចរបស់ខ្លួនឲ្យបានទាន់ពេលវេលា ក្នុងការបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ និងផលប្រយោជន៍របស់ប្រទេសជាតិ។ ចំណែកឯបញ្ហាប្រឈម និងសំណូមពរវិញ គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា នឹងធ្វើរបាយការណ៍រាយការណ៍ដាក់ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ក្រសួងមានសមត្ថកិច្ច ដែលមានការពាក់ព័ន្ធនឹងវិស័យរបស់គណៈកម្មការ ដើម្បីពិនិត្យ ពិចារណា និងចាត់វិធានការចូលរួមដោះស្រាយតាមលទ្ធភាពដែលអាចធ្វើទៅបាន។

ក្នុងឱកាសនោះដែរ លោកជំទាវប្រធាន សូមផ្តាំផ្ញើរអាជ្ញាធរមានសមត្ថកិច្ចខេត្ត សូមចូលរួម និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត សូមប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ថែរក្សាសុខភាពកុំអោយឆ្លងជំងឺកូវីដ១៩ នឹងត្រូវឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹល (gel sanitizer) សម្លាប់មេរោគ ឬទឹកអាល់កុល ហើយប្រើប្រាស់ម៉ាសអោយបានជាប្រចាំ គ្រប់ទីកន្លែងទាំងអស់ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានដាច់ខាត ដើម្បីសុវត្ថិភាពសុខភាពទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង