ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានី បាននិងកំពុងស្ដាប្រព័ន្ធលូ ២០ខ្សែនៅតាមខណ្ឌមួយចំនួន៨នៅកណ្ដាលក្រុងនិងនៅជាយក្រុងដើម្បីសម្រួលប្រព័ន្ធផ្លូវទឹកហូនៅរដូវវស្សានេះ

57

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងស្ដាប្រព័ន្ធលូចំនួន២០ខ្សែនៅតាមបណ្តាខណ្ឌមួយចំនួននៅកណ្ដាលក្រុងនិងនៅជាយក្រុងដើម្បីសម្រួលប្រព័ន្ធផ្លូវទឹកហូបានល្អជៀសវាងការជន់លិចលំនៅដ្ឋានប្រជាពលរដ្ឋនៅក្នុងរដូវវស្សានេះ។

  លោកដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹកបូមទឹកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានអោយដឹងនៅរសៀលថ្ងៃទី០៤ សីហានេះថា ក្នុងខែកក្កដាឆ្នាំ ២០២០នេះ ក្រុមការងារអង្គភាពលូទឹកបូមទឹកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ក្រោយពីមានការណែនាំពីលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលភ្នំពេញ អង្គភាពលូទឹកបូមទឹក បានធ្វើការស្ដារលូចំនួន២០ខ្សែនៅក្នុងរាជធានីភ្នំពេញ ដើម្បីបើកមុខទឹករំដោះទឹកភ្លៀងនៅរដូវវស្សានេះឲ្យបានល្អប្រសើរជៀសវាងនូវការលិចលង់លំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋក្នុងខណ្ឌចំនួន៨ នៅក្នុងរាជធានីភ្នំពេញ ដែលក្នុងនោះមានខណ្ឌចំនួន៥នៅកណ្ដាលក្រុងនិងខណ្ឌ៣ទៀតនៅជាយក្រុង គឺខណ្ឌសែនសុខ ខណ្ឌពោធិ៍សែនជ័យនិងខណ្ឌមានជ័យ។

   លោកក៏បានបញ្ជាក់ផងដែរថា មកដល់ពេលនេះក្រុមការងារបាននិងកំពុងស្ដា ប្រព័ន្ធលូនៅតាមបណ្ដោយផ្លូវ៦៣(ហៅផ្លូវត្រសក់ផ្អែម) មុខសាលាភូមិន្ទរដ្ឋបាលដល់ផ្សារធំថ្មី បន្ទាប់ពីលូនៅផ្លូវមួយចំនួនធំបានស្តារហើយនោះ។

    លោកដួង ចាន់សារ៉ាត់ក៏បានបញ្ជាក់ផងដែរថា ក្នុងសកម្មភាពនេះ ក្រុមការងារក៏បានធ្វើសកម្មភាពលើការជួសជុលគម្របលូ អណ្ដូងលូដែលបាក់ ខូចខាតផងដែរ បើទោះបីគម្របលូខ្លះត្រូវកប់ក្នុងដីនិងធ្លាក់ចូលលូក្តី ដែលតម្រូវឱ្យក្រុមការងាររុករកនឹងធ្វើការជួសជុលឡើងវិញ។

  ពាក់ព័ន្ធពាក់ព័ន្ធនឹងការស្ដារប្រព័ន្ធលូ ក្នុងរាជធានីភ្នំពេញនេះ លោកដួង ចាន់សារ៉ាត់ក៏បានធ្វើការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមសហការដោយកុំទុកដាក់សំរាម នៅមាត់លូ លើគំរូលូឬនៅមុខលូជាដើម ដែលធ្វើសំរាមទាំងនោះហូមកបាំងមុខលូពេលមានភ្លៀងធ្លាក់ម្ដង

  លោក ក៏បានស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមសហការដោយកាយសំរាមចេញពីមុខឬមាត់លូពេលមានភ្លៀងធ្លាក់ម្តងៗ និងជៀសវាងឲ្យបាននូវការបិទមាត់លូព្រោះតែខ្លាចមានក្លិនស្អុយ ។នេះជាទម្លាប់មិនល្អនឹងធ្វើអោយមានការលិចលង់លំនៅដ្ឋាន ដោយការស្ទះប្រព័ន្ធលូនេះ៕

 

អត្ថបទដែលជាប់ទាក់ទង