ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចលើកលែងការ បង់ថ្លៃធ្វើតេស្តរកវីរុសកូវីដ-១៩ លើកទី១ និងលើកទី២ លើទិដ្ឋាការការទូតប្រភេទ A និង ទិដ្ឋាការផ្លូវការប្រភេទ B

78

 

ភ្នំពេញ៖ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការកែសម្រួលវិធានការសុខាភិបាលសម្រាប់អនុវត្ត ចំពោះមន្ត្រីការទូត និង អង្គការអន្តរជាតិដែលកាន់ទិដ្ឋាការការទូតប្រភេទ A និងទិដ្ឋាការផ្លូវការប្រភេទ B ខណៈទិដ្ឋាការការទូតប្រភេទ A និង ទិដ្ឋាការផ្លូវការប្រភេទ B ពុំមានចំនួនច្រើនលើសលប់នោះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចលើកលែងការ បង់ថ្លៃធ្វើតេស្តរកវីរុសកូវីដ-១៩ លើកទី១ និងលើកទី២។

នៅ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ- ១៩ សូមជម្រាបជូនបណ្តា ស្ថានទូត អង្គការអន្តរជាតិ និងសាធារណជនទាំងអស់មេត្តាជ្រាបថា យោងតាមចំណារយល់ព្រមដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ លើលិខិតលេខ ១៦៨ សខល ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ របស់ក្រសួងសុខាភិបាល ស្តីពីការកែសម្រួលវិធានការសុខាភិបាល សម្រាប់អនុវត្តចំពោះមន្ត្រីការទូត និងអង្គការអន្តរជាតិ ដែលកាន់ទិដ្ឋាការការទូតប្រភេទ A និងទិដ្ឋាការ ប្រភេទ B ត្រូវអនុវត្តតាមគោលការណ៍ខាងក្រោម៖

1. មន្ត្រីការទូត និងអង្គការអន្តរជាតិ តម្រូវឲ្យមានវិញ្ញាបនបត្របញ្ជាក់សុខភាព (Health Certificate) ចេញដោយអាជ្ញាធរសុខាភិបាលដែលទទួលស្គាល់ដោយប្រទេសសាមីបញ្ជាក់ ថាគ្មានជំងឺកូវីដ-១៩ ក្នុងរយៈពេល ៧២ម៉ោង មុនពេលចេញដំណើរ។

2. តម្រូវឱ្យមន្ត្រីការទូត និងអង្គការអន្តរជាតិ ដែលទទួលបានទិដ្ឋាការការទូតប្រភេទ A និងទិដ្ឋាការ ផ្លូវការប្រភេទ B ត្រូវធ្វើតេស្តទាំងអស់ពេលមកដល់កម្ពុជា ហើយសំណាកត្រូវយកនៅទីតាំង ពិសេស ក្នុងស្ថានីយមកដល់របស់អ្នកដំណើរតែម្តង។

3.ត្រូវរង់ចាំលទ្ធផលតេស្តរយៈពេលយ៉ាងតិច ២៤ម៉ោង នៅទីតាំងសណ្ឋាគារ ឬកន្លែងស្នាក់នៅ ណាមួយ ដោយគោរពតាមគោលការណ៍ប្រតិបត្តិស្តង់ដារ (SOPs) ដែលបានឯកភាពដោយ គណៈកម្មការអន្តរក្រសួង និង ការធ្វើចត្តាឡីស័ក ១៤ថ្ងៃ នៅទីតាំងទាំងនោះ បើមាន តម្រូវការចាំបាច់នៃវិធានការសុខាភិបាលសាធារណៈ។

4.សំណាកដែលបានធ្វើពេលមកដល់នឹងត្រូវបញ្ជូនទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និង ការធ្វើតេស្តលើកទី២ នៅថ្ងៃទី១៣ ក៏ត្រូវធ្វើនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា តាមការកំណត់របស់ ក្រសួងសុខាភិបាល។

5. ក្នុងករណីមានការរកឃើញវីរុសកូវីដ-១៩ វិជ្ជមាន បញ្ជាក់ដោយមន្ទីរពិសោធន៍នៃវិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជា អ្នកជំងឺត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ឬមន្ទីរពេទ្យណាផ្សេង។

ដែលស្ថានទូតសំណូមពរ ហើយដែលក្រសួងសុខាភិបាលឯកភាពដើម្បីធ្វើការព្យាបាល។ ការសម្រាកព្យាបាលនៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ឬមន្ទីរពេទ្យណាផ្សេង រាល់ការចំណាយ និង តម្លៃសេវាព្យាបាល ជាបន្ទុករបស់មន្រ្តីទូត ឬស្ថានទូត និងអង្គការអន្តរជាតិផ្ទាល់។ 6. ស្ថានបេសកកម្មបរទេសទាំងអស់នឹងតម្រូវឱ្យចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយក្រសួងសុខាភិបាលពាក់ព័ន្ធនឹងគោលការណ៍ប្រតិបត្តិស្តង់ដារ (SOPs) ដើម្បីបង្ការ ការចម្លងជំងឺកូដ-១៩ នៅកម្ពុជា។

ដោយឈរលើគោលការណ៍មនុស្សធម៌ ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អ ជាមួយបណ្តាប្រទេសជាមិត្ត និងផ្អែកលើកត្តាសត្យានុម័តដែលចំនួនអ្នកកាន់ទិដ្ឋាការការទូតប្រភេទ A និង ទិដ្ឋាការផ្លូវការប្រភេទ B ពុំមានចំនួនច្រើនលើសលប់នោះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចលើកលែងការ បង់ថ្លៃធ្វើតេស្តរកវីរុសកូវីដ-១៩ លើកទី១ និងលើកទី២៕

អត្ថបទដែលជាប់ទាក់ទង