ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈកម្មការ​ទន្លេមេគង្គ​ជំ​រុញឱ្យ​ប្រទេស​តាម​ដង​ទន្លេមេគង្គ​ទាំងអស់​ដោះស្រាយ​បញ្ហា លំហូរ​ទឹក​ទាប ខណៈ​បឹង​ទន្លេសាប​របស់​កម្ពុជា​អាច​ជួបប្រទះ​ស្ថានភាព​ស្ងួត​ខ្លាំង​

47

 

ភ្នំពេញ​៖ គណៈកម្មការ​ទន្លេមេគង្គ (MRC) បាន​ជំរុញ​ដល់​ប្រទេស​តាម​ដង​ទន្លេមេគង្គ​ទាំង ៦ ឱ្យ​ដោះស្រាយ​បញ្ហា​លំហូរ​ទឹក​ទាប​ក្នុង​តំបន់ ខណៈដែល​អាង​ទន្លេមេគង្គ​ក្រោម​ប្រឈម​នឹង​កំណត់ត្រា​លំហូរ​ទឹក​ទាប​អស់​រយៈពេល​២​ឆ្នាំ​បន្តបន្ទាប់​គ្នា ជាពិសេស​ធ្វើឱ្យ​បឹង​ទន្លេសាប​របស់ ប្រទេស​កម្ពុជា​ជួបប្រទះ​ស្ថានភាព​ស្ងួត​ខ្លាំង​ដែល​បង្ក​ឱ្យ​បរិមាណ​លំហូរ​ត្រឡប់​ចូល​បឹង​ធ្លាក់ ដល់​កម្រិត​ទាប​បំផុត​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​គណៈកម្មការ​ទន្លេ​មេគង្គ​។​

​ក្នុង​របាយការណ៍​រប​ស់​MRC ដែល​ពិនិត្យ​លើ​ស្ថានភាព​ជល​សាស្ត្រ​ក្នុង​អាង​ទន្លេមេគង្គ​ក្រោម អំឡុង​ពី​ខែមករា ដល់​ខែកក្កដា ឆ្នាំ​២០២០​នេះ បានកំណត់​នូវ​បុព្វហេតុ​បឋម​ជាច្រើន​ដែល​អាច​បង្កឱ្យមាន​លំហូរ​ទឹក​ទាប និង​គ្រោះរាំងស្ងួត​សម្រាប់​ឆ្នាំនេះ​។ មូលហេតុ​ទាំងនេះ រួមមាន​បរិមាណ​ភ្លៀង​ធ្លាក់​តិចតួច​ខុស​ប្រក្រតី​ដែល​បង្កដោយ​បាតុភូត​អាកាសធាតុ​អែល នី​ណូ (El Nino) ស្ថានភាព​លំហូរ​ទាប​រយៈពេល​យូរ​ដែល​បន្ត​អូសបន្លាយ​ចាប់ពី​ឆ្នាំ​២០១៩ មក និង​លំហូរ​ទឹក​កម្រិត​ទាប​ជាង​មុន​ពី​ដៃទន្លេ​មេគង្គ​។ សម្រាប់​លំហូរ​ទាប​បែបនេះ បានធ្វើឱ្យ​បឹង​ទន្លេសាប​របស់​ប្រទេស​កម្ពុជា​ជួបប្រទះ​“​ស្ថានភាព​ស្ងួត​ខ្លាំង​”​ដែល បង្ក​ឱ្យ​បរិមាណ​លំហូរ​ត្រឡប់​ចូល​បឹង​ធ្លាក់​ដល់​កម្រិត​ទាប​បំផុត​នៅក្នុង​កំណត់ត្រា​គិត​ចាប់ពី​ឆ្នាំ ១៩៩៧ មក​។​

​ដោយ​ប្រើប្រាស់​ទិន្នន័យ​តាមដាន​ទិន្នន័យ​ទឹកភ្លៀង និង​អាកាសធាតុ​ពី MRC និង​ពី​ប្រភព​ជាស​កល​ផ្សេងៗ​ទៀត ក្នុង​របាយការណ៍​នេះ​បន្ថែមថា ប្រតិបត្តិការ​នៃ​ទំនប់​នានា​តាម​ទន្លេ​មេ​ក្នុង​អាង​ទន្លេមេគង្គ​លើ និង​ទំនប់​តាម​ដៃទន្លេ​ផ្សេងៗ​ក្នុង​អាង​ទន្លេមេគង្គ​ក្រោម​អាច​នឹង​ជះឥទ្ធិពល​លើ​ស្ថានភាព​លំហូរ​ទឹក​ទាប នាពេលនេះ​។ ទោះជា​យ៉ាងណាក៏ដោយ លេខាធិការដ្ឋាន​MRC​មិនមាន​ទិន្នន័យ និង​ព័ត៌មាន​ជា​ផ្លូវការ ដើម្បី​ផ្ទៀងផ្ទាត់​ពី ផលប៉ះពាល់​ដែល​អាច​កើតមាន​នៃ​ប្រតិបត្តិការ​ទំនប់​វា​រី​អគ្គិសនី​ក្នុង​អាង​ទន្លេមេគង្គ​លើ​ទេ​។​

​លោក​បណ្ឌិត អាន ពេជ្រ​ហត្ថ​ដា នាយក​ប្រតិបត្តិ​នៃ​លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​ទន្លេ មេគង្គ​(MRC)​បាន​អំពាវនាវ​ឱ្យ​ប្រទេស​តាម​ដង​ទន្លេមេគង្គ​ទាំង ៦ បង្កើន​ការចែករំលែក​ទិន្នន័យ និង​ព័ត៌មាន​អំពី​ប្រតិបត្តិការ​ទំនប់ និង​ហេដ្ឋារចនាសម្ព័ន្ធ​ទឹក​របស់​សា​ម៉ី​ប្រទេស ជាមួយនឹង MRC ឱ្យបាន​រហ័ស និង​ប្រកបដោយ​តម្លាភាព​។ លោក​បណ្ឌិត​បានបញ្ជាក់​ថា “​វា​ដល់ពេល​ហើយ ដែល​ប្រទេស​ទាំងអស់ ត្រូវ​អនុវត្តន៍​នូវ​អ្វីដែល​ខ្លួន​បាន​អះអាង និង​ធ្វើ​សកម្មភាព​ដើម្បី​ប្រយោជន៍​រួម​សម្រាប់​អាង​ទន្លេមេគង្គ​ទាំងមូល និង​សម្រាប់​សហគមន៍​ដែល​រង​ផលប៉ះពាល់​”​។​

​បើតាម​របាយការណ៍រ​បស់ MRC បាន​បង្ហាញថា លំហូរ​ទាប​នាពេល​បច្ចុប្បន្ន​អាច​នឹង​ជះឥទ្ធិពល​ធ្ងន់ធ្ងរ​លើ​ប្រទេស​កម្ពុជា ដោយសារ​ការបាត់បង់​នូវ​សក្តានុពល​ជលផល និង​ធារាសាស្ត្រ​។ ប្រទេស​វៀតណាម អាច​នឹង​ជួបប្រទះ​ការកាត់បន្ថយ​ផលិតកម្ម​ស្រូវ​លើដី​សណ្ត ហើយ​ផលិតផល​កសិកម្ម​ក្នុងប្រទេស​ឡាវ និង​ថៃ ក៏​អាច​នឹងរង​ផលប៉ះពាល់​ផងដែរ​។ ក្រៅពីនេះ អតុល្យភាព​បែប​អេកូឡូស៊ី​អាច​នឹង​កើតមាន​ដោយសារ​បម្រែបម្រួល​ខ្លាំង​នៃ​ការ​កំណត់ពេល ថិរៈវេលា និង​វិសាលភាព​នៃ​ការ​ជន់​លិច​ក្នុង​បឹង​ទន្លេសាប និង​តំបន់​លិច​ទឹក​ជុំវិញ​បឹង​នេះ​។ ស្ថានភាព​បែបនេះ​អាច​នឹង​ធ្វើឱ្យ​ការបន្ត​ពូជ​ត្រី​ថយចុះ ដោយសារ​ការបាត់បង់​នូវ​តំបន់​លូតលាស់​នានា ដែល​ជ​ប៉ះពាល់​ដល់​ការលូតលាស់​នៃ​មច្ឆា សត្វ និង​រុក្ខជាតិ​ក្នុង​ទឹក​ដទៃទៀត​។ គេ​ព្យាក​ណ៍​ថា ការធ្លាក់ចុះ​នៃ​ទិន្នផល​ត្រី​អាច​នឹង​កើតមានឡើង​ដែល​បញ្ហា​នេះ​នឹង​គំរាមកំហែង​ដល់​សន្តិសុខ​ស្បៀង​សម្រាប់​សហគមន៍​ដែល​ងាយ​រងគ្រោះ​បំផុត​នៅក្នុង​តំបន់​។​

​សូមបញ្ជាក់ថា បឹង​ទន្លេសាប គឺជា​បឹង​ទឹកសាប​ធំជាងគេ និង​មាន​ផលិតភាព​ខ្ពស់បំផុត​នៅក្នុង​អាស៊ី​អ​គ្នេ​យ៍​។ បឹង​នេះ​ត្រូវបាន​ចាត់ទុកជា​ទីជម្រក​ជីវចម្រុះ​មួយ​ក្នុង​ពិភពលោក និង​ជា​រោងចក្រ​ត្រី​ដ៏​សំខាន់​របស់​ទន្លេមេគង្គ​។ ជាទូទៅ លំហូរ​ត្រឡប់​ចូល​បឹង​ពី​ទន្លេមេគង្គ កើតមាន​ចាប់ពី​ពាក់កណ្តាល​ខែឧសភា ដល់​ពាក់កណ្តាល​ខែតុលា ដែលមាន​រយៈពេល ១២០ ថ្ងៃជា​មធ្យម​។ ប៉ុន្តែ​នៅ​ឆ្នាំនេះ លំហូរ​ត្រឡប់​នៅក្នុង​បរិមាណ​ប្រក្រតី​នៅ​មិនទាន់​កើតមាន​ទេ បើទោះបី​ជាមាន​លំហូរ​បរិមាណ​តិច​បំផុត​ពីរដង​នៅក្នុង​ខែកក្កដា​ក្តី​។​

​លោក​បណ្ឌិត អាន ពេជ្រ​ហត្ថ​ដា បាន​លើកឡើងថា ប្រសិនបើ​កម្រិត​ទឹក​ក្នុងអំឡុង​រដូវ​ទឹកជំនន់​ឆ្នាំ​២០២០​នេះ មិនមាន​ភាពប្រសើរឡើង​គួរឱ្យកត់សម្គាល់​នោះទេ សូម​ស្នើឱ្យ​ប្រទេស​ជា​សមាជិក​របស់ MRC ដែល​រួមមាន​ប្រទេស​កម្ពុជា ឡាវ ថៃ និង​វៀតណាម​ពិចារណា​ផ្តល់ព័ត៌មាន​ណែនាំ​ដល់​អ្នកប្រើប្រាស់​ទឹក និង​ប្រតិបត្តិ​ករ​តា​មដង​ទន្លេ​អំពី​ស្ថានភាព​នេះ ដើម្បី​ធានាថា ការប្រើប្រាស់​ទឹក​ត្រូវបាន​គ្រប់គ្រង​ដោយ​យកចិត្តទុកដាក់​ខ្ពស់​។ លោក​បណ្ឌិត​បន្ដថា ប្រទេស​ទាំងនេះ គួរតែ​ស្វែងរក​នូវ​ប្រភពទឹក​ជំនួស​ផ្សេងទៀត ដើម្បី​ធានាឱ្យមាន​ការផ្គត់ផ្គង់​ទឹក​គ្រប់គ្រាន់​។ លោក​បណ្ឌិត​បាន​បន្ថែម​ថា ប្រទេស​ជា​សមាជិក គួរតែ​សំណូមពរ​ដល់​ប្រតិបត្តិ​ករ​ទំនប់​វា​រី​អគ្គិសនី និង​ប្រតិ​ប​តិ្ត​ករ​ធារាសាស្ត្រ ឱ្យ​កែសម្រួល ប្រតិបត្តិការ​រយៈពេល​ខ្លី​របស់​ពួកគេ និង​ធ្វើការ​តាមដាន​លើ​សំណឹក​តាម​ច្រាំង​ដែល​ច​អាច កើតមាន​។ ជាមួយគ្នានេះ ក្នុង​របាយការណ៍​ក៏បាន​លើកឡើង​ដែរ​ថា ប្រសិនបើ​លំហូរ​ទាប​នៅតែ​បន្ត ប្រទេស​ទាំង​បួន គួរតែ​ពិចារណា​សំណូមពរ​ឱ្យ​ប្រទេស​ចិន​បង្ហូរ​“​ទឹក​បន្ថែម​” ដូចដែល​បាន​អនុវត្តន៍​នៅ​ឆ្នាំ ២០១៦ ដើម្បី​ជួយ​សម្រាល​ស្ថានភាព​ក្នុង​អាង​ទន្លេមេគង្គ​ក្រោម ជាពិសេស​ក្នុងអំឡុង​រដូវប្រាំង​ខាងមុខនេះ​។​

​យោងតាម​របាយការណ៍​របស់ MRC ដែល​ការព្យាករណ៍​របប​ទឹកភ្លៀង​សម្រាប់​រយៈពេល​ចុងក្រោយ​នៃ​រដូវវស្សា​ឆ្នាំ​២០២០ នេះ មាន​ភាពខុសៗ​គ្នា ការប៉ាន់ស្មាន​ជាទូទៅ​គឺថា បរិមាណ​ភ្លៀង​ធ្លាក់​ក្នុង​ខែសីហា និង​កញ្ញា អាច​នឹងមាន​បរិមាណ​ច្រើនជាង​ធម្មតា ហើយ​ចំនួន​នេះ​នឹងត្រូវ​ធ្លាក់ចុះ​ក្នុង​ខែតុលា​។ ទន្ទឹមនេះ ដោយមាន​ការព្យាករណ៍​ទុក​ថា​បរិយាកាស​សម្ពាធ​ទាប ព្យុះ​ស៊ីក្លូន ឫ​ព្យុះ​ផ្សេងៗ​ទៀត អាច​នឹង​កើតឡើង​ក្នុង​ខែសីហា និង​កញ្ញា របាយការណ៍​នេះ​បាន​បន្ថែមថា លំហូរ​ត្រឡប់​ចូល​បឹង​ទន្លេសាប អាច​នឹង​កើតមាន​នៅពេលនេះ ដោយ​លើក​នេះ​គេ​រំពឹងថា នឹងមាន​បរិមាណ​ទឹក​ច្រើនជាង​លើក​មុន​។ បើតាម​ទិន្នន័យ​តាមដាន​កម្រិត​ទឹក​ពី MRC នៅថ្ងៃនេះ បាន​បង្ហាញថា ជារួម​កម្រិត​ទឹក​នៅ​ទូទាំង​អាង​ទន្លេមេគង្គ​ក្រោម​បាន​កើនឡើង ហើយ​និន្នាការ​នេះ ត្រូវបាន​គេ​ប៉ាន់​ស្មានថា នឹង​បន្ត​រហូតដល់​សប្តាហ៍​ក្រោយ​៕​

អត្ថបទដែលជាប់ទាក់ទង