ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីណែនាំដល់មន្ទីរ ជំនាញលុបបំបាត់កន្លែងលក់ហ្គាសអាណាធិបតេយ្យអោយអស់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

97

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេងបានធ្វើការណែនាំ ដល់មន្ទីរជំនាញ ត្រូវលុបបំបាត់កន្លែងលក់ហ្គាសបែបអាណាធិបតេយ្យ អោយអស់ពីក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីកាត់បន្ថយហានិភ័យគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ។

   លោកឃួង ស្រេង បានណែនាំថា មន្ទីរជំនាញពាក់ព័ន្ធត្រូវសហការគ្នាជាមួយនឹងអាជ្ញាធរខណ្ឌទំាង ១៤ ដើម្បីចុះត្រួតពិនិត្យកន្លែងលក់ហ្គាសនានា ស្វែងយល់ពីទិដ្ឋភាពច្បាប់ សម្ភារៈបច្ចេកទេសស្តង់ដារ និងឧបករណ៍ការពារ ដើម្បីធានាថាអាជីវកម្មនេះគ្មានផលរំខានឬបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋនិង បរិស្ថាន។

   លោកបានបញ្ជាក់ថា បច្ចុប្បន្ននេះ នៅរាជធានីភ្នំពេញមានកន្លែងលក់ហ្គាសនិងបញ្ជូលហ្គាស ជាច្រើន ហើយកន្លែងខ្លះគ្មានស្តង់ដារបច្ចេកទេស បើប្រាស់ធុងហ្គាសចាស់ៗគ្មានគុណភាព ឬធុងស្តើង ដែលងាយបង្កហានិភ័យគ្រោះថ្នាក់ទំាងអ្នកបញ្ជូលនិងអ្នកប្រើប្រាស់។

  លោកអភិបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់ក្រុមអាជីវករលក់ហ្គាសទំាងអស់ត្រូវបញ្ឈប់ការទិញធុងហ្គាសចាស់ៗពីប្រទេសដ៏ទៃ ហើយយកមកបាញ់ថ្នំាដើម្បីប្រើប្រាស់បន្ត ដែលនេះគឺជាហានិភ័យគ្រោះថ្នាក់ខ្ពស់អាចបង្កអោយផ្ទុះធុងហ្គាសនិង អគ្គិភ័យឆាប់ឆេះផ្ទះសម្បែងជាដើម។

  លោកឃួង ស្រេង បញ្ជាក់ទៀតថា នៅរាជធានីភ្នំពេញសព្វថ្ងៃនេះ កន្លែងលក់ហ្គាសពុំមែនតែកន្លែងលក់ហ្គាសទេ គឺមានទំាងផលិតហ្គាសថែមទៀត ព្រោះពេលចុះទៅកន្លែងផ្ទុះហ្គាសគឺឃើញថ្មស្អុយដែលជា សារធាតុ ផលិតហ្គាស។កិច្ចការងារនេះគឺជាសន្តិសុខសុវត្ថិភាពប្រជាពលរដ្ឋនៅមូលដ្ឋាន ហើយបើកាលណាបង្ក អោយមានកន្លែងលក់ហ្គាសអានាធិបតេយ្យកាន់តែច្រើន ហានិភ័យកាន់តែខ្ពស់ចំពោះយើង ហើយយើង ពិបាកឡានដែលរត់ទៅសង្គ្រោះ ក៏មានការចង្អៀតដោយសារបញ្ហាចរាចរណ៍ដែលចំណុចនេះត្រូវតែយក ចិត្តទុកដាក់អោយបានខ្ពស់។

   លោក ឃួង ស្រេង បានធ្វើការណែនាំបែបនេះក្នុងកិច្ចប្រជុំក្រុមប្រឹក្សារាជធានីភ្នំពេញនៅព្រឹកថ្ងៃទី៦ ខែសីហានេះនៅសាលារាជធានីភ្នំពេញ។

   លោកប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានមានប្រសាសន៍ថា បញ្ហាហ្គាសឬការលក់សំាងដបនៅតាមចិញ្ចើមផ្លូវឬផ្ទះលក់ដូរគ្រឿងទេសជាបញ្ហាប្រឈមផ្នែកសុវត្ថិភាព ដោយត្រូវ បង្កើនការយកចិត្តទុកដាក់លុបបំបាត់ឲ្យខាងតែបាន  ខណៈដែលអគ្គិភ័យនានាដែលកើតឡើងនៅរាជធានីភ្នំពេញកន្លងមកនេះភាគច្រើនបណ្តាលមកពីការផ្ទុះធុងហ្គាសដែលគ្មានបច្ចេកទេសនេះឯង៕

 

អត្ថបទដែលជាប់ទាក់ទង